កីឡាករ ៥ ​រូប​​បង្ហាញ​ខ្លួន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ UCL

  • 2017-09-25 13:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ការ​ជិត​ត្រលប់​មក​វិញ នៃ​ការ​ប្រកួត​បាល់​ទាត់​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​នា​យប់​ថ្ងៃ​អង្គារ​​ខាង​មុខ​នេះ សូម​បង្វែរ​អារម្មណ៍​ប្រិយ​មិត្ត​មក​ក្រឡេក​មើល​កីឡាករ​ទាំង ៥ ដែល​មាន​វត្តមាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត​ Champions League មាន​ដូច​ត​ទៅ៖

៥. Ryan Giggs ៖ វីរ​បុរស​របស់​ក្លឹប​បិសាច​ក្រហម​ Manchester United រូប​នេះ បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​មួយ​នេះ​ឲ្យ​ក្លឹប​មួយ​នេះ រហូត​ដល់​ទៅ ១៤១​ដង ដោយ​ក្នុង​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​តាំង​ពី​ដើម​តង់ ចំនួន ១១៨​ដង ហើយ​ស៊ុត​បញ្ចូល​ទី​បាន ២៨​គ្រាប់ មុន​ពេល​ចូល​និវត្តន៍​ក្នុង​ឆ្នាំ ២០១៤។

៤. Cristaino Ronaldo ៖ ម្ចាស់​ជើង​ឯក​ Ballon D'or ឆ្នាំ ២០១៦​រូប​នេះ លេង​ក្នុង​ការ​ប្រកួត Champions League ចំនួន ១៤១​ដង ដូច​ Giggs ដែរ តែ​ខុស​ត្រង់​ថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​នៅ​បន្ត​លេង​នៅ​ឡើយ ហេតុ​នេះ​ចំនួន​នៃ​ការ​បង្ហាញ​ខ្លួន​អាច​នឹង​បន្ត​កើន​ឡើង​នៅ​ពេល​ខាង​មុខ។ ក្នុង​ការ​បង្ហាញ​ខ្លួន​ទាំង​នេះ Ronaldo បំប៉ោង​សំណាញ់​ទី​រហូត​បាន​ចំនួន ១០៧ គ្រាប់ កំពុង​នាំ​មុខ​គេ​ក្នុង​ចំណោម​កីឡាករ​ដែល​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ​បាល់​ទាត់​មួយ​នេះ។

៣. Raul ៖ វីរ​បុរស​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid និង​ជា​កីឡាករ​ដែល​ពាក់​លេខ ៧ មុន​ Cristaino Ronaldo ក្នុង​ក្លឹប​មួយ​នេះ មាន​វត្តមាន​ក្នុង​ការ​ប្រកួត​បាល់ទាត់​កំពូល​អឺរ៉ុប UCL បាន​ចំនួន ១៤២ ដង ដោយ​ក្នុង​នោះ​ស៊ុត​ចូល​ទី​បាន ៧១ គ្រាប់។

២. Xavi ៖ អតីត​ខ្សែ​បម្រើ​ដ៏​ឆ្នើម​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona រូប​នេះ បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ Champions League ចំនួន ១៥១ ដង ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ១១​គ្រាប់ មុន​ពេល​ចាក​ចេញ​ពី​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​​កាតា Al Sadd SC កាល​ពី​ឆ្នាំ ២០១៥។

១. Iker Casillas ៖ វីរបុរស​ក្លឹប Real Madrid ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប​យក្ស​ព័រទុយហ្គាល់ Porto រូប​នេះ បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​រូប​នេះ​បាន​ចំនួន ១៦៥​ដង ហើយ​ក្នុង​នោះ​ចាប់​ផ្ដើម​លេង​តាំង​ពី​ដើម​តង់​រហូត​ដល់​ទៅ​ចំនួន ១៦៤ ដង។ បច្ចុប្បន្ន​អ្នក​ចាំ​ទី​រូប​នេះ ​ឈរ​ចំណាត់​ថ្នាក់​លេខ ១​ក្នុង​ចំណោម​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ច្រើន​ដង​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត​បាល់​ទាត់ Champions League៕

ប្រភព៖ StatBunker   ប្រែ​សម្រួល៖ ហ៊ីម រស្មី