ក្រសួងគ្រោង​បង្កើត​តំបន់​ខ្លា​ធំ​នៅ​មណ្ឌល​គិរី

  • 2017-09-25 06:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​បរិស្ថាន​ឲ្យ​ដឹង​ថា​ក្រ​សួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រោង​នឹង​បង្កើត​ឲ្យ​មាន​តំបន់សម្រាប់​ខ្លាធំ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​ថា​ដើម្បី​ជាប្រយោជន៍​សម្រាប់​កិច្ចការ​ពារ​ធនធាន​ធម្មជាតិ​នាពេល​បច្ចុប្បន្ន និង​អនាគត ខណៈដែល​ពេលនេះ​នៅកម្ពុជា​មិន​មាន​ខ្លា​ប្រ​ភេទនេះ​នោះទេ។

ក្រ​សួង​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ថា ចាប់ពី​ថ្ងៃទី​២៥ ដល់​២៩ ខែកញ្ញា មន្ត្រីជំនាញ​ក្រ​សួង​បរិស្ថាន ដៃ​គូសហការ​មកពី​ប្រទេស​ឥណ្ឌា និង​អង្គការ​WWF នឹង​ចុះទៅពិនិត្យ​ស្ថានភាព​ជាក់​ស្តែង​ក្នុង​ខេត្ត​មណ្ឌលគិរីដើម្បី​រៀបចំ​តំបន់​ខ្លាធំនេះ។ បើ​តាម​ក្រ​សួង ដែនជម្រក​សត្វព្រៃ​ស្រែពក​នឹង​ត្រូវជ្រើសរើស​សម្រាប់​កិច្ចការ​នេះ។

(អ្នក​ចូល​រួម​កំពុង​ស្តាប់​បទបង្ហាញ​ស្តីពី​សត្វ​ខ្លាធំ​/រូបភាព​៖ ក្រ​សួង​បរិស្ថាន)

ក្រ​សួង​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​២០០៧ សត្វខ្លាធំ​មាន​ពី១០ទៅ​១៥​ក្បាល​នៅ​កម្ពុជា តែ​ថា​ជាង​មួយ​ឆ្នាំចុងក្រោយ​នេះ​ខ្លា​ប្រភេទនេះមិន​មាន​ទៀតនោះទេ។ ក្រ​សួង​សរសេរ​ថាៈ «កាល​ពី​ឆ្នាំ​២០០៧​ ការ​សិក្សា​រក​ឃើញ​សត្វ​ខ្លា​ធំមាន​ប្រមាណ​ ពី១០ ​ទៅ១៥ ក្បាល ​នៅ​ក្នង​ព្រៃ​កម្ពុជា សត្វ​ខ្លា​ធំ​ត្រូវ​បាន​បាត់​ខ្លួន​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​»។

កម្ពុជា​នឹង​នាំ​ពូជ​ខ្លា​ធំ​ពី​ប្រ​ទេស​ឥណ្ឌា​ដើម្បី​ឲ្យ​មាន​ការ​បង្កាត់ពូជជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ប្រ​ភពដដែល។ ក្រ​សួង​សរសេរទៀតថាៈ «ការ​នាំ​ចូល​សត្វ​ខ្លា​ធំ​ត្រឡប់​មក​វិញ​ អាច​ធ្វើ​ឲ្យ​តំបន់​ពិសេស​មួយ​នេះ​អាច​រក្សា​បាន​ទៅ​អនាគត​ និង​ក្លាយ​ជាតំបន់​អភិវឌ្ឍន៍​មួយ​សម្រាប់​ភាគឦសាន​នៃ​ប្រទេស​កម្ពុជា​»៕

អត្ថបទ៖ ទូច សុខា