Honda នឹងបញ្ចេញរថយន្តអគ្គិសនីធុនតូចនៅអឺរ៉ុបឆ្នាំ ២០១៩

  • 2017-09-13 13:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda និយាយថា ខ្លួននឹងបង្ហាញរថយន្តអគ្គីសនីធុនតូចនៅអឺរ៉ុបក្នុងរយៈពេលពីរឆ្នាំទៀតខណៈពេលបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាពីបច្ចេកវិទ្យានិងការឌីហ្សាញក្នុងគម្រោងឈ្មោះថា Urban EV concept នៅឡើយ ។

នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនជប៉ុន Honda លោក Takahiro Hachigo និយាយថា នេះមិនមែនជាចក្ខុវិស័យនៃអនាគតដ៏ឆ្ងាយនោះទេពោលគឺសង្វាក់ផលិតកម្មនៃរថយន្តអគ្គសនីនេះនឹងមាននៅអឺរ៉ុបឆ្នាំ ២០១៩ ។ ដោយឡែកប្រធាន Honda ប្រចាំនៅអឺរ៉ុបលោក Philip Ross និយាយថា រថយន្តអគ្គិសនីនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អឺរ៉ុប ប៉ុន្តែវាក៏នឹងត្រូវបានលក់ទៅកាន់ពិភពលោកដែរ ។

រថយន្តអគ្គសនីធុនតូច Urban EV ត្រូវបានរចនាឡើងដើម្បីទាក់ទាញអតិថិជននៅអឺរ៉ុបជាមួយនឹងកង់រថយន្តធំ ផ្ទៃខាងក្នុងធំទូលាយ រូបរាងខាងក្រៅបែបស្ព័រ និងការច្នៃប្រឌិតខ្ពស់ដូចជាការបង្កប់កាមេរ៉ាក្នុងកញ្ចក់រថយន្តជាដើម ។ លោកបន្តថា បច្ចេកវិទ្យាកម្រិតខ្ពស់ និងរូបរាងស្ព័ររបស់វាគឺជាចំណុចពិសេសរបស់យើងសម្រាប់ទីផ្សារអឺរ៉ុបហើយ បើសិនជាយើងផលិតរថយន្តដ៏អស្ចារ្យសម្រាប់អឺរ៉ុបបាននោះយើងនឹងអាចរកចំណែកទីផ្សារនៅបណ្តាប្រទេសផ្សេងទៀតបានយ៉ាងស្រួលដោយរំពឹងថា ការលក់របស់ Urban EV មានចំនួន ៤% ទៅ៥% នៃទីផ្សារសរុបក្នុងអឺរ៉ុបនៅឆ្នាំ ២០១៩ ។

ទន្ទឹមគ្នានេះដែរក្រុមហ៊ុន Honda ចង់មានបច្ចេកវិទ្យាអេឡិចត្រូនិក២ភាគ៣នៃការលក់រថយន្តថ្មីទូទាំងពិភពលោកនៅឆ្នាំ ២០៣០ ហើយនៅអឺរ៉ុបដែលកំពុងទទួលរងសម្ពាធរឿងការបំភាយជាតិពុលតិច និងមានរថយន្តបញ្ចេញជាតិពុលតិចត្រូវបានកំណត់គោលដៅនៅឆ្នាំ ២០២៥។ ទស្សនវិស័យនេះក៍ដោយសារតែក្រុមហ៊ុនចាប់អារម្មណ៍ខ្លាំងលើរថយន្តអគ្គិសនី និង hybrid ។

ក្រុមហ៊ុន Honda និយាយថា រថយន្ត Urban EV នឹងត្រូវបានផលិតផ្អែកលើរចនាសម្ព័ន្ធថ្មី និងកំណត់ទិសដៅសម្រាប់បច្ចេកវិទ្យា និងការឌីហ្សាញដែលនឹងលេចរូបរាងលើម៉ូឌែលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុននាពេលអនាគត ។ រថយន្តនេះនឹងមានទំហំតូចជាងរថយន្ត Jazz បច្ចុប្បន្ន ទៅទៀតតែវាមានការរចនាពិសេសដូចជាអេក្រង់វែងមួយប្រៀបដូចជាផ្ទាំងក្តារ និងអេក្រង់តូចៗពីរផ្សេងទៀតជាប់នឹងទ្វាររថយន្តដែលបង្ហាញពីទិដ្ឋភាពខាងក្រោយចេញពីកាមេរ៉ាបង្កប់ពីរ ៕

ប្រភព៖ Euro News   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី