អ្នក​ធ្វើការ​លើ​វិស័យ​អប់​រំ​ថា​អ្នក​ធ្លាក់​បាក់ឌុប​គួររៀន​ជំនាញ ឬបរិញ្ញាបត្រ​រងជាជាង​រៀន​ថ្នាក់ទី​១២​ឡើងវិញ

  • 2017-09-21 08:30:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​ធ្វើការ​លើ​វិស័យ​អប់​រំ​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ដែល​ប្រ​ឡង​បាក់ឌុប​ធ្លាក់​ថា​កុំ​អស់​សង្ឃឹម​​ក្នុង​ជីវិត និង​ថា​ពុំ​គួរ​វិល​ទៅ​រៀន​ថ្នាក់ទី​១២​វិញ​នោះទេ​ ដោយ​ថា​នាំ​ខាត​ពេល​វេលា តែ​លោក​ថា​គួរ​បន្ត​រៀន​ថ្នាក់​បរិញ្ញា​បត្រ​រង ឬ​ជំនាញ​វិជ្ជាជីវៈវិញ​ប្រសើរជាង។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជា​អ្នក​ឯក​​ទេស​ខាង​អប់រំ និង​ជា​សហ​គ្រិន​មួយរូប​ផង​បាន​ថ្លែង​ក្នុង​សិក្ខា​សាលា​ប្រចាំ​ឆ្នាំ​ស្តីពី «យុទ្ធសាស្រ្ត​ជ្រើស​រើស​មុខ​ជំនាញ​​ និង​ឱកាស​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​» នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា (តិចណូ) កាលពី​ចុងសប្តាហ៍​មុនថាអ្នក​ប្រលង​បាក់ឌុប​ធ្លាក់​​គួររៀន​បរិញ្ញា​បត្ររង ​ឬ​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​ណា​មួយ​ដើម្បី​សិក្សា​កុំ​ឲ្យ​ខាត​ឆ្នាំ។

(លោក​ គួច ម៉េងលី កំពុងធ្វើ​បទបង្ហាញកាលពីពេល​កន្លងទៅ)

លោក​ថ្លែង​បន្តថា​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​សកល​លោក​អ្នក​ប្រ​ឡង​ធ្លាក់​ថ្នាក់​ទី១២​គឺ​មិន​ត្រឡប់​ទៅ​រៀន​ឡើង​វិញ​ទេ ពោល​គឺ​អ្នក​ទាំង​នោះ​បន្ត​រៀន​យក​ជំនាញ​វិជ្ជាជីវៈតែ​ម្តង។ លោក​ថា​ជំនាញ​វិជ្ជាជីវៈ​​ក៏​អាច​ដឹកនាំ​មនុស្ស​ទៅ​រក​ភាព​ជោកជ័​យ​ក្នុង​ការងារ​ដូច​គ្នា។​​​​ លោក​បន្ថែមថាៈ « នៅ​ស្រុក​​គេ គេ​អត់​ដែល​រៀន​ឡើង​វិញ​ទេ ត្រូវ​ចាំ​ឱ្យ​ច្បាស់​​ គិត​ពី​ឥឡូវ​រហូត​ដល់​២​ ឆ្នាំ​ ឬ៣ឆ្នាំ​ទៀត​ គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​ថា យើង​ជាប់ ឬ​ធ្លាក់​ទេ (បាក់ឌុប) គេ​អត់​ខ្វល់​ទេ...ដូច្នេះ​កុំ​ឲ្យ​ត្រលប់​ទៅ​វិញ​ខ្មាស់​គេ​ទី១ កុំ​ឱ្យ​រៀន​ឡើង​វិញ​ខាត​ពេល​ទី២ គឺ​ចូល​រៀន​មហាវិទ្យា​ល័យ​តែ​ម្តង...យើងអត់​ខ្មាស់គេ ...យើងបានស៊ាំនឹង​មហាវិ​ទ្យាល័យ​​គឺ​បាន​សញ្ញា​បត្រ​ដូចគ្នា…ចេះដូចគ្នា​...​គេ​អត់​ដែល​ខ្វល់​អ្នក​ឯង​ជាប់ ឬ​ធ្លាក់​ទេ សំខាន់​គឺយើង​បន្តទៅទៀត»។

លោក​បញ្ជាក់​ថា​អ្នក​ដែល​ធ្លាក់​បាក់ឌុប​អាច​ដាក់ពាក្យ​ប្រឡង​​បំពេញ​វិជ្ជានៅ​ឆ្នាំ​បន្ទាប់​ ខណៈដែល​ខ្លួន​កំពុង​រៀន​ជំនាញ​វិជ្ជាជីវៈ ឬ រៀន​បរិញ្ញា​បត្រ​រង។

លោក គួច ម៉េងលី មិន​លើកទឹក​ចិត្ត​ឲ្យ​យុវជន​រៀន​ពីរ​បី​មហាវិទ្យា​ល័យ​ក្នុងពេល​តែ​មួយ​នោះ​ទេ តែ លោក​ថា​យុវជន​គួរ​រៀន​មុខវិជ្ជាតែ​មួយ​បាន​ហើយ និង​ខំ​សម្រួច​មុខវិជ្ជា​នោះ​ឲ្យ​បាន​ច្បាស់​លាស់។ ជាមួយ​គ្នានេះ​លោក​ថា​បើ​សល់ពេល​យុវជន​ត្រូវ​ឆ្លៀត​រក​ក្រុម​ហ៊ុន ឬ​ស្ថាប័ន​នានា​ដើម្បី​ហាត់ការងារ​ដោយថា​ក្រោយ​រៀន​ចប់​នឹង​មាន​ទាំងចំណេះ និងបទពិសោធន៍​ព្រម​គ្នា​តែ​ម្តង។

លោក​បញ្ជាក់​យ៉ាងនេះ​ថាៈ «អ្នក​ខ្លះ​អត់​ដឹង(បែរជា) ​មានមោទ​នភាព​នឹង​ការ​ចាប់​យក​ជំនាញ​ច្រើន​​នៅ​មហា​វិទ្យាល័យ​...(យើង)​ត្រូ​វ​រៀន​លើ​មុខវិជ្ជា​ណា​ដែល​ខ្លួន​ពេញ​ចិត្ត រៀន​តែ​មួយ​មុខ សំលៀងឲ្យ​​មុត ចាក់​ឲ្យ​ធ្លាយ​ វាយឲ្យ​បែក ឲ្យ​ច្បាស់លាស់»។

ក្រៅពីនេះ​លោក​ណែនាំ​ថា​យុវជន​ដែល​កំពុង​នឹង​ត្រៀម​មក​រៀន​នៅ​មហាវិទ្យាល័​យ​ត្រូវ​ចេះ​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​​អ្នកនៅជុំវិញ​ខ្លួន និងអាន​សៀវភៅ​ឲ្យ​បាន​ច្រើនដោយ​ថា​ដើម្បីឲ្យ​ចំណេះ​ដឹង​ទូលំទូលាយ៕​​


អត្ថបទដោយ៖ សុផល