ដើរស្វែងរកការងារតាមក្ដី​ស្រមៃ ២០គីឡូម៉ែត្រ​រាល់ថ្ងៃ ទីបំផុត​ជួបរឿង​មិននឹកស្មាន

  • 2017-09-28 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​វ័យ​ក្មេង​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ បាន​ធ្វើ​ឲ្យ​​មហាជន​កោត​សរសើរ និង​អាណិត​អាសូរ​ជា​ខ្លាំង ​បន្ទាប់​ពី​ដឹង​ថា លោក​បាន​ចំណាយ​ពេល​ដើរ ២០​គីឡូម៉ែត្រ​រៀង​រាល់​ថ្ងៃ ដើម្បី​ស្វែង​រក​​ការ​ងារ​ក្នុង​ក្ដី​សុបិន។

បុរស​រូប​នេះ​មាន​ឈ្មោះ Shatish Nayar ​អាយុ ២៤​ឆ្នាំ ​បាន​ទៅ​ជួប​អ្នក​ដឹក​នាំ​រឿង​ឈ្មោះ Shuhaimi Zulkefli ក្នុង​សភាព​ហត់ហេវ​ បន្ទាប់​ពី​ដើរ​ក្នុង​ចម្ងាយ​ផ្លូវ​ដ៏​វែង​ឆ្ងាយ។ ពេល​ទៅ​ជួប​​អ្នក​ដឹក​នាំ​រឿង​ លោក​ Shatish ​បាន​សួរ​ត្រង់​ៗ​ថា "​តើ​លោក​​ជា​អ្នក​ដឹក​នាំ​រឿង​មែនទេ? មាន​ត្រូវ​ការ​ជ្រើស​រើស​​បុគ្គលិក​ទេ? ខ្ញុំ​កំពុង​ស្វែង​រក​ការ​ងារ”?

នៅ​ពេល​គេ​សួរ​ពី​បទ​ពិសោធន៍​ការងារ​​ក្នុង​វិស័យ​ឧស្សាហកម្ម​នេះ​​​លោក​រៀប​រាប់​ថា "​ពី​មុន​ខ្ញុំ​បាន​រៀន​ថ្នាក់​កម្រិត​ឌីប្លូម​ផ្នែក​ផ្សព្វផ្សាយ និង​ភាព​យន្ត​ នៅ​ទីក្រុង​កូឡាឡាំពួរ ប៉ុន្តែ​ខ្ញុំ​បាន​បោះ​បង់​ចោល។ ​ខ្ញុំ​បាន​ព្យាយាម​ត្រួសត្រាយ​ផ្លូវ​ប៉ុន្តែ​បរាជ័យ។ ខ្ញុំ​មិន​សូវ​ចេះ​អ្វី​ច្រើន​ទេ ប៉ុន្តែ​​មាន​ឆន្ទៈ​មោះមុត​ខាង​សមិទ្ធិករ​ភាព​យន្ត។ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​បាន​ដើរ​​ពី​បន្ទប់​ជួល​របស់​ខ្ញុំ​នៅ​តំបន់​ Batu Caves ​មក​កាន់​ទីក្រុង​កូឡាឡាំពួរ ដើម្បី​ស្វែង​រក​ការ​ងារ​ខាង​ភាព​យន្ត។ ខ្ញុំ​មិន​មាន​ប្រាក់​ច្រើន​ទេ​សម្រាប់​ជិះ​រថយន្ត"។

លោក​បាន​អត់​អាហារ ៣​ថ្ងៃ​ហើយ ប៉ុន្តែ​លោក​ចាត់​ទុក​ថា​ មិន​មែន​ជា​រឿង​សំខាន់​ឡើយ​ ពេល​នេះ​លោក​កំពុង​រក​ការងារ​ធ្វើ​ដើម្បី​ទិញ​អាហារ។

ចំណែក​ម្ដាយ​របស់ Shatish តែង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​រូប​គេ​ឲ្យ​ក្លាយ​ជា​សមិទ្ធិករ​ភាព​យន្ត។ "​ម្ដាយ​ខ្ញុំ​សប្បាយ​​រីករាយ​ណាស់​នៅ​ពេល​ខ្ញុំ​ចូល​រៀន​នៅ​កូឡាឡាំពួរ។ គាត់​សង្ឃឹម​ថា ខ្ញុំ​អាច​រក​សញ្ញាប័ត្រ​ខាង​ផលិត​ភាព​យន្ត​បាន។ ប៉ុន្តែ​​ក្រោយ​ពី​ចូល​រៀន​បាន​រយៈ​ពេល​មួយ​សប្ដាហ៍​ ម្ដាយ​របស់​ខ្ញុំ​​បាន​ទទួល​មរណភាព ហើយ​ខ្ញុំ​ត្រូវ​ឈប់​រៀន​កណ្ដាល​ទី​តែ​ម្ដង ហើយ​​ទៅ​ថត​រឿង​ខ្លី​ៗ​បន្តិច​បន្តួច​"។ លោក​រៀប​រាប់។

ឯ​ឪពុក​របស់ Shatish ​មិន​ដែល​ចង់​ឲ្យ​កូន​ធ្វើ​ការ​ខាង​ផលិត​​ភាព​យន្ត​ដូច​ជា​ អ្នក​ដឹក​នាំ​រឿង និង​អ្នក​សរសេរ​​អត្ថបទ​រឿង​ដូច​ម្ដាយ​​ឡើយ ព្រោះ​​គាត់​គិត​ថា ជា​ការងារ​ពិបាក​ស្វែង​រក។

ក្រោយ​ពី​បាត់​បង់​ម្ដាយ លោក​បាន​ក្លាយ​ជា​មនុស្ស​រសាត់​អណ្ដែត​​គ្មាន​ទីពឹង សូម្បី​​តែ​ខោអាវ​​ស្លៀក​ពាក់​នេះ​ក៏​គេ​ឲ្យ​ដែរ។ លោក​​កំពុង​ធ្វើ​ការ​ជា​សន្តិសុខ​យាម និង​ជា​កម្មករ​ម្នាក់។ នៅ​ពេល​ល្ងាច​លោក​បាន​ដើរ​ត្រលប់​ពី​ទីក្រុង​កូឡាឡាំពួរ​ទៅ​កាន់ Batu Caves វិញ។

លោក​ធ្លាប់​ដើរ​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​នៅ​តាម​ផលិត​កម្ម​បី​បួន​ដែរ ប៉ុន្តែ​​មិន​ដែល​ទទួល​បានការ​ឆ្លើយ​តប​​ទេ ពី​ព្រោះ​តែ​រូប​រាង​របស់​គាត់។ ទោះ​ជា​ស្ថានភាព​ជីវភាព​លំបាក​ប៉ុនណា ក៏​លោក​មិន​ដែល​លើក​ដៃ​សុំទាន​គេ​ដែរ ព្រោះ​ម្ដាយ​លោក​បាន​ប្រៀន​ប្រដៅ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ខុស​ច្បាប់ ដោយ​ស្វែង​រក​ការងារ​សមរម្យ និង​មិន​ត្រូវ​ក្លាយ​ជា​អ្នក​សុំទាន​ដាច់​ខាត។ ទី​បំផុត​ មេដឹកនាំ​រឿង ​បាន​ទទួល​បុរស​ក្រីក្រ​រូប​នេះ​ចូល​ធ្វើ​ការ​។

អ្នក​ដឹក​នាំ​រឿង​លោក Shuhaimi បាន​ចែក​រំលែក​រឿង​រ៉ាវ​រំជួល​ចិត្ត​នេះ​នៅ​លើ​គណនី​ហ្វេសប៊ុក និង​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាង ២,២​​ម៉ឺន​ដង​។ ​លោក​រៀប​រាប់​ថា ភាព​ជម្នះ​តស៊ូ​របស់​បុរស​កម្សត់​​នេះ បាន​លើក​ទឹក​ចិត្ត​គ្រប់​គ្នា​ ​មិន​ឲ្យ​បោះ​បង់​​ក្ដី​ស្រមៃ​ទោះ​ជួប​បញ្ហា​លំបាក​​យ៉ាង​ណា​ក៏​ដោយ។ ​គ្រប់​គ្នា​បាន​ជូន​ពរ​លោក​ចំពោះ​ការ​ទទួល​បាន​ការងារ​ថ្មី​​ស្រប​តាម​ក្ដី​ស្រមៃ​យ៉ាង​ច្រើន​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ worldofbuzz   ប្រែ​សម្រួល៖ ឡេង ភារុណ