អ្នក​សម្រេច​ចិត្ត​រៀបការ​ ត្រូវ​គិត​ចំណុច​ទាំង​នេះ បើ​មិន​ចង់​ឈ្លោះ​គ្នា​បែកផ្សែងថ្ងៃ​ក្រោយ

  • 2017-09-28 04:53:03
  • ចំនួនមតិ

ចន្លោះមិនឃើញ

អាពាហ៍ពិពាហ៍​ ជា​រឿង​​សំខាន់​មួយ​​សម្រាប់​យុវវ័យ​ ព្រោះ​វា​ជា​រឿង​អនាគត​​ដែល​មិន​អាច​ធ្វើ​តាម​តែ​ការ​នឹក​ឃើញ​នោះ​ទេ។ ជីវិត​គ្រួសារ​មាន​សុភមង្គល​ ឬ​ទៅ​​ជា​យ៉ាង​ណា​ ក៏​អាស្រ័យ​ទៅ​ការ​គ្រប់​គ្រង​របស់​អ្នក​ និង​ដៃ​គូ​របស់​អ្នក​ដែរ​ ដូច្នេះ​អ្នក​គួរតែ​មាន​គម្រោង​ខ្លះ​ មុន​ពេល​ឈាន​ដល់​អាពាហ៍ពិពាហ៍​។ ទាំង​នេះ​សុទ្ធ​តែ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ពិភាក្សា​ជាមួយ​គ្នា​ មុន​ពេល​សម្រេច​ចិត្ត​រៀបការ៖

រូបតំណាង

១. ​ពិភាក្សា​ចំពោះ​ការ​ប្រើប្រាស់​លុយ​​កាក់​ និង​គម្រោង​ការងារ

គួរតែ​គិតគូរ​អំពី​ការ​ចាត់ចែង​លុយកាក់​ដែល​អ្នក​មាន​​ ថា​តើ​គួរតែ​បើក​គណនី​សន្សំ ឬក៏​វិនិយោគ​ទៅ​លើ​អ្វីមួយ​ ដើម្បី​រក្សា ឬ​រក​ចំណូល​បាន​ខ្លះ​ទៀត។​ ម្យ៉ាងទៀត អ្នក​ក៏​គួរ​តែ​ពិភាក្សា​គ្នា​អំពី​ការ​ងារ​​ដែល​ត្រូវ​ធ្វើ និង​អ្វី​ដែល​អ្នក​ទាំង​ពីរ​​រំពឹង​ទុក​ថា​នឹង​មាន​ផង​ដែរ​​​។ តើ​អ្នក​​សម្រេច​ចិត្ត​ធ្វើ​ការ​ទាំង​ពីរ​នាក់​? តើ​ការងារ​ដែល​អ្នក​ធ្វើ​មាន​ស្ថិរភាព​ដែរ​ឬទេ? ហើយ​ថា​តើ ប្រាក់ខែ​អ្នក​អាច​ផ្គត់​ផ្គង់​គ្រួសារ​អ្នក​បាន​ដែរ​ឬ​ក៏​អត់​?

២. គម្រោង​មាន​កូន

ពិភាក្សា​ថា​តើ​អ្នក​គួរ​តែ​យក​កូន​​នៅ​ពេល​ណា? រៀបការ​ហើយ​ភ្លាម ​ឬក៏​ក្រោយ​រៀបការ​រយៈ​ពេល​យូរ?​​ ហើយ​គម្រោង​យក​កូន​ប៉ុន្មាន​? ព្រោះ​វា​អាច​ឲ្យ​អ្នក​ងាយ​ស្រួល ​នៅ​ពេល​ដែល​អ្នក​រៀបចំ​ទុក​ដាក់​រឿង​នេះ​​រួច។​

រូបតំណាង

៣. ទីតាំង​ចង់​រស់នៅ

តើ​អ្នក​ជាមួយ​ និង​ដៃគូ​ចង់​រស់​នៅ​កន្លែងណា? ទីក្រុង ឬ ជនបទ?​ ​ហើយ​ពន្យល់​ពី​ហេតុផល​ដែល​អ្នក​ជ្រើសរើស​ទីនោះ​ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​​​ការ​ធ្វើការ​​របស់​អ្នក ​ការ​ផ្ដល់​សេវា​ការ​អប់រំ​ដល់​កូន​អ្នក ហើយ​វា​អាច​ជិត​ ឬ​ឆ្ងាយ​ពី​គ្រួសារ​អ្នក។

៤. ពិភាក្សា​លើ​ជំនឿ​សាសនា​ដែល​អ្នក​ទាំង​ពីរ​ប្រកាន់​យក

បើ​សិន​ជា​អ្នក​ទាំង​ពីរ​កាន់​សាសនា​ដូច​គ្នា​នោះ​មិន​ជា​បញ្ហា​ទេ​ តែ​បើ​ខុស​គ្នា​វិញ​អ្នក​គួរ​តែ​​ពិភាក្សា​គ្នា​ថា​តើ​វា​អាច​ប៉ះ​ពាល់​​ដល់​ចំណង​អាពាហ៍ពិពាហ៍​អ្នក​ដែរ​ឬ​ទេ? តើ​អ្នក​អាច​សម្រប​ខ្លួន​បាន​ឬក៏​អត់? ហើយ​បើ​អ្នក​មាន​កូន​ តើ​នឹង​ឲ្យ​កូន​នោះ​កាន់​សាសនា​អ្វី?

៥. ពិភាក្សា​លើ​ការ​​បែង​ចែក​ការងារ​​

វា​ជា​ការ​ល្អ​ បើ​អ្នក​អាច​និយាយ​ពី​ការងារ​ដែល​អ្នក​អាច​ធ្វើ​បាន​ ហើយ​ដៃគូ​អ្នក​អាច​ធ្វើ​បាន​ ដូចជា​ ការ​ធ្វើ​ការងារ​ផ្ទះ ​ចម្អិន​អាហារ ​ដើរ​ផ្សារ​ទិញ​​អាហារ ​ឬ​ក៏​សម្ភារៈ​ផ្សេងៗ។ អ្នក​អាច​ជួយ​គ្នា​ធ្វើ​វា​ កុំ​ប្រចាំ​ថា​វា​ជា​ការ​ងារ​ស្រី​ ឬ​ប្រុស ​ដូច្នេះ​វា​នឹង​ធ្វើ​​ឲ្យ​គ្រួសារ​អ្នក​មាន​សុភមង្គល។

៧. ពិភាក្សា​អំពី​គ្រួសារ​​

អ្នក​គួរតែគិត​​ពី​គ្រួសារ​ទាំង​មូល​ ​មិនមែន​តែ​ប្ដី​ប្រពន្ធ​ និង​កូន​នោះ​ទេ​ តែ​វា​រួម​ផ្សំ​ទាំង​​ឪពុក​​ម្ដាយ​សាច់ញាតិ​សង​ខាង ថា​តើ​អ្នក​អាច​ផ្ដល់​ពេល​ឲ្យ​ពួក​គាត់​បាន​កម្រិត​ណា?​ ដូច​ជា​ ការ​ដើរ​កម្សាន្ត​ ជួបជុំ​គ្នា​ ចែក​រំលែក​ឲ្យ​គ្នា​បាន​ប៉ុណ្ណា? ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ។

ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ​អាច​ជា​គន្លឹះ​ដើម្បី​ឲ្យ​អ្នក​គិត​ពិចារណា​ក្នុង​ការ​បង្កើត​គ្រួសារ​មួយ​ ដើម្បី​កុំ​ឲ្យ​ចំណង​គ្រួសារ​នោះ​ងាយ​នឹង​ប្រេះ​ស្រាំ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​​ការ​សោកស្ដាយ ​និង​ឈឺ​ចាប់៕


អត្ថបទ៖ កញ្ញា