មកស្គាល់វត្ត​២​កន្លែង​នៅ​កម្ពុជា ព្រះសង្ឃ​ខ្សត់​ចង្ហាន់ ព្រះវិហារ កុដិ សាលា​ឆាន់​​ស្ទើរ​រលំ

  • 2017-09-18 03:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ ស្ទើរ​គ្រប់​វត្ត​អារាម​ក្នុង​ប្រទេស​កម្ពុជា សម្បូរ​ទៅ​ដោយ​ចង្ហាន់​ បង្អែម​ចង្អាប បបូរ​ហូរហៀរ​ ដោយ​សារ​មាន​ពុទ្ធបរិស័ទ​ជា​ច្រើន​នាំ​គ្នា​សម្រុក​ធ្វើ​បុណ្យ​ទាន។ តែ​ក្រឡេក​មក​មើល​វត្ត​អារាម​២​ខាង​ក្រោម​នេះ​វិញ ព្រះសង្ឃ​កំពុង​ខ្សត់​ចង្ហាន់​ខ្លាំង ដោយសារ​មិន​សូវ​មាន​ពុទ្ធបរិស័ទ​ស្គាល់ និង​មិន​សូវ​មាន​អ្នក​បាន​ទៅ​ដល់​នោះ​ឡើយ។ ដូច្នេះ​សូម​ពុទ្ធបរិស័ទ​ទាំង​អស់ ​ទៅ​ស្គាល់​វត្ត​កំពុង​អត្តខាត់​ខាង​ក្រោម​នេះ៖​​

​១.វត្ត​បុរេល្អាង១២

វត្ត​បុរេល្អាង១២ ស្ថិត​នៅ​ក្នុង​ភូមិ​រំលេច ឃុំ​ក្រពើពីរ ស្រុក​វាល​វែង ​មាន​ចម្ងាយ​ជាង​៨០គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ គឺ​ជា​វត្ត​ដ៏​អត្តខាត់​វត្ត​​មួយ ពេល​ខ្លះ​ព្រះសង្ឃ​កំពុង​គង់​នៅ​ស្ទើរ​ដាច់​ចង្ហាន់​ម្ដងៗ​ទៅ​ហើយ។

សាលាឆាន់

បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកស្រី សោម សុភាព ជា​គ្រូ​បង្រៀន​ម្នាក់​នៅ​ក្នុង​មូលដ្ឋាន​ខាង​លើ​ប្រាប់​ Sabay តាម​ទូរស័ព្ទ​ថា ​​ព្រះ​សង្ឃ​នៅ​វត្ត​នេះ​មាន​ចំនួន​បួន​អង្គ​ប៉ុណ្ណោះ ហើយ​វត្ត​នេះ​មិន​មាន​កុដិ ឬ​វិហារ​ធ្វើអំពី​ឥដ្ឋ​ដូច​វត្ត​ដទៃ​នោះ​ទេ ពោល​គឺ​មាន​តែ​សាលា​ឆាន់​ធ្វើ​អំពី​ឈើ​មួយ និង​កំពុង​ទ្រុឌទ្រោម​ទៀត​ផង។ ចំណែក​ឯ​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​សុទ្ធ​តែ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះ​ខាត។ ដូច្នេះ​ហើយ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​ចង្ហាន់​ដល់​ព្រះសង្ឃ​ឱ្យ​បាន​គ្រប់​គ្រាន់​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​ ដោយសារ​វត្ត​នេះ​ នៅ​ដាច់​ស្រយាល​ផង ទើប​មិន​មាន​ពុទ្ធបរិស័ទ​ឆ្ងាយ​ទៅ​ដល់​ឡើយ។

(ព្រះ​គ្រូចៅអធិការ​កំពុង​គង់នៅ​លើ​សាលា​ឆាន់)

បន្ថែម​លើ​ពី​នេះ​ទៀត បើ​តាម​ការ​លើកឡើង​របស់​ លោក ផេង ផាណូ ជា​អ្នក​ភ្នំពេញ​ធ្លាប់​បាន​ទៅ​កាន់​វត្ត​នោះ​​កាលពី​ថ្មីៗ​នេះ​ប្រាប់ ថា​ថ្ងៃ​ដែល​លោក​ទៅ​ដល់​វត្ត​នោះ ព្រះ​សង្ឃ​ប្រាប់​ថា​ វត្ត​គ្មាន​ចង្ហាន់​ទេ។ លោក​បញ្ជាក់​ថា ​យូរ​ៗ​ម្តង​ព្រះ​សង្ឃ​ដាច់​ចង្ហាន់​តែ​ម្តង ដោយ​ហេតុ​ថា​ពុទ្ធបរិស័ទ​សុទ្ធ​សឹង​ជា​អ្នក​ក្រីក្រ​មិន​អាច​ផ្គត់ផ្គង់​ចង្ហាន់​ទៀងទាត់​ឡើយ ​បើ​ទោះ​បី​ជា​ពេល​នេះ​រដូវ​បុណ្យ​ភ្ជុំ​ក៏ដោយ។

(ខ្លោង​ទ្វារចូល​វត្ត​បុរេល្អាង​១២)

ដូច្នេះ​ក្នុង​រដូវ​ភ្ជុំ​នេះ ពុទ្ធបរិស័ទ​ទាំង​ឡាយ គួរ​តែ​ទៅ​ធ្វើ​បុណ្យ​នៅ​ទី​នោះ មិន​ថា​តែ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ឫ​ខេត្ត​ដទៃ​ទៀត ដើម្បី​ទៅ​ឃើញ​ផ្ទាល់​ថា​ព្រះសង្ឃ​កំពុង​ជួប​ផល​វិបាក​ប៉ុណ្ណា។

២. វត្ត​ព្រៃត្រឡាច

  វត្ត​អារាម​ដែល​ខ្សត់​ពុទ្ធបរិស័ទ​​មួយ​នេះ​វិញ គឺ​ស្ថិត​នៅ​ភូមិ​ព្រៃ​ត្រឡាច ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។ វត្ត​នេះ មាន​ចម្ងាយ​ប្រមាណ ២៥ គីឡូ​ម៉ែត្រ ចេញ​ពី​ផ្លូវជាតិ​លេខ ៥ ហើយ​ផ្លូវ​ចូល​ទៅ​ដល់​វត្ត​ក្រាល​ក្រួស​ក្រហម​ប្រមាណ​ជិត ៣ គីឡូម៉ែត្រ​ទៀត ទើប​ទៅ​ដល់។

សាលាឆាន់កំពុងទ្រុឌទ្រោម

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក រតនៈ ជា​អ្នក​ខេត្ត​បាត់ដំបង បាន​ទៅ​ដល់​វត្ត​នោះ​ផ្ទាល់​ប្រាប់​ថា វត្ត​នេះ​ពិត​ជា​អត្តខាត់​ខ្លាំង ពេល​ទៅ​ដល់​មាន​អារម្មណ៍​គួរ​ឱ្យ​ស្រណោះ​ជា​ទី​បំផុត។ លោក​បន្ត​ទៀត​ថា សូម្បី​ក្នុង​រដូវ​ភ្ជុំ​ទៅ​ហើយ ក៏​មិន​សូវ​មាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ដែរ ហើយ​បើ​ក្រឡេក​មើល​ព្រះវិហារ សាលាឆាន់ និង​កុដិ​វិញ មាន​លក្ខណៈ​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​សង់​ពី​ឈើ​មាន​សភាព​ចាស់​ពុក​ផុយ​ទៅ​ហើយ។

ទិដ្ឋភាពក្នុងព្រះវិហារ

លោក​ រតនៈ បាន​ឱ្យ​ដឹង​ទៀត​ថា វត្ត​ព្រៃត្រឡាច នេះ​មាន​ព្រះសង្ឃ​គង់​នៅ​ ៤​អង្គ និង​លោកតា លោក​យាយ​ពីរ​បី​នាក់​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​រូប​លោក​ផ្ទាល់ ក៏​ដូច​ជា​ព្រះសង្ឃ​ទាំង​អស់​កំពុង​គង់​នៅ​វត្ត​នេះ សូម​អំពាវនាវ​ឱ្យ​ពុទ្ធបរិស័ទ​ទាំង​ទី​ជិត​ទី​ឆ្ងាយ សូម​ធ្វើ​ដំណើរ​ទៅ​វត្ត​ខាង​លើ ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ក៏​ដូច​ជា​ចូល​បច្ច័យ​តាម​សទ្ធា​ជ្រះ​ថ្លា ក្នុង​ការ​កសាង​វត្ត​អារាម​កំពុង​អត្តខាត់​មួយ​នេះ​៕

ក្លោងទ្វារវត្តព្រៃត្រឡាច

អត្ថបទ៖ វឌ្ឍនៈ