ប៉ូលិស​ជាង ១២០០ ក្នុង​ខណ្ឌ​មួយ​របស់​ក្រុង​ម៉ានីល ត្រូវបាន​ដកចេញ​ពី​ភារកិច្ច បន្ទាប់ពី​ការស្លាប់​ក្មេង​ជំទង់ ៣ នាក់​

  • 2017-09-16 03:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កងកម្លាំង​ប៉ូលិស​ទាំងមូល​នៅក្នុង​ផ្នែក​មួយ​នៃ​រដ្ឋធានី​ហ្វីលីពីន​នឹងត្រូវ​ដកចេញ​ពី​កាតព្វកិច្ច បន្ទាប់ពី​ការស្លាប់​ដ៏​ចម្រូងចម្រាស់​នៃ​ក្មេង​ជំទង់ ៣ នាក់​។​

​មេ​ប៉ូលិស​ក្រុង​ម៉ានីល​លោក​អូ​ស្ការ អាល់​បា​យ៉ា​ល់​ដេ (Oscar Albayalde) បាន​និយាយថា មន្ត្រីប៉ូលិស​ចំនួន ១.២០០ នាក់​មកពី​ខណ្ឌ​កា​លូ​កាន់ (Caloocan) នឹងត្រូវ​យកទៅ​បណ្តុះបណ្តាល​ឡើងវិញ ហើយ​បន្ទាប់មក​នឹងត្រូវ​ផ្ទេរ​ទៅ​អង្គភាព​ផ្សេងទៀត​។​ ​ចំណាត់ការ​នេះ​ធ្វើឡើង​ចំពេល​កំពុងមាន​ការត្រួត​ពិនិត្យ​យ៉ាងខ្លាំង​ក្លា​លើ​ប្រតិបត្តិការ​របស់​ប៉ូលិស ស្របពេល​ដំណាលគ្នា​នឹង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ​។​

​សំណុំរឿង​ដ៏​ល្បី​បំផុត​នេះ គឺពាក់ព័ន្ធ​នឹង​ក្មេងប្រុស​ម្នាក់ ដែល​ត្រូវបាន​សម្លាប់​នៅ​ខណ្ឌ​កា​លូ​កាន នៅ​ថ្ងៃទី ១៦ ខែសីហា​។​ ​ប៉ូលិស​បាន​និយាយថា ក្មេង​ជំទង់​ឈ្មោះ កៀន ឡយ ដេ​ឡូ​ស សាន់​តូ​ស (Kian Loyd Delos Santos) អាយុ ១៧ ឆ្នាំ​បាន​រត់គេច​ពី​ពួកគេ​ហើយ​បន្ទាប់មក​បាន​បើក​ការបាញ់ប្រហារ ដូច្នេះ​ពួក​ប៉ូលិស​ក៏​បាញ់​រូបគេ​តែម្តង​។​

​ប៉ុន្តែ​ឪពុកម្តាយ​របស់​ក្មេង​នេះ​និយាយថា សាន់​តូ​ស មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​នោះទេ​។ សាក្សី​ម្នាក់​បាន​និយាយថា ប៉ូលិស​បាន​យក​កាំភ្លើង​ដាក់ចូល​ក្នុង​ដៃ​របស់​សាន់​តូ​ស ហើយ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ក្មេងប្រុស​ម្នាក់​នោះ​ត្រូវបាន​ប៉ូលិស​អូស​ចេញ​ឆ្ងាយ ពោលគឺ​ផ្ទុយស្រឡះ​ពី​ការ​អះអាងថា ក្មេង​នេះ​បាន​រត់​ខ្លួន​។​

​ករណី​ទី ២ គឺ​ទាក់ទង​នឹង​ការស្លាប់​របស់​ក្មេង​ជំទង់​ឈ្មោះ កាល់ អាណា​អ៊ី​ស (Carl Arnaiz) អាយុ ១៩ ឆ្នាំ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្លន់​អ្នកបើក​តាក់ស៊ី​ម្នាក់​។ ប៉ូលិស​បាន​និយាយថា ក្មេង​នោះបាន​បាញ់រះ​មកលើ​ពួកខ្លួន តែ​អ្នកបើក​តាក់ស៊ី​បាន​និយាយថា គាត់​ឃើញ​ក្មេង​ជំទង់​នោះ​នៅមាន​ជីវិត​នៅក្នុង​កន្លែង​ឃុំឃាំង​របស់​ប៉ូលិស​។ ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ម្នាក់ទៀត ដែល​ត្រូវ​បានឃើញ​ចុងក្រោយ​ជាមួយ អាណា​អ៊ី​ស ក្រោយមក​ត្រូវបាន​រកឃើញថា​ស្លាប់​ផងដែរ​។​

​ប៉ូលិស​ជាច្រើនរូប​ឥឡូវនេះ​កំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត ហើយ​ព្រឹទ្ធសភា​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ការស្លាប់​របស់​ក្មេង​ជំទង់​ទាំង​៣​។​ ​លោក អាល់​បា​យ៉ា​ល់​ដេ បាន​និយាយថា ប៉ូលិស​នៅក្នុង​ខណ្ឌ​កា​លូ​កាន់​នឹង​ត្រូវបាន​បណ្តុះបណ្តាល​ឡើងវិញ​ជា​បន្តបន្ទាប់ ហើយ​ប៉ូលិស​ទាំងអស់នេះ​នឹងត្រូវ​ជំនួស​តំណែង​ដោយ​ប៉ូលិស​មកពី​អង្គភាព​សន្តិសុខ​ក្នុង​តំបន់​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ស្រង់​សម្តី​លោក​ដោយ​និយាយថា “​ពួកគេ​នឹង​ត្រូវបាន​បណ្តុះបណ្តាល​ឡើងវិញ ហើយ​ពួកគេ​នឹងត្រូវ​ចាត់តាំង​ឱ្យទៅ​អង្គភាព​ដទៃទៀត​នៅ​ទីក្រុង​ម៉ានីល​។ ពួកគេ​នឹងមិន​អាច​ត្រឡប់​ទៅកាន់​តំណែង​របស់​ពួកគេ​វិញ​ឬ​ការងារ​របស់​ពួកគេ​នៅក្នុង​ខណ្ឌ​កា​លូ​កាន់​បានទេ​”៕

ប្រភព៖ rasmeinews