មិនធម្មតា! មួយ​ថ្ងៃ​ខេត្ត​ព្រះវិហារ​ នាំ​ចេញ​ចេក​ណាំវ៉ា​ ២០​រថយន្ដ​ធំ​ទៅ​ភ្នំពេញ និង​ខេត្ត​ជិតខាង

  • 2017-09-15 03:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​ បាន​ឲ្យ Sabayដឹងថា ក្នុង​មួយ​ថ្ងៃ​ខេត្ត​ព្រះ​វិហារ​​​អាច​នាំចេញ​ផ្លែ​ចេក​ណាំវ៉ា​ចំនួន ២០​រថយន្ដធំ ឬ​ប្រមាណ​ជាង ៣០០តោន​ ​ មកកាន់​រាជ​ធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ជិត​ខាង។ ចេក​ណាំ​វ៉ា ​ដែល​ដាំ​ដុះ​នៅ​ខេត្ត​ព្រះវិហារ​មាន​ទំហំ​តូច​​ ប៉ុន្តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​អាច​កែច្នៃ​ធ្វើ​ជា​ចេកឆាប​ ផងដែរ។

លោក​បញ្ជាក់​ថា ខេត្ត​ព្រះវិហារ​មាន​ផ្ទៃ​ដី​ដាំ​ចេក​ជាង ៧ពាន់ហិកតា ភាគច្រើន​នៅ​ក្នុង​ក្រុង​ព្រះវិហារ ស្រុក​គូលែន និង​ស្រុក​ត្បែង​មានជ័យ ហើយ​ការ​ដាំដុះ​នេះ​ទៀត​សោត​ធ្វើ​ឡើង​ជា​លក្ខណៈ​គ្រួសារ​​ដោយ​គ្មាន​​ក្រុមហ៊ុន​ណាមួយ​វិនិយោគទុន​នោះ​ទេ។

លោក ពឹង ទ្រីដា

លោកថា​ ឆ្នាំនេះ​ទិន្នផល​ចេក​ណាំ​វ៉ា​ មាន​ការ​កើន​ឡើង​ខ្ពស់ ដោយសារ​តែ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់​ ហើយ​ក្នុង​មួយ​ហិកតារ​ប្រជាកសិករ​អាច​ប្រមូលផល​បាន​ចន្លោះ​ពី ៥លាន​រៀល ទៅ៩លានរៀល។​ ជា​ធម្មតា​​ចេកមួយស្និត​មាន​ទម្ងន់​ចន្លោះពី ១គីឡូក្រាម​ ទៅ១​គីឡូ​ក្រាម​២ខាំ ​និង​អាចលក់​ចេញ​ក្នុង​តម្លៃ ៩០០រៀលក្នុង ១ស្និត ប៉ុន្ដែ បើ​នាំចេញ​ទៅ​ដល់​ភ្នំពេញ​តម្លៃ​ចេក​នឹង​មាន​ការកើនឡើងរហូតដល់ជិត ២ពាន់​រៀល​ក្នុង ១ស្និត។

លោក ពឹង ទ្រីដា បន្ថែមថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ មួយ​ចំនួន​គ្រោង​នឹង​ទិញ​ទិន្នផល​ចេក​​ណាំ​វ៉ា​​ពី​ខេត្ត​ព្រះវិហារ​ ដើម្បី​នាំចេញ​ទៅក្រៅ​ប្រទេសផងដែរ បន្ទាប់ពី​អាជ្ញាធរ​មាន​ទំនាក់​ទំនង​ជាមួយ​ភាគី​ចិន​រួចមក។ ជាមួយគ្នា អាជ្ញាធរ​ក៍​បាន​សហការ​គ្នា​ជាមួយ​ប្រជាកសិករ​បង្កើត​ឲ្យ​​មានការ​ផលិត​​ចេក​ឆាប​នៅ​ក្នុង​តំបន់​បន្ថែម​ទៀត។

ខេត្ត​ព្រះវិហារ​មានផ្ទៃ​ដាំ​ដុះ​ដំណាំ​រហូត​ដល់​ទៅជាង ៨ម៉ឺន​ហិកតារ។ ក្រៅពី​ដំណាំ​ចេក​ ខេត្ត​ភាគ​ឧត្តរ​ប្រទេស​មួយ​នេះ​ ក៏​មាន​ដាំ​ដំណាំ​ជាច្រើន​ទៀត​ផងដែរ រួមមាន​ដំឡូងមី ស្រូវ ស្វាយចន្ទី​ម្រេច និង ​ល្ពៅ​ជាដើម។

អត្ថបទ៖ រស់ សុជាតិ​

អត្ថបទពេញនិយម