មក​ស្គាល់ប្រ​ភេទសត្វព្រៃ​កម្រ​មួយ​ចំនួន​ដែល​កំពុងមាន​វត្តមាននៅកម្ពុជា

  • 2017-10-04 04:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​សមាគមអភិរក្ស​សត្វ​ព្រៃ (WCS)​បាន​រកឃើញជា​បន្ត​បន្ទាប់​នូវ​ប្រ​ភេទ​សត្វ​កម្រ​ និង​ងាយ​រង​គ្រោះ​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។ ប្រ​ភេទ​សត្វ​ទាំងនេះ​មិន​ត្រឹម​តែមាន​ចំនួន​តិច​តួច​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះទេ តែ​ក៏​មាន​ចំនួន​តិច​តួច​នៅ​លើ​សកល​លោក​ផង​ដែរ។ ត្រង់​ចំណុច​នេះអង្គការWCS ថា​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ទាំងនេះ​បណ្តាល​មកពីការបរបាញ់ បាត់​បង់ជម្រក និងការ​រំខាន​ពី​មនុស្ស​ជាតិ​ជា​ដើម។

ថ្ងៃនេះ​ Sabay នាំ​យក​ប្រ​ភេទសត្វ​កម្រ និង​ងាយ​រងគ្រោះមួយ​ចំនួន​មក​ចុះ​ផ្សាយ ហើយ​សត្វទាំង​នេះ​កំពុង​មាន​វត្ត​មាន​នៅ​កម្ពុជា។

  • សត្វទាព្រៃ​ស្លាបសៈ សត្វ​ប្រ​ភេទ​នេះ​ត្រូវ​បាន​អង្គការ WCS​ ថា​មាន​ចំនួន​ចន្លោះពី​២៥០ក្បាល​ទៅ​១០០០​ក្បាល​ប៉ុណ្ណោះ​នៅ​លើ​សកល​លោក ហើយ​មាន​ចំនួន​តិច​តួច​រស់​នៅ​ប្រ​ទេស​កម្ពុជា​នៅ​តំបន់​អភិរក្សខេត្ត​ព្រះ​វិហារ។
(សត្វទាព្រៃ​ស្លាប​ស កំពុងចេញ​ពីសំបុក​ក្នុង​រូង​ឈើ)

- សត្វ​ត្មាតៈ ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​ បាន​ធ្លាក់​ចុះ​ខ្លាំង​ និង​ប្រ​ឈម​នឹង​ការ​វិនាសបាត់បង់នេះ​បើតាម​អង្គការ​WCS។ អង្គការនេះ​ថា​នៅ​បច្ចុប្បន្ននេះ​សត្វ​ត្មាន​មាន​ប្រ​ហែលជា​១២១​ក្បា​ល​ប៉ុណ្ណោះ​ដែល​កំពុង​រស់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប ខេត្ត​ព្រះ​វិហារ និង​សៀម​ប៉ាង​ ខេត្ត​ស្ទឹង​ត្រែង។

(សត្វ​ត្មាត​កំពុង​រោម​ស៊ីអាហារ)
  • សត្វ​ក្រ​ពើព្រៃៈ សត្វ​ប្រ​ភេទ​នេះ​WCSថា​មាន​ចំនួន​ប្រ​ហែលជា​៤១០​ក្បាល​ប៉ុណ្ណោះ​នៅ​លើ​សកល​លោក​ដែល​មាន​នៅ​ប្រ​ទេស​ឥណ្ឌូនេស៊ី ថៃ វៀត​ណាម និង​កម្ពុជា​ប៉ុណ្ណោះ ហើយថា​​ក្នុង​នោះ​មាន​ប្រ​ហែល១០០​ទៅ​៣០០​ក្បាលកំពុង​រស់​​នៅ​កម្ពុជា​និង​ភាគ​ច្រើន​ក្នុង​ខេត្ត​កោះកុង​។
(កូន​ក្រ​ពើព្រៃ​ដែល​ទើប​ញាស់​នៅ​មជ្ឈមណ្ឌលដើម្បីចិញ្ចឹម ថែរក្សា​ខេត្ត​កោះ​កុង)
  • សត្វ​ត្រយ៉ង​យក្សៈ សត្វ​ប្រ​ភេទ​នេះ​WCS​ថា​មាន​ប្រ​ហែលជា​១៩៤​ក្បាល​ប៉ុណ្ណោះ​នៅ​លើ​ពិភព​លោក ហើយ​៩៩គាយ​នៃចំនួន​សត្វ​ត្រយ៉ង​យក្ស​ពេញ​វ័យ​ទាំងនេះ​រស់​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ប្រ​ទេស​កម្ពុជា ក្រៅពី​នេះ​មាន​នៅ​ប្រ​ទេស​វៀតណាម និង​ឡាវ។​
(សត្វ​ត្រយ៉ង​យក្ស​ដែល​ក្រុម​អភិរក្ស​ថតបាន​នាពេលកន្លងទៅ)
  • សត្វ​ក្រៀលៈ សត្វ​ក្រៀល​មាន​រស់​នៅ​តែ​ក្នុង​ប្រទេស​អូស្ត្រាលី ​កម្ពុជា ​ឥណ្ឌា ​ឡាវ ​មីយ៉ាន់ម៉ា នេប៉ាល់ ​ប៉ាគីស្ថាន​ និង​វៀតណាម​ប៉ុណ្ណោះ​។ ​ចំនួន​របស់​វា​នៅ លើ​សកលលោក​មាន​ប្រមាណ១០ ០០០ក្បាល​ ក្នុង​នោះ​ដែរ​៥០០​ក្បាល​ កំពុង​មាន​វត្ត​មាន​​នៅភាគខាង​ជើងនៃ​​ប្រទេស​កម្ពុជា ។
(សត្វក្រៀល​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ខេត្ត​ព្រះវិហារ)

ដោយ​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ និង​ភាពងាយ​រងគ្រោះ​របស់​សត្វ​ទាំងនេះ​ក្រុម​អ្នកអភិរក្សា​បាន​ស្នើ​ដល់​ប្រ​ជា​ពល​រដ្ឋ និង​ភាគីពាក់ព័ន្ធចូល​រួម​អភិរក្ស​សត្វ​កម្រ​ទាំងនេះ​ទាំងអស់​គ្នា​​ដោយ​ថា​ដើម្បធានា​និរន្តភាព​របស់​សត្វ​ទាំងនេះ​ក្នុង​ប្រ​ទេស​កម្ពុជា៕​

អត្ថបទ៖ ទូច សុខា

រូបភាព៖ WCS