កសិករ​ខ្មែរ​ម្នាក់មាន​គម្រោង​ដាំ​ដើម​ប៉ោម​ជា​លក្ខណៈទ្រង់ទ្រាយ​ធំ

  • 2017-09-18 01:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃមុន​នេះ​មានបុរស​ម្នាក់​បាន​បង្ហោះ​វីដេអូ​មួយ​និយាយ​ពី​ការ​ដាំ​ដើម​ប៉ោម​នៅ​កម្ពុជា​ហើយ​ក៏​បានទាក់ទាញ​ចំណាប់​អារម្មណ៍ពី​អ្នក​ប្រើប្រាស់​បណ្តាញ​ហ្វេស​ប៊ុក​មិនតិច​ដែរ។ ជាការ​ពិត​ម្ចាស់​ហ្វេសប៊ុក Som Oeun Kim បាន​ប្រាប់​ Sabay តាម​ទូរស័ព្ទ​ថា​លោក​ពិត​ជា​បាន​ដាំ​ដើម​ប៉ោម​នោះមែន តែគ្រាន់តែ​ដាំ​សម្រាប់​លម្អ​រចម្ការ​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណាលោក​ថា​ក្រោយ​ពី​ឃើញ​ដើម​ប៉ោមនេះ​ផ្តល់​ផល​ដូច​នេះ​លោក​ចង់ពង្រីក​ការ​ដាំជា​លក្ខណៈទ្រង់ទ្រាយ​ធំ​វិញ។​

លោក​ កឹម សំអឿន បន្តថា​លោក​បាន​ដាំ​ដើម​ប៉ោម​នេះ​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៦ ដែល​កាលនោះ​មិត្ត​ភក្តិ​របស់​លោក​បាន​ឲ្យ​ដើម​ប៉ោម​ផ្សាំមែក​ចំនួន​ប្រាំ​ដើម​មក​លោក​សម្រាប់ដាំ។ លោក​ថា​ពេល​នោះ​ដើម​ប៉ោម​មាន​កម្ពស់​ប្រហែល​មួយ​អង្អាម​ប៉ុណ្ណោះ ដែលមក​ដល់ពេលនេះ​លោកថា​វា​មាន​កម្ពស់​ប្រហែល​ជា​២,៥​ម៉ែត្រ។ លោក​បញ្ជាក់ថា​ប៉ោម​នេះ​ជា​ពូជ​ប៉ោម​អាហ្វ្រិក ហើយ​លោក​បាន​ដាំ​វា​នៅ​ក្នុង​ដី​ចម្ការរបស់លោក​មួយ​កន្លែង​នៅ​ក្នុង​ឃុំ​ស្រយ៉ង់ ស្រុក​គូ​លែន ខេត្ត​ព្រះវិហារ​។

(រូបភាព៖ ហ្វេស​ប៊ុក​លោក កឹម សំអឿន)

លោក​បន្ថែម​ថាៈ «តាម​ពិត​ទៅ​ខ្ញុំ​ដាំ​ដើម​ប៉ោម​សរុប​ចំនួន​៥ដើម​ ក្នុង​នោះ​៤​ដើម​មាន​ផ្លែ​ ហើ​យ​មួយ​ដើម​ទៀត​អត់​មាន​ផ្លែ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា ពេល​បង្ហោះ​វីដេអូ​​ក្នុង​ហ្វេស​ប៊ុក​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​នោះដែរ...​ខ្ញុំ​អត់​ចង់​ល្បី​អីទេ ក្រោយ​មក​ខ្ញុំ​ក៏​ប្តូរ​ Privacy មក​ជាOnly me វិញ»។

បើ​តាម​លោក សំអឿន ដើម​ប៉ោម​ទាំង​បួន​ដែល​ផ្លែនោះ​បាន​ហុចផល​ប្រហែល​ជា​ពីរ​គីឡូក្រាម និង​ថា​នៅ​មាន​ផ្លែ​ខ្លះ​ទៀត​មិន​ទាន់​អាច​បេះ​ហូប​បាន​នៅ​ឡើយ។ លោក​បញ្ជាក់ថា​ ក្រោយពី​ឃើញ​ថា​ចម្ការ​របស់​លោក​អាច​ដាំ​ប៉ោម​បាន​ដូច​នេះ លោក​មាន​គម្រោង​ដាំ​ដើម​ប៉ោម​នេះ​ចំនួន​ប្រាំ​ពាន់ដើម​បន្ថែមទៀត។ លោក​បន្តថាៈ «​ខ្ញុំ​មាន​គម្រោង​ដាំ​ប្រាំពាន់​ដើម​ទៀត តែ​សុំលាក់​សិន​ចាំ​លេចជា​រូប​រាង​ចាំខ្ញុំ​បង្ហាញ»។

អត្ថបទ​ដោយ៖ រស់ សុជាតិ