៧ ចំណុច​ត្រូវ​​ប្រុង​ប្រយ័ត្ន​បំផុត ពេល​ទៅ​វត្ត​ កុំ​ឱ្យ​ធ្វើ​បុណ្យ​បាន​ទឹក​ភ្នែក

  • 2017-09-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស បាន​ឈប់​សម្រាក​ពី​ការងារ ដើម្បី​ទៅ​ស្រុក​កំណើត​ជួប​ជុំ​គ្រួសារ​ធ្វើ​បុណ្យ​ជុំ​គ្នា។ ដូច្នេះ​ហើយ​នៅ​តាម​វត្ត​អារាម​នានា ប្រាកដ​ជា​មនុស្ស​សម្រុក​ទៅ​ធ្វើ​បុណ្យ​ច្រើន​ លើស​ពី​ថ្ងៃ​កាន់​បិណ្ឌ​ធម្មតា។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​ៗ​បំផុត​ពេល​តៅ​វត្ត​ក្នុង​ថ្ងៃ​ភ្ជុំ​ធំ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​បញ្ហា​ពេល​ធ្វើ​បុណ្យ​ទាន៖

១. ស្បែក​ជើង ក្នុង​ថ្ងៃ​ភ្ជុំ​ធំ៖ អាច​មាន​ជន​ខិល​ខូច ឆ្លៀត​ឱកាស​ចេញ​រកស៊ី​តាម​វត្ត។ ជា​ពិសេស​ស្បែក​ជើង​ថ្លៃៗ បើ​អាច​កុំ​អង្គុយ​កន្លែង​ណា​ឆ្ងាយ​ពី​ស្បែក​ជើង​ពេក ហើយ​ក៏​មិន​គួរ​ទុក​ចោល​រាប់​ម៉ោង​ដែរ។

២. ទូរសព្ទ និង​កាបូប​លុយ៖ ក្នុង​១​ឆ្នាំ​មិន​ដែល​ថា​អត់​មាន​ករណី​បាត់​ទូរសព្ទ និង​កាបូប​លុយ​ក្នុង​វត្ត​ទេ មាន​ពុទ្ធបរិស័ទ​ខ្លះ ឱ្យ​តា​អាចារ្យ​ប្រកាស​រក​ពេញ​វត្ត​ក៏​មាន​ដែរ។ ភាគ​ច្រើន ពុទ្ធបរិស័ទ តែង​ភ្លេច​នៅ​កន្លែង​អុជ​ធូប ឫ​ពេល​វេរ​ចង្ហាន់​ជូន​ព្រះសង្ឃ ពេល​ក្រោក​មក​វិញ ចោល​ទួរសព្ទ ឫ​កាបូប​លុយ។ ជា​ពិសេស​ពេល​ធ្វើ​ដំណើរ​ទៅ​វត្ត​ស្រី​ៗ​ចូល​ចិត្ត​ស្ពាយ​កាបូប​ចំហៀង ប្រយ័ត្ន​ចោរ​ឃើញ​ទ្រាំ​មិន​បាន។

៣. កុំ​ចត​ម៉ូតូ​ចោល​ផ្ដេសផ្ដាស៖ ចោរ​មិន​ចេះ​គិត​បាប​បុណ្យ​ ក្នុង​វត្ត​អ្វី​នោះ​ទេ  ឱ្យ​តែ​មាន​ឱកាស គឺ​ដឹង​តែ​លួច​ហើយ។ ដូច្នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ទុក​ម៉ូតូ​ចោល ត្រូវ​រក​កន្លែង​ចត​ឱ្យ​បាន​ត្រឹមត្រូវ។

៤. ប្រយ័ត្ន​អាហារ​មួយ​ចំនួន​កំពប់​លើ​បោក​មិន​ជ្រះ៖ នារី​ខ្មែរ​ភាគ​ច្រើន​តែង​ស្លៀក​ហូល​ផាមួង ទៅ​វត្ត ហើយ​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃៗ។ ដូច្នេះ​ហើយ​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែន​ទែន ដូចជា​សម្ល​គីរី ឫ​សម្ល​មាន​ខ្លាញ់​ច្រើន កុំ​ឱ្យ​កំពប់​លើ​ខ្លួន​ឯង ឫ​លើ​គេ​ប្រយ័ត្ន​យំ​ស្ដាយ​សំលៀក​បំពាក់។​

៥. ចាន​ស្រាក់៖ ជា​ធម្មតា ពេល​ទៅ​វត្ត​ តែង​មាន​ចាន​ស្រាក់​ដើម្បី​ដាក់​ចង្ហាន់​ជូន​ព្រះសង្ឃ។ ដូច្នេះ​ត្រូវ​ចំណាំ​ចាន​ស្រាក់​ខ្លួន​ឯង​ឱ្យ​ច្បាស់ ប្រយ័ត្ន​ច្រឡំ​ចាន​ស្រាក់​អ្នក​ដទៃ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ដោយសារ​ចាន​ស្រាក់​នេះ។

៦. ប្រយ័ត្ន​រឿង​ធូប​ទៀន៖ ជា​ធម្មតា​ក្នុង​ថ្ងៃ​ភ្ជុំ​ធំ​មាន​មនុស្ស​ម្នា​ទៅ​វត្ត​ច្រើន​ណាស់។ ដូច្នេះ​ពេល​យក​ធូប​ទៅ​ដោត​ប្រយ័ត្ន​ប៉ះ​គេ​ប៉ះ​ឯង ហើយ​ប្រយ័ត្ន​ធ្លាក់​កម្ទេច​ធូប​លើ​សំលៀក​បំពាក់​​ ព្រោះ​អាច​ធ្លុះ​បាន។

៧. ប្រយ័ត្ន​វង្វេង​ក្មេង៖ ឪពុក​ម្ដាយ​មាន​កូន​តូចៗ យក​ទៅ​វត្ត​ ត្រូវ​ប្រយ័ត្ន​ចំពោះ​កុមារ​តូច ព្រោះ​អាច​វង្វេង​បាន។ ជា​ពិសេស​ក្នុង​វត្ត​តែង​មាន​ស្រះ​ទឹក ប្រយ័ត្ន​ក្មេង​ទៅ​លេង​ទឹក​មិន​ដឹង។ ដូច​នេះ​សូម​កុំ​ធ្វេស​ប្រហែស​ឱ្យ​សោះ៕

​​

អត្ថបទ៖ វឌ្ឍនៈ