លោក លី ហាំង​សេង​ កែប្រែ​រណ្ដៅ​ដី ដើម្បី​​ចិញ្ចឹម​ត្រី ២​លាន​ក្បាល​

  • 2017-09-14 04:30:56
  • ចំនួនមតិ

ចន្លោះមិនឃើញ

​“​ខ្ញុំ​បាន​កែប្រែ​រណ្ដៅ​ដី​ ដែល​ជីក​រួច​ទៅ​ជា​ស្រះ​ធំៗ​ចំនួន​៨ សម្រាប់​ចិញ្ចឹម​ត្រី​ប្រមាណ ២​លាន​ក្បាល”។ នេះ​ជា​ការ​ឲ្យដឹង​របស់​លោក លី ហាំង​សេង អ្នក​វិនិយោគ​ផ្នែក​ផ្គត់​ផ្គង់​គ្រឿង​សំ​ណង់​ផង និង​ផ្នែក​កសិកម្ម​ផង​។

អ្នក​វិនិយោគ​រស់នៅ​ខេត្ត​សៀមរាប​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា លោក​បាន​ចាប់ផ្ដើម​បោះ​ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ផ្នែក​ចិញ្ចឹម​ត្រី​ទើបតែ​រយៈពេល​ជាង ១​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ចំណាយ​អស់​ទុន​សរុប​ជាង ១​លាន​ដុល្លារ​អាមេរិក។ មូលហេតុ​ដែល​លោក​សម្រេចចិត្ត​វិនិយោគ​លើ​ការ​ចិញ្ចឹម​ត្រី ដោយសារតែ​លោក​សម្លឹង​មើល​ឃើញ​ពី​សក្ដានុពល​នៃ​ការ​ចិញ្ចឹម​ត្រី​ពី​ប្រទេសជិតខាង​ជាក់ស្ដែង ​ដូចជា​ ប្រទេស​ថៃ និង​វៀតណាម​ជាដើម​។ ចំពោះ​បច្ចេកទេស​ចិញ្ចឹម​ទៀ​ត​សោត គឺ​លោក​បាន​រៀន​ពី​ប្រទេស​វៀតណាម។ ​

បច្ចុប្បន្ន​ត្រី​ដែល​ លោក លី ហាំង​សេង ចិញ្ចឹម​មាន​ចំ​នួន ៦​ប្រភេទ ដូចជា​ ត្រី​ឆ្ដោ ត្រី​រ៉ស់ ត្រី​ប្រា ត្រី​ពោធិ៍ ត្រី​ឆ្ពិន និង​ត្រី​ឡាបយ៉ា​ក្រហម​។ ក្នុង​មួយថ្ងៃ​លោក​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​ដុល្លារ​អាមេរិក​ទៅលើ​ការ​ផ្គត់​ផ្គង់​ត្រី​ និង​បុគ្គលិក​ថែទាំ។

លោក លី ហាំងសេង

លោក​បញ្ជាក់​ថា តាម​ពិត​ទៅ​ត្រី​ទាំង​នេះ​អាច​ប្រមូល​ផល​បាន​ហើយ ប៉ុន្តែ​លោក​មិនទាន់​អាច​លក់​បាន​ដោយសារតែ​តម្លៃ​ត្រី​នៅ​ទីផ្សារ​នៅ​ទាប​ពេក ជាពិសេស​ គឺ​ការ​ប្រកួតប្រជែង​ជាមួយ​នឹង​ត្រី​ដែល​នាំចូល​ពី​ប្រទេសជិតខាង​តែម្ដង​។ បើ​ប្រៀបធៀប តម្លៃ​នៃ​ការ​លក់​ចេញ និង​ថ្លៃដើម​ដែល​បាន​ចំណាយ លោក​ថា​គឺ​មាន​ខាតបង់​យ៉ាង​ច្រើន។ ​

លោក លី ហាំង​សេង មាន​ផ្ទៃដី​សរុប​ចំនួន ២៤​ហិកតារ ក្នុង​នោះ ១៦​ហិកតារ​សម្រាប់​វិនិយោគ លើ​ការ​ចិ​ញ្ចឹ​ម​ត្រី។ កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់​លោក​មាន​ទីតាំង​នៅ​ភូមិ​ក្រសាំង សង្កាត់​ស្វាយ​ដង្គុំ ក្រុង​-​ខេត្ត​សៀមរាប​។ លោក​បង្ហាញ​ពី​គម្រោង​សម្រាប់ ថ្ងៃ​អនាគត​ថា លោក​នឹង​អភិវឌ្ឍន៍​ដី​នេះ​ទៅ​ជា​កន្លែង​កម្សាន្ត​ដែល​មាន​កន្លែង​ស្នាក់នៅ ភោជនីយដ្ឋាន និង​កន្លែង​សម្រាក​លំហែ​កាយ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ នៅ​ពេល​ខាង​មុខ ដោយ​ត្រូវ​ចំណាយ​ទុន​សរុប​ចន្លោះ​ពី ៦ ទៅ ៨​លាន​ដុល្លារ​អាមេរិក​ផង​ដែរ៕

ទស្សនាវីដេអូ


អត្ថបទ៖ រស់ សុជាតិ