ទឹក​រលកសមុទ្រ​​សិប្ប​និម្មិត​លើក​ដំបូង​នៅ​កម្ពុជា ទាក់ទាញ​ការអារម្មណ៍អ្នក​បាត់ដំបង  

  • 2017-09-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចចាត់ទុកជា​ការ​ច្នៃ​ប្រឌិត​មួយ​ដើម្បីទាក់ទាញ​​ការចាប់អារម្មណ៍​ដល់អតិថិជន រមណីយ៍ដ្ឋាន​កែ​ច្នៃ​មួយ​កន្លែង​​ ​ក្នុង​ខេត្ត​បាត់ដំបង​បានបង្កើត​ជា​​អាង​ទឹក​រលកសមុទ្រ​​សិប្ប​និម្មិត​ ​ និង​ទើ​ប​ដាក់​ឱ្យដំណើរ​ការ​កាល​ពី​ចុង​សប្តាហ៍​មុន​។ អាង​ទឹក​រលក​សិប្ប​និម្មិត​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​​មជ្ឈមណ្ឌល​​​​​​​សុភមង្គល​ក្រុងបាត់ដំបង​ ម្តុំ​ផ្លូវ​ក្រវ៉ាត់​ក្រុង​។   កញ្ញា ស៊ន សុខកញ្ញា អ្ន​ក​គ្រប់​គ្រងទូទៅ​នៅ​មជ្ឈ​មណ្ឌល ​សុភមង្គល​ក្រុងបាត់ដំបង​បាន​ប្រាប់ sabay ​ឱ្យ​ដឹង​ថា ​មូលហេតុ​ដែល​​មជ្ឈមណ្ឌល​នាំ​យក​​បច្ចេកទេសអាង​សិប្បនិម្មិត​​នេះ​ដាក់​ដំណើរការ ​​ដោយ​សារ​ចង់​បង្ហាញពីការ​​ច្នៃប្រឌិត​ថ្មីៗ និងប្លែកអារម្មណ៍សម្រាប់អតិថិជន​​មក​កម្សាន្ត​ ខណៈ​អាង​ទឹក​រលកសិប្បនិម្មិត​​​នេះ​មិន​ទាន់​មាន​​​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​។ ​

(អាងទឹកមជ្ឈ​មណ្ឌល ​សុភមង្គល​ក្រុងបាត់ដំបង​ មើល​ពីលើ)

កញ្ញា​បន្តថា បន្ទាប់​ពីដាក់ឱ្យ​ដំណើការ​ចាប់​ពីថ្ងៃទី១៥ ខែកញ្ញា​ មក​មណ្ឌល​កម្សាន្ត​នេះ​មាន​​ការចាប់​អារម្មណ៍​ពីមនុស្ស​គ្រប់​វ័យ​ក្នុង​ខេត្ត​បាត់​ដំបង​មក​​ហែលទឹក​​កម្សាន្ត​។ ដោយ​​មិន​ប្រាប់​ពីទំហំទឹក​ប្រាក់​វិនិយោគ និង​បច្ចេកទេស​​មក​ពី​ប្រទេស​ណា​នោះ ​កញ្ញាបានបង្ហើប​ថា អាង​ទឹក​សិប្បនិម្មិត​នេះ​​ក៏​ឃើញ​មាន​​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​រមណីយដ្ឋាន​​ល្បី​មួយ​ក្នុង​ប្រទេស​ថៃ​។   កញ្ញា​បន្ថែម​​ថា ​នៅ​មជ្ឈមណ្ឌល​ ​មាន​​អាង​ចំនួន​៤ អាង​នីមួយ​ៗ​មាន​​ទំហំ​ ១២៤០ម៉ែត្រ​ការ៉េ និង​​មាន​ទឹក​រលក​ចន្លោះពី​១​​ម៉ែត្រទៅ​ជាង​១​ម៉ែត្រ​​ ដែល​អាច​​​ឲ្យ​មនុស្ស​ពេញ​វ័យហែល​លេងបាននិង ក្មេងជំទង់អាច​ហែលលេង​បាន​។ «អ្នក​ខ្លះ​​គាត់​អត់​ដែល​បាន​ទៅ​សមុទ្រទេ​បង​…ចឹងពេល​គាត់​ឃើញ​ចឹង​ទៅ​ដូច​ថាអារម្មណ៍ប្លែក​​ ពិសេស​ទឹក​រលក​បោក​ប៉ះខ្លួន​មាន​អារម្មណ៍រីករាយ​ដូចបានទៅ​លេង​សមុទ្រចឹងដែរ។ប៉ុន្តែទឹក​ហ្នឹងអត់​ប្រៃ​ដូចទឹកសមុទ្រទេ »។ ក​ញ្ញា​បន្ថែម។​  

(អាងហែលទឹក​មើលពី​លើ)

ក្រៅពី​មាន​អាងទឹក​សមុទ្រ​សិប្បនិម្មិត​ មណ្ឌល​កម្សាន្ត​មួយនេះ​ក៏​មានសួន​ច្បា រូប​សត្វផ្សេងៗ​ ព្រមទាំង​ផ្សារ​បន្លែ​សេរីរាង្គ​សម្រាប់អតិថិជន​​ជន​ជាវផងដែរ។ នេះបើតាម​កញ្ញា​ ស៊ន សុខកញ្ញា ថ្លែង​ប្រាប់​ sabay ។

អត្ថបទ​ដោយ៖ សុផល

រូបភាព៖ ផ្តល់​ឲ្យ​