មក​ស្គាល់​វត្ត​អត្តខាត់​មួយ​នៅ​ពោធិ៍សាត់ គួរ​ទៅ​នៅ​រដូវភ្ជុំនេះ

  • 2017-09-14 07:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌនេះប្រ​ហែលជាមាន​វត្ត​ជា​ច្រើន​មាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់ទៅ​ប្រគេន​ព្រះ​សង្ឃ​បាន​យ៉ាង​សម​គួរ។ ខុសពី​វត្ត​ទាំងនេះ វត្ត​មួយ​ក្នុ​ងស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់ មិន​មាន​ពុទ្ធបរិស័ទ​ច្រើន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ដែល​គង់​នៅ​វត្ត​នោះទេ ដោយ​ពុទ្ធបរិស័ទនៅ​ជិត​វត្ត​នោះ​មាន​ជីវ​ភាព​ក្រីក្រ និងម្យ៉ាង​វត្ត​នេះ​ក៏​នៅ​ដាច់​ស្រយាល​ផង​ដែរ។

(ខ្លោង​ទ្វារចូល​វត្ត​បុរេល្អាង​១២)

​វត្ត​បុរេល្អាង១២ ស្ថិត​នៅ​ក្នុង​ភូមិ​រំលេច ឃុំ​ក្រពើពីរ ស្រុក​វាល​វែង និង​មាន​ចំងាយ​ជាង​៨០គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ពោធិ៍សាត់។ ​វត្ត​នេះមិន​នៅ​ជាប់​ផ្លូវ​កៅស៊ូ​នោះទេពោល​គឺ​ចុះ​ពី​ផ្លូវ​នេះ​ទៅតាម​បណ្តោយ​ផ្លូវ​លំ​ប្រហែលជា​ប្រាំគីឡូម៉ែត្រ​ទៀត​ទើប​ដល់។ អ្នក​ស្រុក​នៅទី​នោះ​ថា​ផ្លូវ​ចូល​វត្ត​លំបាក​ធ្វើ​ដំណើរ​ ដែល​ជាហេតុ​មិន​សូវមាន​អ្នក​ពីចម្ងាយ​​ទៅ​កាន់​វត្ត​មួយ​នេះ​។

អ្នកស្រី សោម សុភាព ជា​គ្រូ​បង្រៀន​ម្នាក់​នៅ​ក្នុង​មូល​ដ្ឋាន​ខាង​លើ​ប្រាប់​ Sabay តាម​ទូរស័ព្ទ​នៅ​ខណៈដែល​​អ្នកស្រី​ កំពុង​មក​រៀន​វគ្គ​បណ្តុះបណ្តល​នៅ​ខេត្ត​បាត់​ដំបង​ថា​ វត្ត​បុរេល្អាង១២​នេះ​កសាង​នៅ​ឆ្នាំ​២០១១។ អ្នកស្រី​ឲ្យ​ដឹងថា​​ព្រះ​សង្ឃនៅ​វត្ត​នេះ​មាន​ចំនួន​បួន​អង្គ ហើយ​ថា​វត្តនេះ​មិន​មាន​កុដ្ឋ ឬវិហារ​ធ្វើអំពី​ឥដ្ឋ​ដូច​វត្ត​ដទៃនោះទេ ពោល​គឺមាន​តែ​សាលា​ឆាន់ធ្វើ​អំពី​ឈើ​មួយ​ប៉ុណ្ណោះ។

(សាលាឆាន់​ធ្វើអំពី​ឈើរបស់​វត្ត​បុរេ​ល្អាង១២)

អ្នកស្រី​បន្តថា អ្នកស្រី និង​ពុទ្ធបរិស័ទ​ដទៃ​ទៀត​មានជីវភាព​មិន​សូវ​ធូរធា​នោះទេ​ដែល​ថា​​មិន​អាច​ជួយ​ផ្គត់​ផ្គង់​ចង្ហាន់​ដល់ព្រះ​សង្ឃ​ឲ្យ​បាន​គ្រប់គ្រាន់។ «ពុទ្ធបរិស័ទ​សុទ្ធតែ​ក្រីក្រ យើង​យក​ចង្ហាន់ទៅ​ដែរ​តែ​តិចតួច...យើង​នាំគ្នា​ជួយ​កសាង​សាលា​ឆាន់ពី​ឈើ និង​កំពុង​កសាង​កុដ្ឋ​នៅ​ក្រោយ​សាលា​ឆាន់​ពីឈើ​មួយ​ដែរ​ដើម្បី​ឲ្យ​ព្រះសង្ឃ​គង់»។ អ្នកស្រី​បន្ថែម។

អ្នកស្រី​ឲ្យ​ដឹងទៀតថា ដោយ​សាវត្តនេះ​ស្ថិត​នៅ​ឆ្ងា​យ​ពី​ផ្លូវ​កៅស៊ូ និង​ផ្លូវ​ដែល​​ចូល​វត្ត​ពិបាក​ផង​ទើប​ធ្វើ​ឲ្យ​អ្នកពី​ចម្ងាយ​មិន​ងាយនឹងទៅ​កាន់​វត្តនេះ។ «ធ្លាប់មាន​ដែរ​អ្នក​ខេត្ត អ្នក​អីគេ​មក​ជួយ គេ​ជួយ​ទិញ​ម៉ាស៊ីន​ភ្លើងទិញ​អីដែរ...​តែមិន​សូវមានមក​ទេ»។ អ្នកស្រីបញ្ជាក់។​

ចំណែក​​លោក ផេង ផាណូ ជាបុគ្គលិកក្រុម​ហ៊ុន​មួយ​នៅ​ភ្នំពេញ និងបាន​ទៅ​កាន់​វត្ត​នោះ​​កាលពី​សប្តាហ៍​មុន​ប្រាប់ Sabay ដែរថា​ថ្ងៃដែល​លោក​ទៅ​ដល់​វត្ត​នោះ ព្រះ​សង្ឃប្រាប់​ថា​វត្ត​គ្មាន​ចង្ហាន់ទេ។ លោក​ថា​ព្រះ​សង្ឃបញ្ជាក់ថា​យូរ​ៗម្តង​ព្រះ​សង្ឃ​ដាច់​ចង្ហាន់​តែ​ម្តង ដោយ​ហេតុ​ថា​ពុទ្ធបរិស័ទ​សុទ្ធ​សឹង​ជា​អ្នកក្រីក្រ​មិន​អាច​ផ្គត់ផ្គង់​ចង្ហាន់ទៀងទាន់​នោះទេ​បើ​ទោះ​បី​ជា​ពេល​នេះ​រដូវ​បុណ្យ​ភ្ជុំ​ក៏ដោយ។

(ព្រះ​គ្រូចៅអធិការ​កំពុង​គង់នៅ​លើ​សាលា​ឆាន់)

ដោយ​មាន​ម្តាយ​ក្មេក​នៅ​ទី​នោះស្រាប់​ផង លោក ផាណូ ថា​នៅ​ចុង​សប្តាន៍នេះ​លោក​នឹង​ទៅ​កាន់​វត្ត​នោះ​ម្តង​ទៀត ព្រមទាំងនាំ​យក​បច្ច័យ​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះ​សង្ឃ​នៅ​ទីនោះ​ផង។​ «​វត្ត​ហ្នឹង​ខ្សត់​ខ្សោយ...ខ្ញុំ​បាន​រ៉ៃអង្គាស​(បច្ច័យ)បាន​ខ្លះដែរ ​ថ្ងៃ​សៅរ៍​ហ្នឹង​ខ្ញុំ​ទៅ​(ម្តងទៀត)»។

បើ​តាម​អ្នក​ស្រី សោម សុភាព វត្ត​ល្អាង១២ នេះ​ថ្វីត្បិត​តែ​ខ្សត់ខ្សោយ​មែន តែ​ថា​វត្តនេះ​មាន​កន្លែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​គឺមាន​ល្អាង​ភ្នំរហូត​ដល់​១២​ល្អាង និង​ថា​អ្នក​ដែល​ទៅ​វត្ត​នោះ​តែង​តែចូល​លេង​ល្អាងទាំងនោះ។ «ក្នុង​ល្អាង​ហ្នឹង​ងងឹត ពេល​បំភ្លឺ​ពិល​ទៅ​ឃើញ​ថា​នៅ​ជ្រៅ​ទៀត...មាន​ថ្មរូប​រាង​ដូច​រូប​ត្រី រូបអី...​អ្នក​មក​មើល​សរសើរ​ថា​ស្អាត»។

Sabay មិន​អាច​ទាក់ទង​ទៅ​កាន់​ព្រះ​សង្ឃ​នៅ​វត្ត​បុរេ​ល្អាង​១២ បានទេ ដោយ​នៅ​វត្ត​នោះស្ថិត​ក្នុង​តំបន់​ដែល​ពុំ​សូវ​មាន​សេវ៉ាទូរស័ព្ទ៕

អត្ថបទ៖ ទូច សុខា

រូបភាព៖ ផាណូ