អាច​ទេ​ ឡៅ​ ចន្រ្ទា​ ប៉ះ​ ផាន់​ គ្រាន់​ ម្ដង​ទៀត​ថ្ងៃ​សៅរ៍​ស្អែក​នេះ?

  • 2017-09-22 03:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អាច​ឬ​ទេ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​អ្នក​ប្រដាល់​ល្បីឈ្មោះ​ជួរមុខ​របស់​កម្ពុជា​ ឡៅ​ ចន្រ្ទា​ ប៉ះ​មិត្ត​រួម​ជាតិ​និង​ជា​ដៃ​គូ​ចាស់​ ផាន់​ គ្រាន់​ នៅ​ក្នុង​កម្មវិធី​ប្រកួត​ម៉ារ៉ាតុង​យក​ទឹក​ប្រាក់​៤លាន​រៀន​ នៅ​សង្វៀន​ CNC។​

កីឡាករ ឡៅ ចន្រ្ទា

បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​សង្វៀន​ប្រដាល់​ CNC​​ គឺ​បាន​បង្ហាញ​ឈ្មោះ​កីឡាករ​ដែល​នឹង​ត្រូវ​ប្រកួត​កម្មវិធី​ម៉ារ៉ាតុង​នា​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​កញ្ញា​ សប្ដាហ៍​នេះ​ រួម​មាន​ម្ចាស់​ខ្សែក្រវាត់​គូបូតា​ថ្មី​ថ្មោង​ ផាន់​ គ្រាន់​ ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ឡាវ​ អូរ៉ូណូ ចំប៉ាសក្តិ​ ខណៈ​អ្នក​លេង​កែង​មក​ពី​ឆត្រ​យោង​៩១១​ ឡៅ​ ចន្រ្ទា​ ត្រូវ​ប្រឈម​ជា​មួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​ នឹងត្រាក់កាន ក.កាមន្តវ៉ាត់។​ ការ​ប្រកួត​នេះ​ប្រសិន​បើ​កីឡាករ​ខ្មែរ​ទាំង​ពីរ​រូប​ខាង​លើ​ឈ្នះ​ដៃ​គូ​ដូច​គ្នា​ ពួក​គេ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​នៅ​ថ្ងៃ​ដដែល​នោះ​តែ​ម្ដង​ដើម្បី​រក​ជើង​ឯក​ម៉ារ៉ាតុង។​

កីឡាករ ផាន់ គ្រាន់​

គូ​បញ្ជាក់​ដែរ​ថា​កម្មវិធី​ប្រកួត​ម៉ារ៉ាតុង​នេះ​គឺ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ​៦៥គីឡូក្រាម​ និង​មាន​កីឡាករ​៤រូប​ត្រូវ​ប្រកួត​ជម្រុះ​ហើយ​យក​២នាក់​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។​ សម្រាប់​ការ​ប្រកួត​ជម្រុះ​ដំបូង​កីឡាករ​ត្រូវ​ប្រកួត​៣ទឹក​ ហើយ​បើ​ចាញ់​គឺ​ធ្លាក់​តែ​ម្ដង​ និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ត្រូវ​ប្រកួត​៥ទឹក​រក​ម្ចាស់​ជើង​ឯក៕​

អត្ថបទ៖ នួន ស៊ីណា​