ស្ទើរមិនជឿ! សាស្ត្រាចារ្យ ​ព្រឿង ឈៀង រួច​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហម​ព្រោះ​តែភាពស្មោះត្រង់

  • 2017-09-14 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​មិន​តិច​ទេ ដែល​បាន​ស្លាប់ ​និង​បាត់​សាច់ញាតិ​របស់​ខ្លួន​ក្នុង​សម័យ​ខ្មែរ​ក្រហម ហើយ​អ្នក​ដែល​ប្រឈម​មុខ​គ្រោះ​ថ្នាក់​បំផុត​នៅ​សម័យ​នោះ​គឺ មន្ត្រី​រដ្ឋការ​ អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​និស្សិត​បញ្ញវន្ត​ជា​ដើម។ ដូច្នេះ​លោកសាស្ត្រាចារ្យ ព្រឿង ឈៀង ក៏​ជា​មុខ​សញ្ញា ដែល​គេ​ត្រូវ​ជីក​ស្មៅ​ជីក​ទាំង​ឬស​ដែរ។

មាន​ជី​ដូន​ជា​គ្រូ​បង្ហាត់​របាំ​នៅ​ក្នុង​ព្រះ​រាជវាំង ឪពុក​ជា​អ្នក​ជំនួញ និង​ម្ដាយ​ជា​លេខា​ នៅ​ទីស្ដីការ​នាយក​រដ្ឋ​មន្ត្រី​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម ហើយ​លោក​ជា​និស្សិត​សិក្សា​ក្រៅ​ប្រទេស​ផង និង​ជា​សិល្បករ​ផង​នោះ ជា​មុខ​សញ្ញា​ដ៏​ធំ​ដែល​ត្រូវ​កម្ចាត់។

តួ​អង្គ​ព្រះ​វេស្សន្ដរ ក្នុង​រឿង​មហាវេស្សន្ដរជាតក រូប​នេះ បាន​ឱ្យ Sabay ដឹង​ថា កាល​ក្នុង​សម័យ​ខ្មែរ​ក្រហម​ លោក​បាន​រួច​ជីវិត​ដោយសារ​តែ​ភាព​ស្មោះ​ត្រង់​ហួស​ហេតុ​របស់​លោក។ «មិន​មែន​លោក​ត្រង់​ព្រោះ​ហេតុ​ចង់​រួច​ជីវិត​ទេ តែ​ត្រង់ ព្រោះ​លោក​មិន​បាន​ដឹង​ថា​របប​នេះ​ឃោរឃៅ ​និង​កាប់​សម្លាប់​មនុស្ស​អស់​ច្រើន​កម្រិត​ណា» លោក ព្រឿង ឈាង បញ្ជាក់។

លោក ព្រឿង ឈាង សម្តែងជាតួព្រះវេស្សន្តរ

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​កូរ៉េខាងជើង​ផ្នែក​ដំឡើង​របាំ​ លោក​បាន​មក​ស្រុក​ខ្មែរ​វិញ​ក្នុង​អំឡុង​ឆ្នាំ ១៩៧៨ ចំ​របប​ខ្មែរក្រហម។ កម្មាភិបាល​ខ្មែរ​ក្រហម​បាន​សួរ​ចាក់​ឬ​ចាក់​គុល​ពី​ប្រវត្តិ​របស់​លោក សិល្បករ​រូប​នេះ​បាន​រៀប​រាប់​ប្រាប់​ទាំង​អស់ ដោយ​មិន​លាក់​បាំង​សូម្បី​បន្តិច។

“ខ្ញុំ​គិត​ថា​វា​ជា​ព្រេង​សំណាង​របស់​ខ្ញុំ គេ​សួរ​ពី​ប្រវត្តិ​របស់​ខ្ញុំ ខ្ញុំ​ប្រាប់​ទាំង​អស់​អត់​លាក់​អី​បន្តិច​សោះ​ ចុះ​យើង​អត់​ដឹង​ថា​សភាព​ការ​ក្នុង​ប្រទេស​ម៉េចផង ទើប​មក​ពី​ក្រៅ​ប្រទេស។ គេ​យក​ចម្លើយ​ខ្ញុំ​ទៅ​ផ្ទៀង​នឹង​ឯកសារ​ដែល​ខ្ញុំ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស និង​ឯកសារ​មួយ​ចំនួន​ទៀត ដូច​គ្នា​ទាំង​អស់ ទូត​ប៉ុល ពត គេ​ថា​ប្រវត្តិរូប​មិត្ត​ឯង​ហ្នឹង ជីក​ស្មៅ​ត្រូវ​ជីក​ទាំង​ឬ តែ​មិត្ត​ឯង​ត្រង់ គេ​ក៏​ទុក​ឱ្យ​ខ្ញុំ​រស់”។

ត្បិត​បាន​រួច​ជីវិត​ពី​ការ​សួរ​ចម្លើយ​ក៏ដោយ តែ​តួ​ប្រុស​ក្នុង​រឿង "បង្គង​វល្លិ៍មាស" រូប​នេះមិន​ហ៊ាន​ប្រហែស​ខ្លួន​បន្តិច​ណា​ឡើយ ព្រោះ​ក្រុម ប៉ុល ពត តាម​ដាន​លោក​គ្រប់​ពេល​វេលា។ ជានិស្សិត​សិក្សា​ក្រៅ​ប្រទេស​ លោកមិន​ចេះ​ធ្វើ​ចម្ការ ឬ​កាប់​ដី​អ្វី​ទេ តែ​ក្រុម​ប៉ុល ពត ដែល​ស្រលាញ់​លោក​បាន​ប្រាប់​ថា ​មិត្ត​ឯង​គេ​ប្រើ​អី​ចេះ​តែ​ធ្វើ​ទៅ​ ចេះ​មិន​ចេះ​អី​កុំ​ប្រកែក​គិត​តែ​ខំ​ទៅ លោក​ក៏​ធ្វើ​តាម រហូត​គេ​មិន​អាច​ចាប់​កំហុស​បាន។

បន្ទាប់​ពី​បែក​​សម័យ​​ខ្មែរ​ក្រហម ថ្វីត្បិត​តែ​លោក ព្រឿង ឈៀង មាន​សំណាង​បាន​នៅរស់រានមាន​ជីវិតក្តី តែអកុសម្ដាយ​ឪពុក​លោក​បាន​ស្លាប់​ ហើយ​ក្នុង​ចំណោម​បង​ប្អូន​១៣​នាក់ ៧នាក់​បាន​ស្លាប់។

ក្រោយ​ពី​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​រួច​មក លោក ព្រឿង ឈៀង បាន​វិល​ចូល​សិល្បៈ​វិញ និង​បាន​ធ្វើ​ការ​ជា​មួយ​នឹង​សិល្បករ​ផ្សេង​ៗទៀត​ ដើម្បី​ប្រមូល​ផ្ដុំ​សិល្បករ​ឡើង​វិញ ហើយ​លោក​ក៏​បាន​បើក​សាលា​បង្រៀន​សិល្បៈ​ និង​ធ្វើ​ជា​គ្រូ​ចាប់​ពី​ពេល​នោះ​មក។

“បែក​ពី​សង្គ្រាម​ភ្លាម​ខ្ញុំ​អស់​សង្ឃឹម ខ្ញុំ​ថា​សិល្បៈ​គ្មាន​សង្ឃឹម​ទេ តែ​បាន​លោក​តា ឆេង ផុន ប្រជុំ​ពិភាក្សា​ជា​មួយ​សិល្បករ​ថា ធ្វើ​ម៉េចដើម្បី​បាន​ដឹង​ថា​អ្នក​សិល្បៈ​នៅ​ប៉ុន្មាន ដូច្នេះ​ក៏​ធ្វើ​មហោស្រព​សិល្បៈ​ទូទាំង​ប្រទេស ប្រមូល​អ្នក​សិល្បៈ​ទាំង​អស់​ក្នុង​ប្រទេស ក៏​បាន​ដឹង​ថា បាត់​អស់​ជាង​៨០% ។ លោក​តា ឆេង ផុន លោក​ថា ត្រូវ​តែ​បើក​សាលា​របាំ​ជា​បន្ទាន់​ ហើយ​ក៏​បាន​បើក​សាលា​របាំ​ដំបូង​គេ​តាំង​ពី​ពេល​នោះ​មក ក្រោយ​ពី​សង្គ្រាម”។

បច្ចុប្បន្ន​លោក​ ព្រឿង ឈៀង មានវ័យ៦៧ឆ្នាំ ជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក​អាច​សម្ដែង​សិល្បៈ​បុរាណ​បាន​ស្ទើរ​គ្រប់​ទម្រង់​រាប់​តាំង​ពី​របាំ​ព្រះ​រាជទ្រព្យ របាំ​ប្រពៃណី ល្ខោន​បាសាក់ យីកេ និង​មាន​ជា​ច្រើន​ទៀត រួម​ទាំង​ធ្លាប់ ថត​កុន និង​ដើរ​ម៉ូដ​ផង។ លោក​ក៏​ធ្លាប់​បាន​ដឹក​នាំ​រឿង​មួយ​ចំនួន ជា​ព្រះ​រាជ​និពន្ធ​របស់ព្រះ​បរមរតនកោដ ផង​ដែរ៕

អត្ថបទៈ ប៉ូ សាគុន

អត្ថបទពេញនិយម