សិល្បករ​និង មហាជន​​រាប់​ពាន់​នាក់​ចូល​រួម​អបអរសាទរ​​​ព្រឹទ្ធាចារ្យ​ គង់ ណៃ មក​ពី​ប្រទេស​ជប៉ុន​នៅ​ពេល​ខាង​មុខ​នេះ​

  • 2017-09-15 04:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ "ពិធី​អបអរសាទរ​ ការ​ទទួល​បាន​ពាន​រង្វាន់​សិល្បៈ​វប្បធម៌​ហ្វុកុអូកា នៃ​ប្រទេស​​ជប៉ុន​របស់​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​ គង់ ណៃ​" នៅ​ទី​ស្ដី​ការ​​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​។

ថ្លែង​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​នេះ​ដែរ​ឯកឧត្ដម​ ហាប់ ទូច​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​បាន​មាន​ប្រសាសន៍​ថា​ លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ នឹង​វិល​ត្រឡប់​មក​ពី​ទទួល​ពាន​រង្វាន់​សិល្បៈ​វប្បធម៌​ហ្វុគុអូកា នៃ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កញ្ញា ឆ្នាំ ២០១៧ ​​នៅ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​ពេល​​ខាង​មុខ​នេះ​ មាន​ការ​អញ្ជើញ​​​ចូល​រួម​​ក្បួន​ដង្ហែ​ពី​សំណាក់​អ្នក​សិល្បៈ​ និង​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​ផង​ដែរ​។

ឯកឧត្ដម​បន្ថែម​ថា ចំពោះ​​សិល្បករ​ និង​សិល្ប​ការិនី​​ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ដែល​ចូល​រួម​ក្បួន​ដង្ហែ​ មក​ពី​បណ្ដាញ​សិល្បករ​ សមាគម​សិល្បករ​ សហគមន៍​ចាប៉ី​ដង​វែង​ និង សមាគម​សិល្បៈ​មួយ​ចំនួន​ទៀត​។ បន្ថែម​ពី​នេះ​ឯកឧត្ដម​ក៏​សូម​អំពាវនាវ​ដល់​ បង​ប្អូន​ប្រជាពលរដ្ឋ​ និង​សិល្បករ​មួយ​ចំនួន​ឲ្យ​ចូល​រួម​ក្បួន​ដង្ហែ​​ ការ​វិល​ត្រឡប់​របស់​លោក ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​ គង់ ណៃ មក​ពី​ទទួល​ពាន​រង្វាន់​នៅ​ប្រទេស​ជប៉ុន​ឲ្យ​បាន​ច្រើន​កុះ​ករ​ដើម្បី​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​។

“បាទ​ក្រោយ​ពី​លោកតា​ គង់ ណៃ ត្រឡប់​មក​ដល់​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម​ យើង​មាន​រថយន្ត​សារ៉ែន​ នាំ​មុខ​ រថយន្ត​ក្រុម​ឆៃយ៉ាំ​ រថយន្ត​ដង្ហែ​លោក​តា​ គង់ ណៃ អម​ដោយ​ចាប៉ី​ដង​វែង​ និង​ម៉ូតូ​ស​១០ គ្រឿង​ រថយន្ត​តន្ត្រី​ទិព្វ​ ក្បួន​រថយន្ត​ ថ្នាក់​ដឹក​នាំ​ ក្បួន​រថយន្ត​សិល្បៈ​ និង​​យុវជន​"។ នេះ​បើ​តាម​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​​បញ្ជាក់​។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​២៩ ខែ កញ្ញា ឆ្នាំ ២០១៧ ខាង​មុខ​នេះ​លោក​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ គង់ ណៃ ​នឹង​ទទួល​បាន​ការ​ជួប​សំណេះ​សំណាល​​ជាមួយ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​បំពាក់​នូវ​គ្រឿង​ឥស្សរិយយស​និង​ ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​រូប​នេះ​ នៅ​វេលា​ម៉ោង​៩ ព្រឹក​នៅ​វិមាន​សន្តិភាព​៕​​​​

​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន