អ៊ុំស្រី លី សុខន ស្ទើរ​ពេញ​១ជីវិត រស់​ពឹង​របរ​ដេរ​ស្លឹក​ចាក

  • 2017-10-05 09:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំ​ដេរ​​ស្លឹក​ចាក​ តាំង​ពី​នៅ​ក្មេង​ ដល់​ចេញ​ពី​សម័យ​ខ្មែរ​ក្រហម​ក៏​នៅ​មុខរបរ​ហ្នឹង! ចេះ​តែ​ធ្វើ​ទៅ មិន​ដឹង​ធ្វើ​អ្វី​ ដូចជា​ការងារ​ខ្លួន​យើង ផ្ទះ​ខ្លួន​យើង គ្មាន​នរណា​ថា​អី​ឲ្យ​យើង​ហ្នឹង​ណា​អូន»។ នេះជា​សម្ដី​ចេញ​ពី​ អ៊ុំស្រី លី សុខន រស់​នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក​ប្រាង្គ ស្រុក​ទឹក​ឈូ ខេត្ត​កំពត។

អង្គុយ​លើ​គ្រែ​រនាប ក្រោម​ផ្ទះ ស្ត្រី​វ័យ ៦៤ឆ្នាំ បាន​រៀបរាប់​​ទាំង​ស្នាម​ញញឹម​ថា អ៊ំស្រី​បាន​ចាប់​ផ្ដើម​របរ​មួយ​នេះ​ តាំង​ពី​មុន​សម័យ​រដ្ឋប្រហារ​ រហូត​មក​ទល់​នឹង​ពេល​នេះ ក៏​នៅ​រក្សា​មុខរបរ​ដូនតា​ដដែល ព្រោះ​មិន​ដឹង​ប្រកប​របរ​អ្វី​ក្រៅ​ពី​នេះ។

ស្ត្រី​មេម៉ាយ ដែល​ប្ដី​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម​ បាន​លើក​ឡើង​ថា របរ​ដេរ​ស្លឹក​ចាក​នេះ បាន​ជួយ​ចិញ្ចឹម​ជីវិត​រហូត​មក​ដល់​​សព្វថ្ងៃ​ ដោយ​ក្នុង​ ១ថ្ងៃ​អាច​រក​ចំណូល​ បាន​ប្រហែល ១ ៥០០០ រៀល គ្រាន់​ផ្គត់ផ្គង់​គ្រួសារ ដែល​មាន​ម្ដាយ​ចាស់​ម្នាក់ និង កូន៤នាក់ ប្រុស​ពីរ-ស្រីពីរ។

នៅ​ពេល​សួរ​ថា អ៊ុំស្រី ចម្ការ​ចាក​ដែរ​ទេ? អ៊ំស្រី​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ថា មិន​មាន​ទេ គឺ​ស្លឹកចាក​ទាំង​អស់​នេះ ម៉ៅ​ចម្ការ​ចាក​គេ ដែល​ដាំ​ក្បែរ​​ព្រែក​ ការពារ​កុំ​ឲ្យ​បាក់ដី ដោយ​ក្នុង​១ឆ្នាំ ជួល​៣០ម៉ឺន​រៀល ហើយ​អាច​ប្រមូល​ផល​បាន​ ២ដង។

ឆ្លើយ​នឹង​សំណួរ​មួយ​ទៀត​ថា តើ​ស្លឹក​ចាក​មាន​ប្រយោជន៍​អ្វី​ខ្លះ? អ៊ុំស្រី លី សុខន បាន​រៀបរាប់​ថា ស្លឹក​ចាក​មាន​ប្រយោជន៍​ច្រើន គឺ ផ្លែក​ចាក​ក្រៅ​ពី​ញុំា​បាន​ ក៏​អាច​ធ្វើ​បង្អែម​ផងដែរ។ ឯ​ស្លឹក​ចាក​យក​ទៅ​វេច​ធ្វើ​នំ និង ដេរ​ស្លឹក​ចាក​ ធ្វើ​ជា​ជញ្ជាំង និង ដំបូល​ កញ្ចុះ​បាន​យ៉ាង​ល្អ ហើយ​មាន​គុណភាព​ទៀត​ផង។

ស្រ្តី​មេម៉ាយ​ ដដែល​ បាន​បន្ត​ថា រាល់​ថ្ងៃ​ដេរ​ស្លឹក​ចាក​ ១កណ្ដប​​ស្មើនឹង​ ៥០០រៀល ហើយ​ក្នុង​១ថ្ងៃ​អាច​ដេរ​បាន​ ៣០ កណ្ដប ដែល​ស្មើនឹង ១ ៥០០០ រៀល។ ចំពោះ​ការ​ចំណាយ​វិញ គ្រាន់តែ​ទិញ​ដើម​ឬស្សី យក​មក​ពុះ​ធ្វើ​ជា​ដង​កណ្ដប ដែល​ដើម​ឫស្សី ១ដើម ៥ ០០០ រៀល ហើយ​ក្នុង​១ដើម​ ស្មើនឹង ២០០ ទៅ ៣០០ កណ្ដប។ មួយ​ទៀត​ត្រូវ​ទិញ​ ដើម​រុន យក​មក​ពុះ​ធ្វើ​ជា​ខ្សែ​ដេរ​ស្លឹក​ចាក។

ដោយ​ពឹងផ្អែក​លើ​របរ​ធ្វើ​នំ​ចាក និង ដេរ​ស្លឹក​ចាក​ តាំង​ពី​នៅ​ក្មេង​រហូត​មក​ទល់នឹង​ពេល​បច្ចុប្បន្ន​នេះ អ៊ុំស្រី ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ផង​​ដែរ​ថា នៅ​ថ្ងៃ​អនាគត ស្លឹក​ចាក​អាច​នឹង​បាត់​បង់ ព្រោះ​តែ​ស្រុក​ឈូក​មាន​ការ​អភិវឌ្ឍ។

«ខ្ញុំ​បារម្ភ​ដែរ​ក្មួយ ព្រោះ​ខ្លាច​អស់​ស្លឹក​ចាក ណាមួយ​ឥឡូវ​គេ​អភិវឌ្ឍន៍​ ដូច្នេះ ម្ចាស់​ដី​អាច​ហ្នឹង​លក់​ដី​ឲ្យ​គេ​ ហើយ​គេ​នឹង​កាប់​ស្លឹក​ចាក​ចោល យក​ដី​ធ្វើ​ការអភិវឌ្ឍ​ផ្សេង តែ​ធ្វើ​ម៉េច​ បើ​គេ​អភិវឌ្ឍន៍​ពេល​ណា ពេល​ហ្នឹង​ទៅ យើង​គ្រាន់​តែ​ស្ដាយ​របរ​ដូនតា តែ​បើ​ថា ដាច់​ពោះ​មិន​ដាច់​ទេ យើង​អាច​នឹង​ព្យាយាម​រក​របរ​ផ្សេង ព្រោះ​ទី​នេះ​សម្បូរ​ទេសចរ អាច​លក់​អ្វី​ផ្សេង​ក៏បាន។»

ទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម