ភ្ជាប់ពាក្យបាន ១០ថ្ងៃ កូនក្រមុំ​យកបណ្ណាការ​ដាក់មេប្រូច​បាត់​ស្រមោល

  • 2017-10-05 04:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ថៃ​អាយុ ៣២​ឆ្នាំ​ម្នាក់​សង្ឃឹម​ថា ថ្លៃ​​បណ្ណាការ​ប្រមាណ ១ ៥០០​ដុល្លារ ​នឹង​អាច​ស្វែង​រក​ស្នេហា​ពិត​​ជាមួយ​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់ បន្ទាប់​ពី​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​នៅ​ផ្ទះ​គ្រួសារ​ខាង​ស្រី​បាន​រយៈ​ពេល​ប្រមាណ ១០ថ្ងៃ​ ​ប៉ុន្តែ​បែរ​ជា​នាង​រត់​ចោល​ទៅ​វិញ។​

​បុរស​រូប​នេះ​មាន​ឈ្មោះ Boon​chuay ​ជា​​បុគ្គលិក​ផ្នែក​បច្ចេកទេស​​នៅ​ក្រុមហ៊ុន​មួយ ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ប៉ូលិស​ខេត្ត​ប៉ះធុមថានី ដោយ​រៀប​រាប់​ថា ​គូ​ដណ្ដឹង​របស់​ខ្លួន​បាន​បោកប្រាស់​ដោយ​បបួល​លោក​ទៅ​ភ្ជាប់​ពាក្យ​ គឺ​គ្រាន់​តែ​យក​ថ្លៃ​បណ្ណាការ​ដើម្បី​រត់​គេច​ប៉ុណ្ណោះ។

លោក Boonchuay ​បន្ត​ថា ខ្លួន​បាន​ជួប​គូ​ដណ្ដឹង​ឈ្មោះ Arisa ជា​អ្នក​លក់​ឥវ៉ាន់​នៅ​ផ្សារ​មួយ​ក្នុង​តំបន់ Nava Nakorn ​កាល​ពី​ថ្ងៃ​ទី ៣​កញ្ញា​។ ក្រោយ​មក​ក៏​ណាត់​ជួប​គ្នា និង​ស្គាល់​គ្នា​បាន​ ៣​សប្ដាហ៍ នាង​ Arisa បាន​ណែនាំ​គាត់​​ឲ្យ​ឪពុក​ម្ដាយ​របស់​នាងស្គាល់​។

Boonchuay ​និយាយ​ថា គ្រួសារ​របស់ Arisa ​បាន​ស្នើ​សុំ​​ប្រាក់​បណ្ណាការ​ឲ្យ​កូន​ស្រី​របស់​ពួក​គេ ប្រសិន​បើ​ខ្លួន​ចង់​បន្ត​ទំនាក់​ទំនង​នឹង Arisa។ លោក​ក៏​យល់​ព្រម​តាម ដោយ​​ដំបូង​លោក​ជូន​ ៦០០​ដុល្លារ ​ប៉ុន្តែ​ម្ដាយ​ខាង​ស្រី​ចង់​បាន ១ ៥០០​ដុល្លារ ដូច្នេះ​គាត់​​ក៏​យល់​ព្រម​ទៅ​ដក​ប្រាក់​ពី​ធនាគារ​បន្ថែម។ ពួក​គេ​បាន​ភ្ជាប់​ពាក្យ​នៅ​ថ្ងៃ​ទី ២៤​កញ្ញា។

ប៉ុន្តែ​ក្រោយ​ពី​ភ្ជាប់​ពាក្យ លោក​មិន​ដែល​​ឃើញ Arisa ​ម្ដង​ណា​ឡើយ​បាន​ត្រឹម​តែ​និយាយ​តាម​ទូរសព្ទ ឬ​ឆាត​តាម​ Line ប៉ុណ្ណោះ។ ចំណែក​គ្រួសារ​ខាង​ស្រី​ធ្លាប់​សន្យា​ថា ឲ្យ​លោក​​ទៅ​នៅ​ជាមួយ​ពួក​គេ​បាន បន្ទាប់​ពី​ភ្ជាប់​ពាក្យ​ហើយ ប៉ុន្តែ​មិន​ដែល​ហៅ​ឲ្យ​ទៅ​​ទៀត​​ទេ​ ទើប​គាត់​ដាក់​ពាក្យ​បណ្ដឹង។

Boon​chuay ​​បន្ថែម​ថា ទំនាក់​ទំនង​របស់​ពួក​គេ​បែរ​ជា​មិន​ប្រក្រតី​នៅ​មុន​ថ្ងៃ​ភ្ជាប់​ពាក្យ​មួយ​ថ្ងៃ គឺ​លោក​បាន​ឃើញ​មិត្ត​ស្រី​ផ្ញើ​សារ​​ស្នេហ៍​​ទៅ​កាន់​បុរស​ម្នាក់​ទៀត។ លោក​ក៏​បាន​សួរនាំ ហើយ​នាង​ឆ្លើយ​ថា ​​ពួក​គេ​​មិន​ទាន់​រៀប​ការ ដូច្នេះ​នាង​អាច​ឆាត​ទៅ​អ្នក​ណា​ក៏​បាន​ ឲ្យ​តែ​នាង​ចង់។ ពេល​នេះ​ប៉ូលិស​កំពុង​តាម​ដាន Arisa និង​ម្ដាយ​របស់​នាង​ដើម្បី​សាកសួរ​ហើយ៕

ចុចអាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ឡេង ភារុណ