មាស ចាន់ណា៖ ​ណាហ្គាវើល ​មិន​អាច​មើល​ស្រាល​អគ្គិសនី​បាន​ទេ

  • 2017-09-15 07:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ណាហ្គាវើល​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា ​ក្នុង​សប្ដាហ៍​ទី​១៦​នៃ​លីគ​កំពូល​កម្ពុជា ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​នា​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ វេលា​ម៉ោង​៦​ល្ងាច។

កាល​ពី​ប៉ះ​គ្នា​ក្នុង​ជើង​ទី​១​កន្លង​ទៅ​នេះ ​ក្រុម​ណាហ្គាវើល​បាន​យក​ឈ្នះ​ម្ដង​មក​ហើយ​ក្នុង​លទ្ធផល ៤-១ ​ហើយ​ប៉ះ​គ្នា​ជា​លើក​ទី​២​នេះ ​ក្រុម​របស់​លោក​មាស ចាន់ណា ​ក៏​រំពឹង​ថា​ធ្វើ​បាន​ល្អ​ដើម្បី​យក​៣​ពិន្ទុ​បន្ថែម​ទៀត​ដែរ ព្រោះ​ថា​កំពុង​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់​ដើម្បី​ប្រជែង​ក្រុម​លេខ​១​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង។

បង្ហោះ​នៅ​លើ Page ​ក្លឹប​ណាហ្គាវើល ​លោក មាស ចាន់ណា ​បាន​និយាយ​ដូច្នេះ​ថា​ក្រុម​ទាំង​មូល​មិន​អាច​មើល​ស្រាល​អគ្គិសនី​បាន​ទេ បើ​ទោះ​ជា​ពួកគេ​ជា​ក្រុម​ថ្មី​មែន ប៉ុន្តែ​កីឡាករ​សុទ្ធ​តែ​មាន​បទ​ពិសោធ។ គ្រូ​បង្វឹក​រូប​នេះ រំពឹង​ថា​កូន​ក្រុម​នឹង​ព្យាយាម​លេង​ក្នុង​ប្រកួត​នេះ​ឱ្យ​បាន​ល្អ ​ហើយ​ព្យាយាម​បង្កើត​ឱកាស​ដើម្បី​យក​ជ័យជម្នះ​ឱ្យ​បាន។

ក្រុម​ណាហ្គាវើល​បច្ចុប្បន្ន​មាន​២៩​ពិន្ទុ កំពុង​តែ​ប្រដេញ​ពិន្ទុ​ជា​ក្រុម​លេខ​១ ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ដែល​មាន​៣៤​ពិន្ទុ​ក្នុង​ដៃ។ ខណៈ​ដែល​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​នេះ ​នៅ​ពេល​ចប់​រដូវ​កាល​ទៅ ​នឹង​យក​ក្រុម Top4 ​មក​ប្រកួត​គ្នា​ទៀត ពោល​គឺ​លេខ​៤​ប៉ះ​លេខ​៣ ​នរណា​ឈ្នះ​ទៅ​ប៉ះ​លេខ​២ ​រូច​យក​ក្រុម​ឈ្នះ​ទៅ​វគ្គ​លេខ​១​ឈរ​កំពូល​តារាង​ទៀត ទើប​រក​ឃើញ​ក្រុម​ជើង​ឯក។

សូម​បញ្ជាក់​ថា​លោក មាស ចាន់ណា ​នឹង​មាន​ភារកិច្ច​មួយ​ទៀត គឺ​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​បាល់ទាត់​ឆ្នើម​នៅ​ប្រទេស​ជប៉ុន ​តាំង​ពី​ថ្ងៃ​ទី ​២២ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១​តុលា​ឆ្នាំ​២០១៧​នេះ។

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម