កិត្តិយសបំផុត! ទិដ្ឋភាពព្រឹទ្ធាចារ្យ​ ​គង់ ណៃ ទទួលពានរង្វាន់​​ Fukuoka ពីព្រះអម្ចាស់ ​Akishino នៅជប៉ុន

  • 2017-09-25 07:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​គង់ ណៃ​ ត្រូវ​បាន​ក្រុង​ Fukuoka ​ប្រទេស​ជប៉ុន​អញ្ជើញ​ទទួល​ជយលាភី​ពានរង្វាន់​​ក្រុង​ Fukuoka ​ឆ្នាំ ​២០១៧ ​ផ្នែក​សិល្បៈ ​និង​វប្បធម៌​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២១ ខែកញ្ញា ​២០១៧ ​អម​​​​ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអម្ចាស់ ​Akishino ​និង​ព្រះ​មហេសី​ផង។

ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​គង់ ណៃ​ ឡើងទទួលពាន

​ការ​ប្រគល់​ពាន​រង្វាន់​ទីក្រុង​ Fukuoka ​លើក​ទី ២៨ ​នេះ​​មាន​ជយលាភី​មក​ពី​៣ប្រទេស​ក្នុង​តំបន់​អាស៊ី​ ក្នុង​នោះ​ក្រៅ​ពី​ព្រឹទ្ធាចារ្យ​ចាប៉ី​ គង់ ណៃ​ មាន​ជយលាភី​មក​ពី​ប្រទេស​ចិន​ គឺ​លោក​ Wang Ming ​ផ្នែក​ការ​សិក្សា​​សម្រាប់​ការ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ស្ថាប័ន​សិក្សា​ពី​អង្គការ​មិន​ទទួល​ប្រាក់​កម្រៃ​នៅ​ចិន ​និង​លោក​បណ្ឌិត​ Chris Baker ​និង​ភរិយា​លោកស្រី Pasuk Phongpaichit ​​មក​ពី​ថៃ​ សម្រាប់​ការ​ស្រាវជ្រាវ​​អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ​​របស់​ប្តីប្រពន្ធ​ទាំង​ពីរ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​ប្រវត្តិសាស្ត្រ​ទាំង​ក្នុង​ប្រទេស​ថៃ ​និង​តំបន់​អាស៊ី។ ​

លោក​បណ្ឌិត​ Chris Baker ​និង​ភរិយា​លោកស្រី Pasuk Phongpaichit

ក្នុង​ពិធី​ពានរង្វាន់​ទីក្រុង​ធំ​លំដាប់​ទី ៥ ​របស់​ជប៉ុន​ដដែល​ ព្រះ​អម្ចាស់ Akishino ​​​ទ្រង់​បាន​ចូលរួម​អបអរ​​សាទរ​ចំពោះ​ជយលាភី​ទាំង​បី​ប្រទេស​ ហើយ​ព្រះអង្គ​​មាន​បន្ទូល​ថា ​​កម្មវិធី​នេះ​នឹង​បន្ត​លើក​កម្ពស់​ការ​យល់​ដឹង​ពី​វប្បធម៌​ចម្រុះ​ជាតិសាសន៍​នៅ​ក្នុង​តំបន់​អាស៊ី​កាន់​តែ​ស៊ី​ជម្រៅ​ទៀត។

ព្រះ​អម្ចាស់ Akishino

ស្រប​គ្នា​នេះ ​អភិបាល​ក្រុង​ Fukuoka ​លោក​ Soichiro Takashima ​​បាន​សម្តែង​ការ​សាទរ​អស់​ពី​ចិត្ត​ចំពោះ​អ្នក​ឈ្នះ​ទាំង​អស់។ ​​លោក​សង្ឃឹម​ថា ​កម្មវិធី​នេះ​នឹង​បន្ត​ឲ្យ​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​​ស្គាល់​ និង​យល់​កាន់​តែ​ច្បាស់​ពី​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ដូចជា​ឲ្យ​ពិភពលោក​​ស្គាល់​ពី​តម្លៃ​នៃ​វម្បធម៌​ចម្រុះ​សាសន៍​នេះ។ ​

ក្នុង​ពិធី​ដ៏​មហោឡារិក​ អ្នក​ចាប៉ី​ជើងចាស់​ក៏​បាន​សម្តែង​នូវ​សោមនស្ស​យ៉ាង​ខ្លាំងក្លា​ចំពោះ​​ផ្លែផ្កា​ដែល​បាន​មក​ពី​ការ​ខិតខំ​អភិរក្ស​សិល្បៈ​បុរាណ​មួយ​នេះ​មិន​ឲ្យ​បាត់បង់។ ​"ខ្ញុំ​មាន​សេចក្តី​រីករាយ​ឥត​ឧបមា​ដែល​ចាប៉ី​ឈ្នះ​ពាន​ពី​ទីក្រុង​ Fukuoka ​ក្រោយ​​អង្គការ​យូណេស្កូ​ចាត់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី ៣០ ​វិច្ឆិកា ​២០១៦"។ ​​អ្នក​សិល្បៈ​ជើង​ចាស់​សម្បូរ​វោហា​វ័យ​ ៧២ ​ឆ្នាំ​បន្ត​ថា ​​ចាប៉ី​ដងវែង​នឹង​បន្ត​រស់​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ ​​

ក្រៅ​ពី​ទទួល​ពានរង្វាន់​ពី​ក្រុង​ Fukuoka ​ព្រឹទ្ធាចារ្យ​គង់ ណៃ​​ ក៏​ត្រូវ​អញ្ជើញ​ទៅ​សម្តែង​ដល់​សិក្សានុសិស្ស​​​​អនុវិទ្យាល័យ​ ក៏​ដូចជា​​​ប្រជាជន​​​​​​ភាគអាគ្នេយ៍​​​ប្រទេស​ជប៉ុន​មួយ​នេះ​បាន​ទស្សនា​យ៉ាង​រីករាយ។

កម្មវិធី​ប្រគល់​ពានរង្វាន់​ក្រុង​ Fukuoka ​ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​ ២៨ ​ឆ្នាំ​មក​ហើយ​ ដោយ​ក្នុង​នោះ​​អ្នក​មាន​ស្នាដៃ​លេចធ្លោ​ទាំង​ក្នុង​តំបន់​អាស៊ី ​និង​ក្រៅ​តំបន់​បាន​ទទួល​​ពានរង្វាន់​សរុប​មាន​​ ១០៩ ​នាក់​មក​ពី​ ២២ ​ប្រទេស។ ​​​​​លោក​ព្រឹទ្ធាចារ្យ​​កោសល្យ​វោហា​រគង់ ណៃ​ ជា​ប្រជាជន​កម្ពុជា​​ទី ៣ ​ដែល​ទទួល​ពាន​នេះ​បន្ទាប់​ពី​លោក​សាស្ត្រាចារ្យ​ អាង ជូលៀន ​​​និង​ព្រឹទ្ធាចារ្យ​ ឆេង ផុន​ អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ ដែល​ជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ទទួល​ពានរង្វាន់​នៅ​ក្នុង​ឆ្នាំ ១៩៩៧។ ​​​កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ប្រគល់​កិត្តិយស​ដល់​អ្នក​មាន​ស្នាដៃ​ក្នុង​តំបន់​អាស៊ី ​និង​ដើម្បី​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​វប្បធម៌​របស់​គ្នា​ទៅ​វិញ​ទៅ​មក៕​​

អត្ថបទៈ ប្រាក់ ច័ន្ទសីហា