ការ​ប្រកួត​បាល់​ទាត់​ទាំង ៥ នៅ​អឺរ៉ុប ដែល​លេង​ គ្មាន​អ្នក​មើល

  • 2017-10-05 12:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​ក្នុង​ការ​ប្រកួត​របស់​ក្លឹប​ល្បី​ៗ​ក្នុង​លីគ​បាល់ទាត់​កំពូល​ធំ​ៗ នៅ​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប ដូច​ជា អង់គ្លេស អេស្ប៉ាញ អ៊ីតាលី​ជាដើម​សុទ្ធ​តែ​មាន​មនុស្ស​មក​មើល​ច្រើន​ណាស់​ដើម្បី​គាំទ្រ​ក្លឹប​បាល់ទាត់​ដែល​ខ្លួន​ស្រលាញ់។ ទោះ​ជា​យ៉ាង​ណា មាន​ការ​ប្រកួត​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​ចិត្ត​តម្រូវ​ឲ្យ​លេង​បិទ​ទ្វារ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​សូម្បី​ម្នាក់​ចូល​ទៅ​ទស្សនា​ឡើយ ដោយ​សារ​តែ​ទើប​តែ​ជួប​បញ្ហា​សន្តិសុខ​មួយ​ចំនួន ឬ​ក៏​ក្លឹប​ទាំង​នោះ​រង​ការ​ពិន័យ​ដោយ​ស្ថាប័ន​បាល់ទាត់​ជា​ដើម។ ស្រប​ជាមួយ​គ្នា​នេះ អត្ថបទ​នេះ​នឹង​លើក​យក​ពី​ការ​ប្រកួត​បាល់​ទាត់​ល្បី​ទាំង ៥ ប្រព្រឹត្ត​ទៅ​គ្មាន​អ្នក​មើល​សូម្បី​ម្នាក់ មាន​ដូច​ត​ទៅ៖   ១. ការ​ប្រកួត​ក្របខ័ណ្ឌ​អឺរ៉ុប​រវាង​ក្លឹប​អង់គ្លេស West Ham United ជាមួយ​ក្លឹប​អេស្ប៉ាញ Castilla (ខែ​តុលា ១៩៨០)៖ ដោយ​សារ​តែ​មាន​បញ្ហា​ចលាចល​បង្ក​ឡើង​ដោយ​អ្នក​គាំទ្រ​ក្លឹប West Ham United កាល​ពី​ពេល​ប្រកួត​ជុំ​ទី ១​រវាង​ក្លឹប​ទាំង​ពីរ  ក្នុង​ទីក្រុង​ Madrid ធ្វើ​ឲ្យ​ក្លឹប​ West Ham រង​ពិន័យ​ដោយ​តម្រូវ​ឲ្យ​ លេង​ជុំ​ទី២​ក្នុង​ទឹក​ដី​របស់​ខ្លួន ជាមួយ Castilla ដោយ​គ្មាន​វត្តមាន​របស់​អ្នក​គាំទ្រ​សូម្បី​តែ​ម្នាក់​ចូល​មក​មើល។

  ២. ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Serie Aរវាង​ក្លឹប Juventus និង Lecce (ខែ​ឧសភា​ ២០០៩) ៖ លីគ​បាល់​ទាត់​កំពូល​អ៊ីតាលី បាន​ដាក់​ពិន័យ​ក្លឹប​សេះ​បង្កង់ Juventus បន្ទាប់​ពី​អ្នក​គាំទ្រ​ក្លឹប​មួយ​នេះ បាន​ប្រើ​ពាក្យ​ជេរ​ប្រមាថ​បែប​រើស​អើង​ពណ៌​សម្បុរ​ទៅ​លើ​កីឡាករ Mario Balotelli (កាល​នោះ Balotelli ជា​កីឡាករ​របស់​ក្លឹប Inter Milan) ក្នុង​ការ​ប្រកួត​ជាមួយ​ក្លឹប Inter Milan កាល​ពី​ពេល​កន្លង​មក។ ក្នុង​ការ​ពិន័យ​នោះ​ គឺ​តម្រូវ​ឲ្យ​ក្លឹប Juventus ប្រកួត​ជាមួយ Lecce ដោយ​ធ្វើ​ការ​បិទ​ទ្វារ​កីឡដ្ឋាន​​របស់​ខ្លួន។

៣. ការ​ប្រកួត​វគ្គ​ជម្រុះ​ដណ្ដើម​ពាន KNVB Cup រវាង​ក្លឹប Ajax និង AZ Alkmaar (ខែ​មករា ២០១២)៖  Ajax ត្រូវ​បាន​ពិន័យ​ឲ្យ​លេង​ក្នុង​សភាព​បិទ​ទ្វារ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ជាមួយ ក្លឹប AZ Alkmaar ដោយ​សារ​តែ​កីឡាករ​ Ajax ម្នាក់​បាន​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ជាមួយ​អ្នក​ទស្សនា ក្នុង​ការ​ប្រកួត​កន្លង​មក។

  ៤. ការ​ប្រកួត​ក្របខ័ណ្ឌ​ Europa Leagueរវាង​ក្លឹប Fenerbahce និង BATE (ខែ​កុម្ភៈ ២០១៣)៖ ដូច West Ham និង Juventus ដែរ ក្លឹប Fenerbahce ត្រូវ​បាន​ពិន័យ​ឲ្យ​លេង​បិទ​ទ្វារ​ក្នុង​កីឡដ្ឋាន​របស់​ខ្លួន​ជាមួយ​ក្លឹប BATE ក្នុង​ក្របខ័ណ្ឌ​ Europa League ដោយ​សារ​តែ​ចលាចល​បង្ក​ឡើង​ដោយ​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​មុន​ជាមួយ​ក្លឹប​អាល្លឺម៉ង់ Borussia Moenchengladbach។

  ៥. ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ La Ligaរវាង​ក្លឹប Barcelona និង Las Palmas (ខែ​តុលា ២០១៧)៖ ដោយ​សារ​តែ​មាន​ភាព​តាន​តឹង​ក្នុង​ទឹក​ដី Catalan នៅ​ពេល​មាន​ការ​បោះ​ឆ្នោត​ប្រជា​មតិ​ដើម្បី​បំបែក​ទឹក​ដី​មួយ​នេះ​ចេញ​ពី​អេស្ប៉ាញ ក្លឹប Barcelona បាន​លេង​បិទ​ទ្វារ​ក្នុង​កីឡដ្ឋាន Camp Nouជាមួយ Las Palmas។ ក្លឹប​អ្នក​មាន​បុណ្យ​នឹង​ត្រូវ​លេង​ដោយ​គ្មាន​វត្តមាន​អ្នក​គាំទ្រ​របស់​ខ្លួន​ម្ដង​ទៀត ពេល​ប៉ះ​ជាមួយ​ក្លឹប Atletico Madrid នៅ​ថ្ងៃ​ទី ១៤​តុលា ខាង​មុខ៕

 

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី