អ្នក​ប្រដាល់​គុន​ខ្មែរ​២រូប​ដង្ហើយ​ឡើង​សង្វៀន​យក​លុយ​ផ្គត់ផ្គង់​គ្រួសារ

  • 2017-10-02 08:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​២រូប​ ឡេះ​ តើត​ និង​ ព្រំ​ សំណាង​ ដង្ហើយ​ឡើង​សង្វៀន​យក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ ព្រោះ​ចំណូល​ធំ​បំផុត​នោះ​គឺ​ការ​ឡើង​សង្វៀន​ប្រកួត​ទើប​បាន​លុយ​ ប៉ុន្តែ​មួយ​រយៈពេល​នេះ​ពុំ​សូវ​មាន​ឱកាស​បាន​ប្រកួត​ឡើយ។​

កីឡាករ​ ឡេះ​ តើត​

កីឡាករ​ ឡេះ​ តើត​ បាន​ឲ្យ​ដឹង​ថា​ លោក​សំណូមពរ​ដល់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ ជួយ​ចាប់​គូ​ឲ្យ​លោក​បាន​ឡើង​ប្រកួត​ផង​ ដើម្បី​រក​បាន​ប្រាក់​ចំណូល​ខ្លះ​ៗ​ចិញ្ចឹម​គ្រួសារ​ ព្រោះ​មួយ​រយៈពេល​នេះ​ហាក់​ដូច​ជា​ស្ងាត់​ក្នុង​១ខែ​ទើប​បាន​ឡើង​ប្រកួត​ម្ដង​ ហេតុ​នេះ​វា​ពិតជា​ប៉ះពាល់​ដល់​ជីវភាព​ខ្លាំង​តែ​ម្ដង។​ អ្នក​ប្រដាល់​ជនជាតិ​ខ្មែរ​ឥស្លាម​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​១ខែ​ៗ​ គេ​ត្រូវ​ចំណាយ​ច្រើន​ ការ​រៀន​សូត្រ​របស់​កូន​ ម្ហូប​អាហារ​និង​ថ្លៃ​ផ្ទះ​ជួល​ជា​ដើម​ ដូច្នេះ​មាន​តែ​សុំ​ការ​អនុគ្រោះ​ដាក់​ឲ្យ​ឡើង​ប្រកួត​ទេ​ទើប​អាច​រក​ចំណូល​បាន​ ហើយ​ខ្លួន​នឹង​ប្ដេជ្ញា​ចិត្ត​ខំប្រឹង​ប្រកួត​ឲ្យ​ពេញ​ចិត្ត​អ្នក​ទស្សនា​តែ​ម្ដង។​

កីឡាករ​ ព្រំ​ សំណាង​

ចំណែក​កីឡាករ​ ព្រំ​ សំណាង​ លើក​ឡើង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​កំពុង​មាន​ជីវភាព​លំបាកលំបិន​ខ្លាំង​ណាស់​ ព្រោះ​ត្រូវ​ចិញ្ចឹម​ប្រពន្ធ​កូន​ ហើយ​មិន​ទាន់​មាន​ផ្ទះ​សម្បែង​ត្រឹមត្រូវ​ដូច​គេ​ ចំណូល​គឺ​ពឹង​ផ្អែក​ទៅ​លើ​ការ​ឡើង​សង្វៀន​ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ខែ​នេះ​មិន​មាន​ឈ្មោះ​ឡើង​ប្រកួត​តាម​សង្វៀន​ណា​នោះ​ទេ។​ «សំណាង»​ ក៏​មិន​ច្បាស់​ថា​មក​ពី​មូលហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​រូប​គេ​មិន​បាន​ឡើង​ប្រកួត​នោះ​ឡើយ​ ហើយ​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ​ រូប​គេ​ពិត​ជា​ចង់​ឡើង​ប្រកួត​វិញ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។​

កីឡាករ​ ឡេះ​ តើត​ ក្រហម
កីឡាករ​ ព្រំ​ សំណាង​ ពេល​ឈ្នះ​មេដាយ​កីឡាជាតិ

គូរ​បញ្ជាក់​ដែរ​ថា​ កីឡាករ​ ព្រំ​ សំណាង​ មក​ពី​ក្លឹប​ប្រដាល់​ទ័ព​ពិសេស​ឆ័ត្រ​យោង​ ៩១១​ រី​ឯ​ ឡេះ​ តើត​ ជា​កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​ ពុទ្ធសេរីវង្ស​ពោធិ៍សែនជ័យ​ ពួកគេ​ទាំង​ពីរ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ដែល​ធ្លាប់​ប្រឡូក​ក្នុង​គុន​ខ្មែរ​យូរ​មក​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម