រក​ឃើញ​ជើង​ឯក​ទទួល​ពាន​លេខ១​ ក្នុង​មហោស្រព​ចាប៉ី​ដង​វែង​ ឆ្នាំ​២០១៧​ហើយ

  • 2017-09-25 04:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​មហោស្រព​ចាប៉ី​ដង​វែង​ និង​ឧបករណ៍​ខ្សែ​មួយ (ខ្សែ​ដៀវ) ថ្នាក់​ជាតិ ​ឆ្នាំ​២០១៧​នេះ បាន​រក​ឃើញ​ជើង​ឯក​ទទួល​ពាន​រង្វាន់​​លេខ១ប្រចាំ​ឆ្នាំ​នេះ​ហើយ។

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព លោក ប៊ុត ចាន់ណា បាន​ឱ្យ Sabay ដឹង​ថា ការ​រៀបចំ​មហោស្រព​នេះ​ឡើង គឺ​ដើម្បី​ស្វែង​រក​អ្នក​ដែល​មាន​ទេពកោសល្យ​ល្អ​ជាង​គេទាំង​ផ្នែក​ចាប៉ី​ និង​ឧបករណ៍​ខ្សែ​មួយ​នៅ​ទូទាំង​ប្រទេស។ ម្យ៉ាង​វិញ​ទៀត​គឺ​ដើម្បី​អភិរក្ស​ និង​ផ្សព្វ​ផ្សាយ​ទម្រង់​ទាំងពីរ​នេះ​ទៅ​កាន់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ផុលផុស​ថែរក្សា។

“កម្ម​វិធី​នេះ​ប្រមូល​សិល្បករ​ទម្រង់​ទាំង​ពី​នេះ​ទូទាំង​ប្រទេស​ឱ្យ​មក​ប្រឡង ដើម្បី​រក​អ្នក​មាន​សមត្ថភាព​ខ្លាំង​ជាង​គេ។ យើង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ឆ្នាំ​ក្រោយ​អាច​នឹង​មាន​ទៀត តែ​យើង​អត់​ទាន់​ដឹង​ថា​នឹង​ជ្រើសរើស​ទម្រង់​មួយ​ណាមក​ប្រឡង​ទេ”។

ផ្នែក​ចាប៉ី

  • ជយ​លាភី​លេខ១​ ផ្នែក​ចាប៉ី​ដង​វែង​បាន​ទៅ​លើ​លោក ឡូត​ សុខគា ហៅ សុវណ្ណ គង្គា មក​ពី​រាជ​ធានី​ភ្នំពេញ។ លោក​ទទួល​បាន​ពាន១ អម​ដោយ​ជ័យ​លាភី​ប័ណ្ណ​សរសើរ និង​ទឹក​ប្រាក់​ចំនួន​២លាន​រៀល។
ជយ​លាភី​លេខ១​
  • ជយ​លាភី​លេខ២ ​បាន​ទៅ​លើ​លោក ហ៊ុល សម្បត្តិ មក​ពី​ខេត្ត​កំពង់​ឆ្នាំង ទទួល​បាន​ពាន១ អម​ដោយ​ជ័យ​លាភី​ប័ណ្ណ​សរសើរ និង​ទឹក​ប្រាក់​ចំនួន ១លាន ៨០ម៉ឺន​រៀល។

  • ជយ​លាភី​លេខ៣​ បាន​ទៅ​លើ​លោក សាន់ ស៊ឺន មក​ពី​ខេត្ត​កោះកុង ទទួល​បាន​ពាន១ អម​ដោយ​ជយ​លាភី​ប័ណ្ណ​សរសើរ និង​ទឹក​ប្រាក់​ចំនួន ១លាន៥០ម៉ឺនរៀល។

ផ្នែក​ឧបករណ៍​ខ្សែ​មួយ

  • ជ័យ​លាភីលេខ១​ លោក ទាវ រតនា មក​ពី​ខេត្ត​កណ្ដាល ទទួល​បាន​ពាន១ អម​ដោយ​ជ័យ​លាភី​ប័ណ្ណ​សរសើរ និង​ទឹក​ប្រាក់​ចំនួន​២លាន​រៀល។
  • ជ័យ​លាភី​លេខ២ បាន​ទៅ​លើ​លោក វ៉ិន ទុំ ទទួល​បាន​ពាន១ អម​ដោយ​ជ័យ​លាភី​ប័ណ្ណ​សរសើរ និង​ទឹក​ប្រាក់​ចំនួន ១លាន ៨០ម៉ឺន​រៀល។

  • ជ័យ​លាភី​លេខ៣បាន​ទៅ​លើ​លោក ម៉ន រ៉ាវី ទទួល​បាន​ពាន១ អម​ដោយ​ជ័យ​លាភី​ប័ណ្ណ​សរសើរ និង​ទឹក​ប្រាក់​ចំនួន១លាន៥០ម៉ឺនរៀល។

ប្រធាន​គណៈកម្មការ​វាយ​តម្លៃ​ និង​ឱ្យ​ពិន្ទុ​លោក សេង សំអាន បាន​ឱ្យ​ដឹង​ថា ជយ​លាភី​ទាំង​អស់​ទទួល​បាន​ពិន្ទុ ដោយ​​វាយ​តម្លៃ​ទៅ​លើ សំឡេង ចង្វាក់ ការ​ប្រគំ និង​ការ​បកស្រាយ​សុភាសិត។

គួរបញ្ជាក់ថា សិល្បករ​ប្រឡង​ក្នុង​មហោស្រព​ជាតិ​ ឆ្នាំ​២០១៧​នេះ ទាំង​ផ្នែក​ចាប៉ី​ និង​ឧបករណ៍​ខ្សែ​មួយ​សរុប​ទាំង​អស់​ចំនួន ៧៦ នាក់។ ផ្នែក​ចាប៉ី​ដង​វែង​មាន​សិល្បករ​ចំនួន ៦៧នាក់ ​ស្រី​៤នាក់ និង​ឧបករណ៍​ខ្សែ​មួយ​មាន​សិល្បករ​ចំនួន៩ នាក់។

សិល្បករ​ទាំង​អស់​ដែល​បាន​ប្រឡង​ក្នុង​មហោស្រព​ជាតិ រួម​ទាំង​លោក​តា គង់ ណៃ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​២៩​ខែ​កញ្ញា​ខាង​មុខ​នេះ៕

អត្ថបទៈ ប៉ូ សាគុន