សិល្បករ​ចាប៉ី​ដង​វែង​ទូទាំង​ប្រទេស​​ចូល​រួម​ប្រឡង​ក្នុង​មហោស្រព​ថ្នាក់​ជាតិ​២០១៧​​

  • 2017-09-22 07:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​និង​រៀបចំ​មហោស្រព​ចាប៉ី​ដង​វែង ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២៣ ស្អែក​នេះ ដោយ​ការ​ធ្វើ​មហោស្រព​នេះ​នឹង​ប្រឡង​សមត្ថភាព​សិល្បករ​ចាប៉ី​ដង​វែង​ទូទាំង​ប្រទេស។

រូបតំណាង

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព លោក ប៊ុត ចាន់ណា បាន​ប្រាប់ Sabay ថា ការ​រៀបចំ​មហោស្រព​ចាប៉ី​ដង​វែង​ និង​ឧបករណ៍​ខ្សែ​មួយ (ខ្សែ​ដៀវ)​ នេះ​ឡើង គឺ​ក្នុង​គោល​បំណង​អភិរក្ស​និង​អភិវឌ្ឍន៍​ទម្រង់​ចាប៉ី​ដង​វែង​ឲ្យ​គង់វង្ស។ មួយ​វិញ​ទៀត​ដើម្បី​ផ្សព្វផ្សាយ​ទម្រង់​មួយ​នៅ​ទៅ​កាន់​យុវវ័យ​និង​ក្មេង​ជំនាន់​ក្រោយ​ៗ​ឲ្យ​បាន​ដឹង​និង​ចូល​រួម​ថែរក្សា។ អ្នក​រៀបចំ​មហោស្រព​ចាប៉ី​ដង​វែង​រូប​នេះ​បន្ថែម​ទៀត​​ថា ឆ្នាំ​នេះ​មាន​ការ​ដាក់​បញ្ចូល​ទម្រង់​ឧបករណ៍​ខ្សែ​ដៀវ​ចូល​រួម​ប្រកួត​ដែរ ការ​ដាក់​នេះ​ក៏​ដោយសារ​តែ​ក្រសួង​វប្បធម៌​មើល​ឃើញ​ថា ឧបករណ៍​មួយ​នេះ​ប្រឈម​នឹង​ការ​បាត់​បង់​បន្តិច​ម្ដង​ៗ ព្រោះ​មិន​សូវ​មាន​អ្នក​រៀន។

“មហោស្រព​ឆ្នាំ​នេះ មាន​ប្រឡង​ចាប៉ី និង​ឧបករណ៍​ខ្សែ​ដៀវ។ បាន​ជា​យើង​ប្រឡង​ទម្រង់​ពីរ​នេះ​ដោយសារ​តែ​ទម្រង់​ចាប៉ី​បាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភព​លោក​ហើយ ដូច្នេះ​យើង​ត្រូវ​តែ​ខំ​ផ្សព្វផ្សាយ បើ​មិន​ដូច្នោះ​គេ​អាច​លុប​ចេញ​ពី​បញ្ជី​វិញ។ ខ្សែ​ដៀវ​វិញ​ឥឡូវ​នេះ​វា​ប្រឈម​និង​ការ​បាត់​បង់​ហើយ ដូច្នេះ​យើង​ត្រូវ​ខំ​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់​តែ​ធំ​ទូលាយ”។ លោក បញ្ជាក់។

មហោស្រព​ចាប៉ី​ដង​វែង​នេះ រៀប​ចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ ការ​រៀប​ចំ​ឆ្នាំ​មុន​ៗ​មាន​ប្រឡង​តាំង​ពី​ចាប៉ី​ដង​វែង អាយ៉ៃ យីកេ ជា​ដើម។ ដោយ​ឡែក​ឆ្នាំ​នេះ មហោស្រព​ចាប៉ី​ដង​វែង​មាន​ប្រឡង​ពីរ​ទម្រង់​គឺ ចាប៉ី​ដង​វែង និង​ឧបករណ៍​ខ្សែ​ដៀវ។ អ្នក​ដែល​ជាប់​ជ័យ​លាភី​លេខ១​និង​ទទួល​បាន​ពាន១ រួម​និង​ថវិកា​មួយ​ចំនួន។ ក្រៅ​ពី​នោះ​អ្នក​ដែល​ប្រឡង​ចាប៉ី​ទាំង​អស់​ក្នុង​មហោស្រព​នេះ សម្ដេច​នាយក​រដ្ឋ​មន្ត្រី នឹង​អនុញ្ញាត​ឲ្យ​​ចូល​ជួប​នៅ​វិមាន​សន្តិ​ភាព​ផង​ដែរ។

បើ​តាម​លោក ប៊ុន ចាន់ណា គិត​ត្រឹម​ថ្ងៃ​ទី​២២នេះ ផ្នែក​ទម្រង់​ចាប៉ី​មាន​អ្នក​ដាក់​ពាក្យ​ប្រឡង​ប្រមាណ ១៧ខេត្ត​ក្រុង​ហើយ​ ចំណែក​ឯ​ផ្នែក​ឧបករណ៍​ខ្សែ​ដៀវ​វិញ​មាន​ប្រមាណ​៨នាក់។

រូបតំណាង

បញ្ជាក់​របាយការណ៍​នេះ​មិន​ទាន់​បូក​សរុប​អស់​នៅ​ឡើយ​ទេ ព្រោះ​នៅ​មាន​បេក្ខជន​ដាក់​ពាក្យ​ជា​បន្ត​បន្ទាប់។ មហោស្រព​នេះ​ធ្វើ​ឡើង​នៅ នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ចាប់​ពី​ម៉ោង​៨ កន្លះ ដល់ ម៉ោង ៦ កន្លះ។ បិត​បញ្ចប់​ទៅ​វិញ​នៅ​សាល​ចតុម្មុខ​នៅ​ថ្ងៃ​ទី ២៤ ខែ​កញ្ញា​២០១៧ ដោយ​ធ្វើ​រួម​ជាមួយ​នឹង​ការ​អបអរ​សាទរ​ការ​វិល​ត្រឡប់​ពី​ទទួល​ពាន​រង្វាន់​សិល្បៈ​វប្បធម៌​ហ្វុកុអូកា នៃ​ប្រទេស​​ជប៉ុន​​របស់​លោក ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ផង​ដែរ៕

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទពេញនិយម