ចំនួន​ធូប​អុជ​ពេល​ទៅ​វត្ត ត្រូវ​កំណត់​ច្បាស់​លាស់ បើ​ខុស​​ដូនតា​មិន​បាន​ទទួល​ឡើយ

  • 2017-09-17 02:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រពៃណី​ទំនៀម​ទម្លាប់​ដូន​តា​ខ្មែរ​តាំង​ពី​បុរាណ​រៀង​មក តែង​ប្រើ​ធូប​ដើម្បី​អុជ​បន់​ស្រន់​សុំ​សេចក្ដី​សុខ លា​បំណន់ និង​អុជ​ដើម្បី​វេរ​ម្ហូប​អាហារ​ បង្អែម​ចង្អាប​ ឧទ្ទិស​ឱ្យ​ដូនតា​ ដែល​បាន​ចែក​ឋាន​ជាដើម។ ជា​ការ​កត់​សម្គាល់​ពេល​ទៅ​វត្ត​ម្ដងៗ ពុទ្ធបរិស័ទ​ខ្លះ​អុជ​ធូប​៣​សរសៃ ចំណែក​អ្នក​អុជ ៥​សរសៃ។ ដូច្នេះ​តើ​ការ​អុជ​ធូប ៣ សរសៃ ឫ ៥​សរសៃ​មាន​អត្ថន័យ​ខុស​គ្នា​ដូច​ម្ដេច? តើ​អុជ​ប៉ុន្មាន​សរសៃ​ទើប​បាន​ទៅ​ដល់​ដូនតា​ដែល​ចែក​ឋាន​ទៅ?

បើ​តាម​ការ​លើក​ឡើង​របស់​លោកតា អាចារ្យ វ៉ែន ហ៊ន ​នៅ​វត្ត​ទួល​សុភី ឃុំ​តាំង​ក្រូច​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ថា ការ​អុជ​ធូប​មាន​លក្ខណៈ​ផ្សេង​គ្នា​ទៅ​តាម​ពេល​វេលា និង​ពិធី​ផ្សេងៗ។ ជាក់​ស្ដែង​បើ​អុជ​ធូប​នៅ​រដូវ​បុណ្យ​ភ្ជុំ​ត្រូវ អុជ​ចំនួន ៥​សរសៃ ក្នុង​នោះ​តំណាង​ឱ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​មាតា បិតា។ ប្រសិន​បើ​អុជ​តែ ៣​សរសៃ គឺ​មិន​បាន​ទៅ​ដល់​ឪពុក​ម្ដាយ​ទេ បាន​ត្រឹម ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ប៉ុណ្ណោះ។ ដូច្នេះ​ត្រូវ​កត់​ចំណាំ​ទុក នៅ​ពេល​ទៅ​វត្ត​មិន​ថា​ពិធី​ណា​ទេ បើ​ចង់​ឧទ្ទិស​ជូន​មាតា បិតា ញាតិកា​ទាំង​ ៧​សណ្ដាប​ត្រូវ​អុជ​ចំនួន​៥​សរសៃ។

លោកតា វ៉ែន ហ៊ន បន្ថែម​ទៀត​ថា ចំពោះ​ការ​អុជ​ធូប ដើម្បី​បន់ស្រន់​សុំ​សេចក្ដី​សុខ អុជ​លា​បំណន់ ឫ​ស្បថស្បែ​ គឺ​ត្រូវ​ប្រើ​ធូប​តែ​១​សរសៃ​ទេ ប្រសិន​បើ​អុជ​ខុស​ក៏​មិន​ស័ក្ដិសិទ្ធិ​ដែរ។ លោកតា វ៉ែន ហ៊ន បន្ត​ទៀត​ថា ភាគ​ច្រើន​ពុទ្ធបរិស័ទ​មួយ​ចំនួន​ធំ មិន​សូប​បាន​ដឹង​ពី​របៀប​ក្នុង​ការ​អុជ​ធូប​ទាំង​នេះ​ទេ ចេះ​តែ​អុជៗ​តាម​ចិត្ត​ចង់​ជួន​ក៏ ៣​សរសៃ ជួន​ក៏​៥​សរសៃ៕​​

អត្ថបទ៖ វឌ្ឍនៈ