“Real Madrid ​ចាប់​ផ្ដើម​រដូវ​កាល​នេះ ​អា​ក្រក់​ខ្លាំង​បំផុត” : Ramos

  • 2017-09-22 01:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“វា​ជា​ការ​ចាប់​ផ្ដើម​រដូវ​កាល​អាក្រក់​ខ្លាំង​ណាស់ ដែល​សូម្បី​តែ​ក្រុម​អាច​​ឈ្នះ​ក្នុង​ដី​ក៏​យើង​មិន​អាច​យក​ឈ្នះ​បាន។ យើង​គួរ​តែ​គិត​រឿង​នេះ​ឡើង​វិញ ​មិន​ត្រូវ​បន្ទោស​អ្នក​ណា​ទេ។ យើង​មាន​កីឡាករ​ដែល​ទើប​តែ​ឈ្នះ​ពាន​កាល​ពី​១​ខែ​មុន”។ សម្ដី​ប្រធាន​ក្រុម Sergio Ramos ។

ក្រុម Real Madrid ​ទើប​តែ​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង​ម្ដង​ទៀត​កាល​ពី​ប៉ះ​ជាមួយ Real Betis ​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ ​ក្នុង​លទ្ធផល ០-១។ បរាជ័យ​ទាំង​មាន​កីឡាករ​ពេញ​ជើង​នេះ​ដែរ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​និង​កីឡាករ​ក្នុង​ក្រុម​ផ្ទាល់​ហាក់​មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយសារ​តែ​ពួកគេ​មាន​ក្ដី​រំពឹង​ខ្ពស់​ថា​នឹង​លេង​បាន​ល្អ​ជាង​នេះ។ លទ្ធផល​មិន​ល្អ​នេះ​ដែរ ​ធ្វើ​ឱ្យ Ramos ​គិត​ថា​នេះ​ជា​ការ​ចាប់​ផ្ដើម​រដូវ​កាល​អាក្រក់​បំផុត​ហើយ​សម្រាប់​ក្រុម Real Madrid ​ដោយ​ចាញ់​៣​ប្រកួត​ក្នុង​ដី​ខ្លួន​ឯង ​នា​៥​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​នេះ។

ខ្សែ​ការពារ​ខាង​លើ​បាន​បន្ដ​ទៀត​ថា​៖ “ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​យើង​ពិបាក​រក​គ្រាប់​បាល់​នៅ​ដី​ខ្លួន​ឯង​ដូច្នេះ​ទេ។ វេលា​ចេះ​តែ​ដើរ​ទៅ​មុខ​អំឡុង​ពេល​លេង ខណៈ​ដែល​គ្រាប់​បាល់​មិន​មាន​ទាល់​តែ​សោះ។ យើង​មាន​ឱកាស​ដែរ ប៉ុន្តែ​យើង​តែងតែ​មិន​អាច​ធ្វើ​បាន​សម្រេច​សោះ”។

មួយ​វិញ​ទៀត​នេះ​ក៏​ជា​សម្ពាធ​មួយ​សម្រាប់​ក្រុម​ការពារ​តំណែង​ជើង​ឯក​មួយ​នេះ​ផង​ដែរ ​ត្បិត​អី​បច្ចុប្បន្ន​ពួកគេ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៨​ក្នុង​តារាង ​មាន​ត្រឹម​៨​ពិន្ទុ ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង FC Barcelona ​ដល់​ទៅ​៧​ពិន្ទុ​ឯ​ណោះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី