គ្រូ​បង្វឹក Atletico ថា Griezmann បង្កើត​ឲ្យ​មាន​ទម្លាប់​អាក្រក់​ក្នុង​ក្រុម

  • 2017-10-03 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប Atletico Madrid លោក Diego Simeone កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​ឆ្នើម Antoine Griezmann បាន​ធ្វើ​ឲ្យ​ក្រុម​មាន​ទម្លាប់​អាក្រក់ ហើយ​លោក​ចង់​ឲ្យ​ក្រុម​ទាំង​មូល ​កុំ​ឲ្យ​ពឹង​ផ្អែក​ខ្លាំង​ពេក លើ​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ។

លោក Simeone បាន​និយាយ​ថា៖ "គេ​ (Griezmann) គឺ​ជា​កីឡាករ​ដែល​ធ្វើ​ឲ្យ​ក្រុម​មាន​ទម្លាប់​អាក្រក់ ដោយ​សារ​តែ​គេ​ជា​កីឡាករ​ដែល​តែង​តែ​ដោះ​ស្រាយ​បញ្ហា នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រយុទ្ធ​ក្រុម​មាន​បញ្ហា"។

គ្រូ​បង្វឹក​អាហ្សង់ទីន​រូប​នេះ បាន​បន្ត​ទៀត​ថា៖ "នៅ​ពេល​ដែល​គេ​ស៊ុត​ចូល ក្រុម​មាន​ឱកាស​ឈ្នះ​ច្រើន តែ​បើ​គេ​ស៊ុត​មិន​ចូល​វិញ វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់។ ខ្ញុំ​គិត​ថា ខ្សែ​ប្រយុទ្ធ​ផ្សេង​ទៀត ក៏​ដូច​ជា​ក្រុម​ទាំង​មូល ត្រូវ​ជួយ​គេ​ឲ្យ​បាន​ច្រើន​ជាង​នេះ ហើយ​មិន​គួរ​ទម្លាក់​ទំនួល​ខុស​ត្រូវ​នៃ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម​លើ​គេ​តែ​ម្នាក់​ឯង​នោះ​ទេ"។

ក្លឹប Atletico Madrid ហាក់​កំពុង​មាន​បញ្ហា​ប្រយុទ្ធ​របស់​ខ្លួន​ ដោយ​ក្លឹប​មួយ​នេះ ស៊ុត​ចូល​ច្រើន​បំផុត​ចំនួន ២​គ្រាប់​ប៉ុណ្ណោះ​ នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ហើយ​ទើប​តែ​ចាញ់​ Chelsea ក្នុង​លទ្ធផល ២​ទល់ នឹង ១ ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​ Champions League និង​ស្មើ​ជាមួយ​ក្លឹប Leganes ក្នុង​លីគ​កំពូល​អេស្ប៉ាញ​កាល​ពី​ពេល​ចុង​សប្ដាហ៍​មុន។

Atletico Madrid នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ក្នុង​ក្របខ័ណ្ឌ La Liga នា​ថ្ងៃ​ទី ១៥ ខាង​មុខ​នេះ បន្ទាប់​ពី​ការ​សម្រាក​ដើម្បី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ត្រូវ​បាន​បញ្ចប់៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី