មូលហេតុ​ពិត​នៃ​ភាព​វឹកវរ​ក្នុង​ការ​ប្រកួត Europa League នៅ​កីឡដ្ឋាន Emirates

  • 2017-09-16 03:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ក្របខ័ណ្ឌ Europa League រវាង​ក្រុម​កាំភ្លើងធំ ជាមួយ​នឹង​ក្លឹប​មក​ពី​​ក្របខ័ណ្ឌ​ Bundesliga, FC Cologne បាន​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ​ខណៈ​អ្នក​គាំទ្រ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​​​អាល្លឺម៉ង់ ប្រមាណ ២ម៉ឺន​នាក់​ បាន​សម្រុក​ចូល​​កីឡដ្ឋាន Emirates នៅ​ទីក្រុង​ឡុងដ៏ ដោយ​គ្មាន​សំបុត្រ​ទស្សនា។ អ្នក​គាំទ្រ​ក្លឹប​រហ័ស​នាម​ពពែ​ តែ​ជិត​៣ពាន់​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពួកគេ ដែល​មាន​សំបុត្រ ក្រៅ​ពី​នោះ​ប្រើ​គ្រប់​មធ្យោបាយ​ ឲ្យ​តែ​បាន​ចូល​មើល ដែល​នេះ​ជាហេតុ​បង្ខំ​ឲ្យ​ការ​ប្រកួត​ត្រូវ​ពន្យារ​ពេល​១ម៉ោង។

ក្រោយ​ចប់​ការ​ប្រកួត​ ក្រុម FC Cologne បាន​ចេញ​លិខិត​១​ច្បាប់​ ដើម្បី​​សូមទោស​ទៅកាន់​ក្រុម​កាំភ្លើង​ធំ ​នៅ​លើ​វិបសាយ​ផ្លូវការ​របស់​ខ្លួន ដោយ​រៀបរាប់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​​មាន​ហេតុការណ៍​ដ៏​អាម៉ាស់​នេះ​កើត​ឡើង​ បណ្ដាល​មក​ពី​អ្នក​គាំ​ទ្រ​ "ចង់​ស្គាល់​រសជាតិ​ការ​ប្រកួត​​ក្នុង​ក្របខ័ណ្ឌ Europa League ជា​លើក​ដំបូង​​របស់​ក្លឹប​ក្នុង​រយៈ​ពេល​ ២៥ឆ្នាំ ទើប​នាំ​ឲ្យ​គេ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍"។

ទោះ​ជា​យ៉ាង​នេះ​ក្តី FC Cologne បាន​ឆ្លៀត​ដាក់​កំហុស​​ឲ្យ​ Arsenal ព្រោះ​​មិន​បាន​បម្រុង​សំបុត្រ​​ទុក​ឲ្យ​ច្រើន​សម្រាប់​អ្នក​គាំ​ទ្រ​ក្រៅ​ទឹក​ដី ហើយ​ថា​ "ប៉ូលិស​តិច​ពេក" ​​ទើប​រៀបចំ​សណ្ដាប់​ធ្នាប់​មិន​បាន​ល្អ។

Arsene Wenger ដែល​បាន​ដឹក​នាំ​ Arsenal ឲ្យ​ឈ្នះ FC Cologne ៣-១ ​ការ​ប្រកួត​ក្នុង​ដី បាន​និយាយ​ថា សំបុត្រ ៣ ០០០ (៣ពាន់) សន្លឹក​ដែល​បាន​លក់​ឱ្យ​អ្នក​គាំទ្រ​ក្រុម ​FC Cologne គឺ​ស្រប​ទៅ​នឹង​ច្បាប់​សម្រាប់​ការ​ប្រកួត​ហើយ​ ប៉ុន្តែ​ពួក​គេ​មក​ច្រើន​ពេក។ ​​

ដោយឡែក ក្រុម​ទាំង​២​ត្រូវ​បាន​ UEFAពិន័យ​ដូច​គ្នា​ ដោយ​ពិន័យ​ក្រុម​ FC Cologne ពី​បទ៖ អ្នកគាំទ្រ​គ្មាន​សណ្ដាប់​ធ្នាប់ គប់​ដប ដុត​ភ្លើង​កាំជ្រួច និង​ ទាត់​ធាក់​របាំង​ជាដើម ខណៈ​ពិន័យ​ក្រុម​កាំភ្លើង​ធំ​ពី​បទ​បណ្ដោយ​ឲ្យ​កាំជណ្ដើរ​ខាង​អ្នក​គាំទ្រ​ក្រៅ​ទឹកដី​ណែន​តាន់​តាប់​ដោយ​មនុស្ស៕

ប្រភព៖ The Sun   ប្រែសម្រួល៖ សុខ លាងហ៊ត