ឃើញ​ចំណុច​ថ្មីៗ​ទាំងនេះលើ iOS 11 ធានា​ថា​ចង់​អាប់ដេត​ភ្លាម!

  • 2017-09-20 06:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Apple បានបញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​​iOS 11 ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ។ មនុស្ស​មួយ​ចំនួន​នៅ​រារែក​ថា​គួរ​អាប់ដេត​ឡើង​ទៅ​​ iOS 11 ឬ​ក៏​អត់ ប៉ុន្តែ​ពេល​​ដឹង​ចំណុច​ពិសេសៗ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​រួច​​ អ្នក​នឹង​សម្រេច​អាប់ដេត​ភ្លាម។

​​@ Control Center ថ្មី​

នៅ​លើ​ iOS 10 Apple បាន​អាប់ដេត​ Control Center ដោយ​បំបែក​ចេញ​ជា​ពីរ​ផ្ទាំង ផ្ទាំង​ទី​មួយ​សម្រាប់​បើក​មុខងារ​ផ្សេងៗ និង​ទី​ពីរ​សម្រាប់​បញ្ជា​លើ​ការ​ចាក់​ចម្រៀង។ នៅ​លើ iOS 11 Control Center បាន​បន្ត​អាប់ដេត​ថ្មី​ ដោយ​​ផ្លាស់​ប្ដូរ​ផ្ទៃ​ Interface និង​អាច​បន្ថែម​បន្ថយ​មុខងារ​សំខាន់ៗ​លើ​ Control Center បាន​ មាន​ដូច​ជា​មុខងារ​បើក​​អ៊ីនធឺណិត​ទូរសព្ទ, មុខងារ​ Low-Power Mode និង​​មុខងារ​សម្រាប់​ថត​អេក្រង់​ទូរសព្ទ​ជា​​លក្ខណៈ​វីដេអូ​​ជា​ដើម។

Control Center ថ្មី​នេះ​ក៏​បាន​ពង្រីក​វិសាលភាព​ជា​មួយ​នឹង​បច្ចេកវិទ្យា​ 3D Touch ផង​ដែរ។ ជា​មួយ​នឹង​ការ​អាប់ដេត​នេះ​អ្នក​នឹង​មិន​បាច់​ចូល​ទៅ​កាន់​ Settings ​ញឹកញាប់​ដូច​លើ​ iOS មុនៗ​នោះ​ទេ។

@ Siri

Siri បាន​អាប់ដេត​ថ្មី​ដោយ​មាន​សំឡេង​កាន់​តែ​ដូច​ធម្មជាតិ​ និង​កាន់​តែ​ឆ្លាត​វៃ​ជាង​មុន។ មួយ​ក្នុង​ចំណោម​នោះ​គឺ​ Siri អាច​បក​ប្រែ​​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​ចិន បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​អេស្ប៉ាញ បាន​ភ្លាមៗ។

@ ការ​រក្សា​ទុក​រូបភាព

វិធី​សាស្ត្រ​នៃ​ការ​រក្សា​ទុក​រូបភាព​ ឬ វីដេអូ​បាន​កែប្រែ​ ដោយ​រូបភាព​ ឬ វីដេអូ​នឹង​ស៊ី​ទំហំ​មេមូរី​តិច​ជាង​មុន​នៅ​លើ iPhone ឬ iPad។ សម្រាប់​វីដេអូ​ Apple បាន​​រក្សា​ទុក​តាម​ Encoding H.265 ឬ HEVC ដែល​បង្រួម​ទំហំ​ (Compress) បាន​តូច​ជាង​មុន ២ ដង។ រូបភាព​​​ដែល​ពី​មុន​ជា​ប្រភេទ​ JPEG ពេល​នេះ​បាន​ប្ដូរ​ទៅ​ជា​ HEIF ដែល​មាន​ទំហំ​តូច​ជាង​មុន​ ២ ដង​ដូច​គ្នា។ បញ្ជាក់​ថា​ Format ថ្មី​នេះ​មាន​សម្រាប់​តែ​ផលិតផល​ Apple ដែល​ប្រើ​បន្ទះ​ឈីប​ចាប់​ពី​ស៊េរី​​ A9 ឡើង​ទៅ​ប៉ុណ្ណោះ។

@ ក្ដារ​ចុច​​ដែល​អាច​ប្រើ​ដោយ​ដៃ​ម្ខាង

ប្រសិន​បើ​ចុច​លើ​ Icon រូប​ផែនដី​ ឬ ​រូប​ Emoji លើ​ក្ដារ​ចុច​ iPhone អ្នក​នឹង​ឃើញ​មាន​ជម្រើស​​​ប្រើ​ក្ដារ​ចុច​ One-Handed Keyboard ដែល​ទាញ​គ្រាប់​ចុច​ទាំង​អស់​មក​ខាង​​ឆ្វេង ឬ​ស្ដាំ​ ​ដើម្បី​ឲ្យ​អ្នក​​អាច​វាយ​អក្សរ​ដោយ​ប្រើ​ដៃ​តែ​ម្ខាង។

@ App Store រចនា​ថ្មី

App Store រចនា​រូបរាង​ថ្មី​ដោយ​បាន​បែង​ចែក​កម្មវិធី​ និង​ហ្គេម​​​ជា​ពីរ​ Tab ផ្សេង​គ្នា ហើយ​ក៏​មាន​បន្ថែម​ Tab ថ្មី​ឈ្មោះ​ថា​ "Today” ដែល​ជា​កន្លែង​សម្រាប់​ស្វែង​រក​​កម្មវិធី​ថ្មីៗ ឬ ហ្គេម​ថ្មីៗ​ប្រចាំ​ថ្ងៃ។

មុខងារ​បង្កប់លើ iOS 11

មិន​ខុស​ពី​ iOS ជំនាន់​មុនៗ ​នៅ​លើ​ iOS 11 នេះ​ក៏​សម្បូរ​ទៅ​ដោយ​មុខងារ​បង្កប់​ជា​ច្រើន​ដែរ ដោយ​កន្លង​មក​​មុខងារ​បង្កប់​ដែល​គេ​ប្រទះ​ឃើញ​​លើ​ iOS 11 មាន​ដូច​ខាង​ក្រោម ៖

@ Offload Unused Apps ៖

ក្នុង​ Settings មាន​ជម្រើស​ថ្មី​ដែល​វា​​នឹង​ Uninstall (លុប) កម្មវិធី​មួយ​​ដែល​មិន​បាន​ប្រើ​ក្នុង​រយៈពេល​ណា​មួយ ចេញ​ដោយ​ស្វ័យប្រវត្តិ។ ទិន្នន័យ​ ឬ ឯកសារ​ដែល​មាន​ក្នុង​កម្មវិធី​ដែល​បាន​លុប​នេះ​ នឹង​ត្រូវ​រក្សា​​ទុក​ ក្នុង​ករណី​ដែល​កម្មវិធី​នេះ​ត្រូវ​បាន​​ដំឡើង​ឡើង​វិញ។

​​​​​​​​​​@ កែ​ប្រែ​លើ​កន្លែង​បង្ហាញ​ពី​ Storage ៖

Tab ចាស់​ឈ្មោះ​ "Storage and iCloud Uasge” ​ត្រូវ​បាន​ប្ដូរ​ដាក់​ឈ្មោះ​ថ្មី​ថា "iPhone Storage” ដែល​បង្ហាញ​ពី​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ទូរសព្ទ រួម​ទាំង​មាន​បញ្ចូល​មុខងារ​ថ្មីៗ​មួយ​ចំនួន​ត្រង់​កន្លែង​ "Recommendations”។

@ Smart Invert ៖

ក្នុង​ Settings នៅ​ពី​ក្រោម​ពាក្យ​ថា​ Accessibility > Display Accommodations > Invert Colors មាន​បន្ថែម​ជម្រើស​ថ្មី​ឈ្មោះ​ថា​ "Smart Invert”។ Smart Invert ​នឹង​​ប្ដូរ​ពណ៌​ (Reverse) ​ការ​បង្ហាញ​លើ​អេក្រង់​ទាំង​អស់​ លើក​លែង​តែ​រូបភាព, វីដេអូ និង​កម្មវិធី​មួយ​ចំនួន។ វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​​មុខងារ​ Dark Mode ដែល​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​សង្ឃឹម​ថា​នឹង​មាន​លើ iOS 11 ដែរ។

@ ផ្ទាំង​បន្ថែម​/បន្ថយ​សំឡេង ៖

លើ​ iOS 11 ពេល​​ទស្សនា​វីដេអូ​ បើ​សិន​បន្ថែម ឬ បន្ថយ​សំឡេង​នឹង​លែង​ឃើញ​មាន​ផ្ទាំង​​មក​បាំង​ពេញ​អេក្រង់​ទៀត​ហើយ ដោយ​ជំនួស​មក​វិញ​​នូវ​ផ្ទាំង​តូច​មួយ​ នៅ​ផ្នែក​លើ​ខាង​ស្ដាំ​នៃ​វីដេអូ​វិញ​ម្ដង។

បញ្ជាក់​ថា​ខាង​លើ​គ្រាន់​តែ​ជា​ការ​បង្ហាញ​ពី​ចំណុច​ផ្លាស់​ប្ដូរ​សំខាន់ៗ​មួយ​ចំនួន​ប៉ុណ្ណោះ នៅ​មាន​មុខងារ​ និង​ចំណុច​ពិសេសៗ​ដទៃ​ទៀត​ដែល​មិន​បាន​បង្ហាញ​ឲ្យ​អស់៕​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម