Tevez ៖ ទោះ​៥០​ឆ្នាំ​ទៀត បាល់ទាត់​ចិន​នៅ​តែ​គ្មាន​គីឡូ​ជាមួយ​បាល់ទាត់​​លីគ​ធំ​ៗ​ក្នុង​ពិភព​លោក

  • 2017-09-22 12:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ Manchester ​United និង Manchester City ខ្សែ​ប្រយុទ្ធ Carlos Tevez កាល​ពី​ពេល​ថ្មីៗ​បាន​និយាយ​ថា ទោះ​រយៈ ៥០​ឆ្នាំ​ទៀត បាល់​ទាត់​ក្នុង​លីគ​កំពូល​ចិន នៅ​តែ​មិន​អាច​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​បាល់ទាត់​ក្នុង​លីគ​ធំៗ​ក្នុង​ពិភពលោក។

បើ​ទោះ​ជា​កំពុង​លេង​ឲ្យ​ក្លឹប​ចិន Shanghai Shenhua ជាមួយ​នឹង​ប្រាក់​ឈ្នួល ៦៥០០០០ផោន​ ក្នុង​មួយ​សប្ដាហ៍​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​វ័យ ៣៣​ឆ្នាំ​ រូប​នេះ​បាន​ប្រាប់​ទៅ​សារព័ត៌មាន​បារាំង SFR Sport ថា៖ "នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង និង​ទ្វីប​អឺរ៉ុប កីឡាករ​ចាប់​ផ្ដើម​ហាត់​បាល់​តាំង​ពី​ពួក​គេ​នៅ​ក្មេង​ម្ល៉េះ ដែល​ខុស​គ្នា​ពី​នៅ​ទី​នេះ (ចិន)។ ដូច្នេះ​បើ​និយាយ​រឿង​បច្ចេកទេស ពួក​គេ​ (កីឡាករ​បាល់ទាត់​ចិន) នៅ​ស្ទើរ​ណាស់"។អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​សេះ​បង្កង់ Juventus រូប​នេះ បាន​បន្ត​ទៀត​ថា៖"បាល់​ទាត់​នៅ​ទី​នេះ​(ចិន) មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្ដា​បាល់​ទាត់​នៅ​អឺរ៉ុប និង​អាមេរិក​​ខាង​ត្បូង​ណាស់។ អ្នក​គាំទ្រ​នៅ​ទីនេះ​ក៏​ចាត់​ទុក​បាល់​ទាត់​ក្នុង​ន័យ​ខុស​គ្នា​ផង​ដែរ​ ហើយ​ខ្ញុំ​គិត​ថា ទោះ​រយៈ​ពេល ៥០​ឆ្នាំ​ទៀត​ទៅមុខ​ទៀត ក៏​បាល់ទាត់​ចិន​នៅ​តែ​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​បាល់ទាត់​ក្នុង​លីគ​ធំៗ​ក្នុង​ពិភព​លោក"។

គួរ​បញ្ជាក់​ផង​ដែរ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Carlos Tevez ទើប​តែ​ចាក​ចេញ​ពី​ក្លឹប​កំណើត​ខ្លួន Boca Juniors មក​ចូល​រួម​ជាមួយ​ក្លឹប​ចិន  Shanghai Shenhua កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ​តែ​ប៉ុណ្ណោះ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល ៦៥០០០០ ផោន​ក្នុង​មួយ​សប្ដាហ៍​ដែល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ក្លាយ​ជា​កីឡាករ​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​លើ​លោក។ បើ​ទោះ​ជា​បែប​នេះ ខ្សែ​ប្រយុទ្ធ​វ័យ ៣៣​ឆ្នាំ​រូប​នេះ ស៊ុត​ចូល​បាន​តែ​ ៣​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១៣​ប្រកួត​ឲ្យ​ក្លឹប​ចិន​មួយ​នេះ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ទើប​តែ​ត្រូវ​បាន​គ្រូ​បង្វឹក​ក្លឹប​មួយ​នេះ​ លោក Wu Jinguiមិន​ដាក់​ឈ្មោះ​ឲ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត​ បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ត្រូវ​បាន​លោក Wu ថា​ឡើង​ទម្ងន់​ខ្លាំង​ពេក៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម