អ្នក​រាំក្បាលទូក​ជាផ្នែកមួយ​កំណត់​ការ​​ឈ្នះ​ឬចាញ់​នៅ​ពេល​ប្រ​កួត​

  • 2017-10-08 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​មាន​ការ​ប្រណាំង​ទូក​គេ​តែង​ឃើញ​មាន​នារី ឬ​បុរស​ម្នាក់​នៅ​ខាង​ផ្នែក​ក្បាលទូក​លុតជង្គង់​រាំងពត់ពេន​ទៅ​តាម​ចង្វាក់ និង​មាន​ការ​ស្រែក​បន្ទរពី​​កីឡាករ​អុំ​ទូក​ជាមួយ​គ្នា​ផង។ ការ​តម្រូវ​ឲ្យ​មាន​អ្នក​រាំក្បាល​ទូក​នេះ ត្រូវ​គេជឿង​ថា​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​កីឡាករ​ប្រើ​កម្លាំង​បាន​ស្រុះ​គ្នានៅ​ពេល​ឃើញ​កាយវិការ​រាំពត់ពេន​របស់​អ្នក​រាំ។

ម្យ៉ាង​វិញ​ទៀត​គេ​ក៏​ជឿថា​អ្នក​រាំង​ក្បាលទូកជា​អ្នក​ដែល​ទទួល​បារមីពី​វត្ថុស័ក្តិសិទ្ធិ​ដែល​កំពុង​ថែរក្សា​ទូក​នីមួយ។ លោក ហុន ទន វ័យ​៦០​ឆ្នាំ​ ជាអ្នក​ធ្លាប់​បួស​រៀន​នៅ​ក្នុង​វត្ត​ដែល​​ធ្លាប់​មាន​ទូក​សម្រាប់​ចូល​រួម​ប្រ​ណាំង​ផង​នោះ លើក​ឡើង​ថា​អ្នក​រាំ​ក្បាល​ទូក​គឺជាអ្នក​តំណាង​ឲ្យ​បារមី​ដែល​ថែរក្សា​ទូក​។​

(ស្រ្តីម្នាក់​កំពុង​រាំនៅ​លើ​ក្បាល​ទូក​ដែល​កំពុង​ប្រ​ណាំង​កាលពី​ឆ្នាំ​២០១៦)

លោក​បន្តថា អ្នក​រាំ​ក្បា​លទូក​អាចជាមនុស្ស​ប្រុសក៏បាន ស្រី​ក៏បាន​សម្រាប់ពេលបច្ចុប្បន្ននេះ តែ ថា​កាលពី​ម័យ​លោក​នៅ​ក្មេង​គេយក​តែ​ស្ត្រី​ដែល​មិន​ទាន់​រៀបការ​​ប៉ុណ្ណោះ។​ លោក​បន្តថា អ្នករាំ​ក្បាល​ទូក​ត្រូវ​គេ​យក​មកធ្វើ​ពិធី​ប្រោះ​ព្រុំ និង​ហាត់​រៀនពី​របៀប​រាំ​ ពត់ពេន​ខ្លួនឲ្យត្រូវតាម​ចង្វាក់​មុន​នឹង​ឲ្យ​រាំពេល​ប្រ​ណាំង។

លោក​បន្ថែមថាៈ « ការ​ពិត​រាល់​ទូក-ង​នីមួយៗ​តែង​តែ​មាន​បារមី​តាម​វត្ត​នីមួយៗ​តាម​ឃុំគ្រង​ថែរ​ក្សា​ហើយ​អ្នក​រាំនោះ​ទៀត​សោត​ជាមនុស្ស​ដែល​រីក​រាយ​ និងត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាអ្នក​តំណាង​ឲ្យ​បារមី​​កាន់​ទូក​ដែល​មាន​នៅ​ក្នុង​ចិត្ត​កីឡាករ​គ្រប់ៗ​រូប​ក្នុង​ក្រុម​ទាំង​មូល...ដោយ​គេ​ជឿ​ថា​គាត់​​ជា​មនុស្ស​ដែល​មាន​​​បារមី​នៅ​ជាមួយ ដែល​ជា​បារមី ចេញពី​វត្ត»។

ចំណែក​លោក អៀម ហាន វ័យ​៥០​​ឆ្នាំ ធ្លាប់ជា​កីឡាករប្រ​ណាំង​ទូក​ម្នាក់​នៅខេត្ត​តាកែវ​ លើកឡើង​ថា​អ្នករាំក្បាលទូក​ប្រៀបដូចជាអ្នក​បញ្ជា​វង់ភ្លេច​អ៊ីចឹង​ដែរ ដែលថា​កីឡារប្រ​ណាំង​ទូកទាំងអស់​អុំ​ទៅ​តាម​ចង្វាក់​របស់​អ្នក​រាំ​ក្បាលទូក។

លោក​បន្ថែមថាៈ «បើសិន​ជា​គាត់​ធ្វើ​ឲ្យ​មាន​ការ​ខុស​ឆ្គង​បន្តិច​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​លទ្ធ​ផល​ចាញ់​ឈ្នះ​ទៅ​តាម​ហ្នឹង​ដែរ​...​កីឡាករ​ទាំង​អស់​នៅ​លើ​ទូក​ចាំ​តែ​មើល​លើ​អ្នក​រាំ​ខាង​មុខ​ហ្នឹង​ទេ​ព្រោះ​គាត់​រាំ​បណ្តើរគោះ​ចង្វាក់​បណ្តើរឲ្យ​អ្នក​ទាញ​ចង្វារ​ទូក​ចេញ​ព្រមៗ​គ្នា​»។ ​​​​​

អត្ថបទដោយ៖​ ជិន វេន