កាន់តែស្រួល! ពេលនេះ Visa ភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបាន

  • 2017-09-15 08:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា ប្រាសាទអង្គរវត្តជាប្រាសាទមួយក្នុងចំណោមវិមានសាសនា ធំៗជាច្រើន ហើយក្នុងមួយឆ្នាំៗទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់។ ដូច្នេះដើម្បីជាការងាយស្រួលដល់ពួកគេ ពេលនេះ ក្រុមហ៊ុន Visa ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានអង្គរ ដែលអាចប្រើប្រាស់ដើម្បីទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដោយងាយស្រួល ជាពិសេសបង្កើនការផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ទៅជាការទូទាត់តាមបែបអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន Optistech Co., Ltd ជាអ្នកទទួលបន្ទុកដោះស្រាយផ្នែកបច្ចេកវិទ្យា។ ។

លោក Sean Preston នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវរបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “យើងរីករាយក្នុងការសហការជាមួយគ្រឹះស្ថានអង្គរ និងធនាគារអេស៊ីលីដា ដែលចេញម៉ាស៊ីនឆូតប័ណ្ណវីសា ដើម្បីចាប់ផ្តើមការទទួលយកការទូទាត់តាមប័ណ្ណវីសានៅតាមស្តង់លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍នៃការទូទាត់កាន់តែរហ័សជាងមុន”។

"ប្រាសាទអង្គរវត្តពិតជាស្ថាបត្យកម្មដ៏អស្ចារ្យមួយនៅក្នុងពិភពលោក ហើយក៏ជាគោលដៅសម្រាប់ភ្ញៀវទេសចរទាំងអស់ដែលមកកាន់ប្រទេសកម្ពុជា។ យើងខ្ញុំរីករាយក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និង គ្រឹះស្ថានអង្គរ ដើម្បីជម្រុញឲ្យទទួលបានកំណើន ភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ជម្រុញកំណើនសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍវិធីទូទាត់ប្រាក់សម្រាប់អតិថិជនក្នុងស្រុក និងភ្ញៀវទេសចរ”។

ឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរ បានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នៅថ្ងៃនេះគឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ទេសរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីក្រសួងទេសចរ ក្នុងការដាក់បញ្ចូលឲ្យមានទំនើបនីយកម្ម ក៏ដូចជាស្វ័យប្រវត្តិកម្មនៅក្នុងប្រព័ន្ធលក់សំបុត្រសម្រាប់ចូលទស្សនានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីឲ្យមានតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរទ្បើងសម្រាប់វិស័យទេសចរណ៍។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ក្រុមហ៊ុន Visa នឹងផ្តល់ជូននូវការបញ្ចុះតម្លៃចំនួន ៣% លើសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលបានទិញដោយប្រើប្រាស់ប័ណ្ណវីសា ចាប់ពីខែតុលា រហូតដល់ចុង ខែវិច្ឆិកា ឆ្នាំ២០១៧។ អតិថិជនដែលមានប័ណ្ណវីសា ក៏នឹងទទួលបាននូវការបញ្ចុះតម្លៃផ្សេងទៀត នៅទីតាំងអាជីវកម្មដៃគូរបស់យើងចំនួន ៥០កន្លែង សម្រាប់ការទទួលទានអាហារ ការទិញទំនិញ ស្ប៉ា និងថែទាំសុខភាព ការស្នាក់នៅទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោក Preston បានបន្ថែមទៀតថា៖ "ជាផ្នែកមួយនៃគោលបំណងរបស់ Visa គឺយើងខ្ញុំចង់ឲ្យអតិថិជនរបស់យើងអាចប្រើប្រាស់ប័ណ្ណវីសានៅគ្រប់ទីកន្លែងដែលពួកគេចង់ទៅ។ ជាមួយនឹងការប្រកាសនៅថ្ងៃនេះ យើងកំពុងតែខិតជិតមួយជំហ៊ានដើម្បីសម្រេចនូវចក្ខុវិស័យមួយនេះ សម្រាប់ជួយដល់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជា”។

សព្វថ្ងៃនេះភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាអាចប្រើប្រាស់ប័ណ្ណវីសារបស់ពួកគេនៅទីតាំងអាជីវកម្មជិត ៧០០០ កន្លែង និង ១០០០ ម៉ាស៊ីន ATM នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមអំពីទេសចរណ៍នាតំបន់ប្រាសាទអង្គរវត្តសូមចូលទៅកាន់គេហទំព័រ www.angkorenterprise.gov.kh ៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី