កែវ សុនន្ទកវី ស៊ូ​មិន​តិច​ទេ​ ពេលខ្លះលេងភ្លេងចប់អត់បាយក៏មានដែរ ទម្រាំ​រក្សា​កេរ្តិ៍​ឈ្មោះ​អ្នក​ភ្លេង​បាន​៦​ជំនាន់

  • 2017-10-02 02:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក កែវ សុនន្ទកវី បាន​ថែរក្សា​ត្រកូល​របស់​ខ្លួន​ជា​អ្នក​ភ្លេង​រហូត​បាន​៦ជំនាន់ ហើយ​លោក​ក៏​ស្នង​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាយ​ពី​ឪពុក និង​ជីតា​បាន​រហូត​មក​ដល់​សព្វថ្ងៃ​ដែរ។

សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ លោក កែវ សុនន្ទកវី បាន​ប្រាប់ Sabay ថា ការ​ធ្វើ​ជា​តន្ត្រីករ​គឺ​មាន​ផល​លំបាក​ច្រើន ពេល​ខ្លះ​លោក​ចង់​បោះ​បង់​ចោល​ម្ដងៗ តែ​លោក​នៅ​តែ​ខំ​ថែរក្សា​កេរ្តិ៍​ដំណែល​ដែល​ឪពុក​ទុក​ឱ្យ។ រម្លឹក​ពី​អតីតកាល​បន្តិច ពេល​លោក​រៀន​នៅ​ថ្នាក់​ទី១២ លោក​ត្រូវ​រៀន​បណ្ដើរ​ធ្វើ​ជា​គ្រូ​ភ្លេង​បណ្ដើរ ដោយសារ​តែ​ជំនាន់​នោះ​ខ្វះ​គ្រូ​ច្រើន។

សាស្ត្រាចារ្យ កែវ សុនន្ទកវី លេងស្គរ

“មិន​មែន​អួត​ទេ តែ​វា​ជា​ការ​ពិត កាល​ខ្ញុំ​រៀន​ថ្នាក់​ទី១២ ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​រៀន​បណ្ដើរ​ធ្វើ​ជា​គ្រូ​បណ្ដើរ។ កាល​ណោះ​អាច​និយាយ​បាន​ថា​ខ្ញុំ​ជា​សិស្ស​ឆ្នើម​ផ្នែក​រនាត​ឯក និង​ឧបករណ៍​ផ្សេង​ៗ​ទៀត គ្រូ​បង្រៀន១​ ខ្ញុំ​អាច​ចេះ​ ២​ទៅ៣ ក្រោយ​ពី​ប្រឡង​ជាប់​ទី១២ ខ្ញុំ​ក៏​ចូល​ធ្វើ​ជា​គ្រូ​ក្របខ័ណ្ឌ​ក្រសួង កាល​ណោះ​បែក​សង្គ្រាម​ខ្វះ​គ្រូ​ច្រើន​ណាស់"។

ក្រោយ​ពី​បញ្ចប់​ថ្នាក់​ទី​១២ លោក​ក៏​ចូល​ធ្វើ​ជា​គ្រូ​ក្រប​ខណ្ឌ​ក្រសួង ពេល​នោះ​ហើយ​ដែល​លោក​ថា​ជា​ពេល​លំបាក​មួយ លោក​ត្រូវ​បង្រៀន​ផង​ និង​ធ្វើ​ការ​ក្រៅ​ផង។ ការ​បង្រៀន និង​លេង​ភ្លេង​បុរាណ​បាន​ប្រាក់​មក​ចំណាយ​មិន​គ្រប់ លោក​ក៏​ទៅ​លេង​ឧបករណ៍​បស្ចិម​ប្រទេស​នៅ​តាម​បា ដល់​ម៉ោង​១​ម៉ោង​២យប់ទៀត។

“ពេល​ខ្លះ​សឹងតែ​ទឹក​ភ្នែក​ម្ដង​ៗ ពេល​ដែល​លេង​ភ្លេង​ចប់​អត់​អី​ហូប អ្នក​ភ្លេង​ដូច​គ្នា​បាន​ដឹង វេទនា​ណាស់ និយាយ​មិន​អស់។ ពេល​នោះ​ខ្ញុំ​អត់​ទាន់​បាន​ចូល​រៀន​យក​បរិញ្ញាបត្រ​ភ្លាម​ទេ ព្រោះ​រវល់ ហើយ​អត់​កម្លាំង​ទៅ​រៀន​ទៀត"។

មក​ដល់​បច្ចុប្បន្ន​នេះ សាស្ត្រាចារ្យ​រូប​នេះ​អាច​និយាយ​បាន​ថា មាន​ជីវភាព​សម​ល្មម ព្រោះ​លោកចេះ​ធ្វើ​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​បាន​យ៉ាង​ស្ទាត់​ជំនាញ​ដើម្បី​លក់​ជួយ​ផ្គត់​ផ្គង់​ជីវភាព។ បើ​និយាយ​ពី​ការ​លេង​ភ្លេង​វិញ តន្ត្រីករ​រូប​នេះ​ចេះ​លេង​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរសឹង​គ្រប់​ទាំង​អស់ លើក​លែង​តែ​ស្រឡៃ​តែ​ប៉ុណ្ណោះ ព្រោះ​លោក​មិន​បាន​រៀន។ ចំណែក​ឧបករណ៍​ភ្លេង​ខាង​បស្ចិមប្រទេស​វិញ​លោក​ក៏​ស្ទាត់​ជំនាញ​ដែរ។

ឪពុក​របស់​លោក​ឈ្មោះ កែវ ស្ងួន គឺ​ជា​សមាជិក​ក្នុង​ក្រុម​ភ្លេង​យោធាភិរម្យ​ដ៏​ល្បី​ល្បាយ​កាល​ពី​សម័យ​មុន និង​ជា​តន្ត្រីករ​ប្រចាំ​ព្រះ​រាជ​វាំង​ផង។ រីឯ​ជីតា​វិញ លោក សុនន្ទកវី បាន​ត្រឹម​តែ​បាន​ដឹង​ពី​ឪពុក​ប្រាប់​ថា លោក​ជា​គ្រូ​ភ្លេង​ល្បី​ និង​មាន​ការ​ទទួល​ស្គាល់​ច្រើន​កាល​ក្នុង​សម័យ​នោះ។

បើ​តាម​ការ​បញ្ជាក់​ពី​គ្រូ​ភ្លេង​ដែល​មាន​វ័យ​៥០ឆ្នាំ​រូប​នេះ លោក​មាន​ស្នាដៃ​៣ធំៗ ១ស្នាដៃ​សម្ដែង ២ ស្នាដៃ​ផលិត(ផលិត​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ) និង​ទី៣ ស្នាដៃ​បង្កើត (បង្កើត​ឧបករណ៍​ពិណ​ដែល​បាន​បាត់​រូប​រាង​អស់​ជិត​១ពាន់​ឆ្នាំ​មក​ហើយ ឱ្យ​រស់​ឡើង​វិញ)។ លោក​បាន​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ ខ្នាត​អន្តរជាតិ​ប្រមាណ​ជាង​១០​ប្រទេស​ ហើយ​ប្រទេស​ខ្លះ​ទៅ​រហូត​ដល់ទៅជិត១០ដង ​និង​ខ្លះ​លើស​ពី​នេះ។

រាប់​ពី​ជំនាន់​ទី​១ រហូត​ដល់​ជំនាន់​លោក កែវ សុនន្ទកវី បាន​៥ជំនាន់ ហើយ​ជំនាន់​ទី​៦​គឺ​ជំនាន់​កូន​ស្រី​របស់​លោក កញ្ញា កែវសុនន្ទករី សេរីរ័ត្ន ដែល​មាន​កេរ្តិ៍​ឈ្មោះ​មួយ​រូប​ដែរ ផ្នែក​លេង​ឧបករណ៍​ពិណ។

អត្ថបទ៖ ប៉ូ សាគុន