​លោកស្រី សុខ ចិន្ដា៖ “ប្រលូក​ការងារ​ដំបូង ​​ក្រុម​ហ៊ុន​តូច ឬ​​ធំ​មិន​សំខាន់ គឺ​សំខាន់​ឱកាស លូតលាស់​ទៅ​ថ្ងៃ​មុខ”

  • 2017-09-15 06:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​អ្នក​ជំនួញ និង​ជាអ្នក​គ្រប់​គ្រង​មួយ​រូប ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ លោកស្រី សុខ ចិន្តា ប្រធាន​ និង​ជា​អគ្គនាយក​ក្រុម​ហ៊ុន ​Mekong Net បាន​ផ្កាំ​ផ្ញើ​ទៅ​យុវជន​ជំនាន់​ក្រោយ ដែល​ទើប​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ ហើយ​ត្រៀម​ស្វែងរក​ការងារ​ធ្វើ​នៅ​​ក្រុម​ហ៊ុន​នានា​ គួរ​កុំ​ប្រកាន់​ក្រុម​ហ៊ុន​តូច ឬ​ក្រុមហ៊ុន​ធំ។ យុវជន​គួរ​ចាប់ផ្ដើម​​ការងារ​នៅ​កន្លែង ណាមួយ​ដែល​ត្រូវការ​យើង​ជាជាង​សម្លឹង​មើល​ទៅ​លើ​ប្រាក់ខែ​តែ​មួយ​មុខ​។

ថ្លែង​ក្នុង​ឱកាស​ពិព័រណ៍​ការងារ​ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ ភី អិន ស៊ី កាល​ពី​ចុង​សប្តាហ៍​មុន​លោក ស្រីលើក​ឡើង​ថា​ ទើប​ចេញ​ពី​សាលា​​ យុវជន​គួរ​ស្វែង​រក​បទពិសោធន៍​ថ្មី និង​ពី​របៀបធ្វើឱ្យ​បាន​ល្អ ជាជាង សម្លឹង​មើល​លើ​ប្រាក់ខែ តែមួយ​មុខ។​ “ខ្ញុំ​សូម​លើក ឧទាហរណ៍​ក្រុមហ៊ុន ធំ​​​គេមាន​គោល​ការណ៍​គេ​ច្បាស់លាស់ …យើង​ចូល​ទៅ យើង​ត្រូវតែ​ធ្វើ​ឱ្យ​បាន បើធ្វើ​មិន​បាន​គេដក​យើង​ចេញ​។ ផ្ទុយ​មក​វិញ​បើ​យើង​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​តូច តែ​គេ​ត្រូវការ​យើង គេ​ត្រូវការ​បុគ្គលិក​នៅ​ផ្នែក​ហ្នឹង គេ​នឹង​បណ្តុះ បណ្តាល​យើង។ អញ្ចឹង​យើង​អាច​មាន​ឱកាស​រៀន​សូត្រ និង​ទទួល​បាន​បទពិសោធន៍​ការងារ។ ដូច្នេះ​ប្រលូក​ការងារ​ដំបូង ​​ក្រុម​ហ៊ុនតូច ឬ​​ធំមិន​សំខាន់​…សំខាន់​ឱកាស​រីកចម្រើន​ទៅ​ថ្ងៃ​មុខ ​​”។

ទន្ទឹ​ម​នោះ​បុគ្គលិក​ថ្មីថ្មោង​ក៏​ចាំបាច់​ត្រូវ​មាន​ភាព​ហ្មត់​ចង់​ ការ​អត់ធ្មត់ និង​​ការ​ទទួល​ខុសត្រូវ​​ក្នុង​ការងារ​ផងដែរ។នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​របស់លោកស្រី ចិន្តា។ លោក​ស្រី​ថា ​យុវជន​គួរ ប្រកាន់ឥរិយាបថ និង​ទំនាក់ទំនង​ល្អ​ជាមួយ​​នឹង​ក្រុម​ការងារ ដើម្បី​អាច​​មានឱកាស​រៀន​សូត្រ​ពីគ្នា​ទៅវិញ​ទៅ​មក​។ “ធ្វើការងារ​ជាមួយ​គ្នា​មែន ប៉ុន្តែ​អាច​មាន​ចំណុច​ណាមួយ​ដែល​យើង​ចេះមិន​អស់​។ យើង​ត្រូវ​មាន​ទំនាក់ទំនង​​ល្អ​ និង​ចែករំលែក​ចំណេះដឹង​គ្នាទៅវិញ​ទៅ​មក​។ ត្រលប់​មកវិញ​បើ​យើង​មាន​សញ្ញាបត្រ​អនុបណ្ឌិត ឬបណ្ឌិតមែន ប៉ុន្តែ​ធ្វើការគ្មាន​ការទទួលខុសត្រូវ ឥរិយាបថ​ក្រអើត​ក្រទម មិនត្រូវជាមួយ​គេ​ ​ក្រុមហ៊ុន​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ​”។

លោកស្រី​ សុខ ចិន្តា ឱ្យ​ដឹង​ទៀត​ថា នៅពេលយើងមានទាំង បទពិសោធន៍ សមត្ថភាព​ និង​ការជឿទុក ចិត្ត ហើយ​ចង់ផ្លាស់​ប្តូរ​ការងារ​ទៅ​ក្រុម​ហ៊ុនថ្មី លោក​ស្រី​ជឿថា គេ​នឹងមិន​អាច​ហាមឃាត់ យើងបាន​ទេ។ ប៉ុន្តែមាន​ករណី​ខ្លះ ដែលយើង​ជាបុគ្គលិក​ក៏គួរ​យល់​អារម្មណ៍​ម្ចាស់​ក្រុមហ៊ុនដែរ ពោលគឺ​ទាំង​ក្រុមហ៊ុនតូច និងធំ​ មាបញ្ហា​ប្រឈមដូចគ្នា​។ បញ្ហាប្រឈម​ត្រង់​ថា មុនពេល​ដែល​បុគ្គលិករូបនោះទទួល​បាន​បទ​ពិសោធន៍ និងចំណេះដឹងថ្មី​ៗ​​ ក្រុមហ៊ុន​បាន បញ្ជូន​យើង​ទៅសិក្សា​នៅបរទេស​​ជាមួយ​នឹង​ការ​ចំណាយ​យ៉ាង​ច្រើន​។ប៉ុន្តែមិន​ទាន់ទាំង​ចែករំលែកចំណេះ​ដឹង និង​បទពិសោធន៍​ឱ្យ​អ្នក​​ផ្សេង​ផង បែរសុំ​ដាក់ពាក្យលាឈប់​ទៅ​កន្លែងផ្សេង ដែល​មាន​ប្រាក់ខែ​ខ្ពស់​ជាង។ “អញ្ចឹង​មុន​ពេល​យើង​ចាកចេញ​សុំឱ្យ​គិត​​ថា គេ​បញ្ជូន​យើង​ទៅ​រៀន​ ហើយ​មកវិញទើប​ចេះធ្វើ​ការងារ​ បែរជាដាក់​លក្ខ័ណ្ឌ​ជាមួយ​​នឹង​ក្រុមហ៊ុន​ បើមិន​ឱ្យប្រាក់​ខែប៉ុណ្ណេះ ប៉ុណ្ណោះ នឹងប្តូរទៅក្រុមហ៊ុនផ្សេង។ រឿង​នេះ​ទាំង​គេទាំង​ខ្ញុំ​យល់​ថា ពិបាក​ទទួល​យក​ណាស់”៕  

អត្ថបទ៖ សុផល