“មន្ត​ស្នេហ៍​លេខា​" បញ្ចាំង​នៅ​រោង​កុន​​មិន​ឲ្យ​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ​ចូល​ទស្សនា

  • 2017-09-14 05:13:58
  • ចំនួនមតិ

ចន្លោះមិនឃើញ

បន្ទាប់​ពី​ខ្សែ​ភាព​យន្ត​ភាគ​រឿង​​ "មន្ត​ស្នេហ៍​លេខា​" បញ្ចាំង​ចប់​នៅ​ទូរទស្សន៍​ទូរទស្សន៍​ PNN កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​ ឥឡូវ​ខ្សែ​ភាព​យន្ត​ភាគ​មួយ​នេះ​បាន​ដាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ តែ​មិន​​អនុញ្ញាត​ឲ្យ​ក្មេង​ក្រោម​អាយុ​១៥ ឆ្នាំ​ចូល​ទស្សនា​នោះ​ទេ​។

ក្នុង​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​​រឿង​ "មន្ត​ស្នេហ៍​លេខា​" ​នៅ​រោង​ភាព​យន្ត​ Major Cineplex By Cellcard ផ្សារ​ទំនើប​ AEON ​កាល​ពី​យប់​មិញ​ លោក អ៊ិន សុភិន អគ្គនាយក​ផលិត​កម្ម​មហា​ហង្ស​បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​តែ​រឿង​ "មន្ត​ស្នេហ៍​លេខា" មាន​ឈុត​ឆាក​ក្ដៅ​រោល​រាល​ ឱប​ថើប​ព្រឺ​ព្រួច​ច្រើន​ ខុស​ពី​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ទើប​ខាង​ នាយកដ្ឋាន​​ភាពយន្ត​​មិន​អនុញ្ញាត​ឲ្យ​ក្មេង​ក្រោម​អាយុ​១៥ ឆ្នាំ​ចូល​ទស្សនា។

អគ្គនាយក​រូប​នេះ​ថ្លែង​ថា​៖​" ​ដោយ​សារ​តែ​រឿង​ "មន្ត​ស្នេហ៍​លេខា" ​មាន​អ្នក​គាំ​ទ្រ​​យ៉ាង​ច្រើន​លើស​លុប​​ខណៈ​ពេល​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN ​អ៊ីចឹង​ហើយ​យើង​ក៏​បាន​រៀប​ចំ​ធ្វើ​ ជា​ភាព​យន្ត​ខ្នាត​ធំ​ដើម្បី​ដាក់​បញ្ចាំង​នៅ​រោង​កុន​ ។ បាទ​ចំពោះ​ការ​ចាក់​បញ្ចាំង​នៅ​រោង​កុន​នេះ​មាន​ឈុត​ឆាក​ ឱប​ថើប​ច្រើន​ជាង​បញ្ចាំង​នៅ​ទូរទស្សន៍​"។

គួរ​បញ្ជាក់​ថា​រឿង​ "មន្ត​ស្នេហ៍​លេខា​" ​ដែល​សម្បូរ​ទៅ​ដោយ​ឈុត​ឆាក​ក្ដៅ​រោល​រាល​ច្រើន​ ចូល​រួម​សម្ដែង​ដោយ​ លោក យឹម សម្បត្តិ​ អ្នកនាង ភិន សុដាលីស ម៉ៅ គីមធីតា ហង្ស សម្បើម​សក្តិ​ និង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត​ នឹង​​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៨ ខែ កញ្ញា ឆ្នាំ ២០១៧ ខាង​មុខ​នេះ​ហើយ​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជធានី​ភ្នំពេញ​៕​​​​​​​​​​​​​


អត្ថបទ៖ ឆុង ស៊ីណាន