Facebook បើក​មន្ទីរ​ពិសោធន៍​បច្ចេកវិទ្យា​ AI ​នៅ​កាណាដា

  • 2017-09-18 11:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ​បាន​បើក​មន្ទីរ​ពិសោធន៍​បច្ចេកវិទ្យា​ AI ​នៅ​ប្រទេស​កាណាដា​កាល​ពី​ថ្ងៃ​សុក្រ​ខណៈ​នាយក​រដ្ឋមន្ត្រី​លោក​ Justin Trudeau យល់​ព្រម​ទាំង​ក្ដី​រីករាយ​ និង​បាន​ណែ​នាំ​ពី​សក្ដានុពល​ AI ​នា​ពេល​អនាគត។

នាយក​រដ្ឋមន្ត្រី​ទី​ ២៣ ​វ័យ ៤៥ ឆ្នាំ​របស់​កាណាដា Trudeau ​និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស​នៅ​សកល​វិទ្យាល័យ​ McGill University ​ថា​៖ " ភាព​ច្នៃ​ប្រឌិត​កំពុង​ជំរុញ​ភាព​រុង​រឿង​របស់​យើង​មិន​ត្រឹម​តែ​ក្រុង​ Montreal ​តែ​សម្រាប់​ប្រទេស​កាណាដា​ទាំង​មូល​"។ ដោយ​ឡែក​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ AI ​លោក​ស្រី​ Joelle Pineau ​នៅ​សកល​វិទ្យាល័យ​ McGill ​ដែល​នឹង​ដឹក​នាំ​មន្ទីរ​ពិសោធន៍​នេះ​និយាយ​ថា​ ការ​វិនិយោគ​របស់​ Facebook ​ក្នុង​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ​នឹង​ជំរុញ​ការ​សិក្សា​ AI ​បន្ថែម​ទៀត។

លើស​ពី​នេះ​ទៅ​ទៀត​ការ​ផ្ដោត​សំខាន់​របស់​លោក​ស្រី​ Pineau គឺ​ធ្វើ​ឱ្យ​កុំព្យូទ័រ​និយាយ​ជាមួយ​មនុស្ស​បាន​ដែល​ជា​ការ​ចង់​បាន​របស់ Facebook ​ដើម្បី​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ Apple, Google, Microsoft និង​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត​ដែល​អភិវឌ្ឍ​ជំនួយ​ការ​សិប្បនិម្មិត​ខណៈ​ Google ​និង​ Microsoft មាន​មន្ទីរ​ពិសោធន៍​ក្នុង​ប្រទេស​កាណាដា​ដែល​បង្កើត​ក្រុម​អ្នក​ជំនាញ​ផ្នែក​ AI ​រួច​ទៅ​ហើយ​ ។

អាមេរិក​នៅ​តែ​នាំ​មុខ​គេ​ផ្នែក​ AI តែ​អ្នក​ជំនាញ​របស់​ខ្លួន​សុទ្ធ​តែ​មក​ពី​ក្រៅ​ប្រទេស​ហើយ​កាណាដា​គឺ​ជា​កន្លែង​ទាក់​ទាញ​សម្រាប់​ក្រុមហ៊ុន​មក​វិនិយោគ​ AI ​ទៅ​វិញ​ ។ គួរ​បញ្ជាក់​ថា​ នេះ​គឺ​ជា​មន្ទីរ​ពិសោធន៍​AIទី​៤​របស់ Facebook​ ខណៈ​មន្ទីរ​ពិសោធន៍​មាន​នៅ​បារាំង​និង​ពីរ​កន្លែង​ទៀត​នៅ​ទឹក​ដី​អាមេរិក៕

 

ប្រភព៖ Phys   ប្រែសម្រួល៖ សិរីបុទ្រ