ទិដ្ឋភាព​ព្រះចៅស៊ូតង់​ប្រ៊ុយណេ ប្រារព្ធខួបឡើង​គ្រងរាជ្យ ៥០ឆ្នាំ ដង្ហែតាម​រទេះមាស

  • 2017-10-08 02:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​ចៅ​ស៊ូតង់​​ប្រ៊ុយណេ បាន​ប្រារព្ធ​ខួប​ឡើង​គ្រង​រាជ្យ​សម្បត្តិ​រយៈ​ពេល ៥០​ឆ្នាំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ បាន​យាង​លើ​គ្រែ​ស្នែង​មាស​ដ៏​​អស្ចារ្យ​ដង្ហែ​កាត់​ទី​ក្រុង។

​ប្រជារាស្ត្រ​រាប់​ពាន់​នាក់​បាន​ចូល​រួម​អបអរ​​ស្វាគមន៍​តាម​ដង​ផ្លូវ​ស្រែក​ហៅ​ឈ្មោះ​ព្រះចៅ Sultan Hassanal Bolkiah។ ព្រះ​អង្គ ត្រូវ​បាន​គេ​ចាត់​ជា​ស្ដេច​សោយ​រាជ្យ​យូរ​ជាង​គេ​បំផុត​លំដាប់​ទី​ពីរ​លើ​លោក​ បន្ទាប់​ពី​ស្ដេច​ថៃ។

​ព្រះ​ចៅ​អម​ជា​មួយ​​មហេសី​ បាន​ជិះ​លើ​គ្រែស្នែង​ដ៏​ឥត​ខ្ចោះ​មួយ​គ្រឿង ហើយ​សមាជិក​រាជវង្ស​ផ្សេង​ទៀត​ បាន​ធ្វើ​ដំណើរ​​តាម​រថយន្ត Rolls-Royces។ បើ​យោង​ទៅ​តាម​អ្នក​រៀប​ចំ ​ក៏​មាន​ភ្ញៀវ​សំ​ខាន់​ៗ​មក​ពី​ប្រទេស​ដទៃ​ដែរ​ដូច​ជា ប្រធានាធិបតី​​ឥណ្ឌូនេស៊ី លោក​ ចូកូ វីដូដូ, នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណាជីប រ៉ាហ្សាក់, ​មន្ត្រី​ជាន់ខ្ពស់​មីយ៉ាន់ម៉ា លោក​​ស្រី​អ៊ុង សានស៊ូជី និង​ប្រធានាធិបតី​ហ្វីលីពីន ឌូតឺតេ​ជា​ដើម។

ព្រះ​ចៅ​ស៊ូតង់​ អង្គ​នេះ​បាន​គ្រប់​គ្រង​ប្រទេស​ដោយ​ប្រើ​កណ្ដាប់​ដៃ​ដែក រាជា​និយម​ផ្ដាច់ការ​ដោយ​មិន​មាន​ការ​បោះ​ឆ្នោត និង​សន្និសីទ​កាសែត​ដោយ​សេរី ហើយ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​ដោយ​គប់​ដុំ​ថ្ម​ឲ្យ​ស្លាប់។ ខណៈ​ពេល​ប្រជារាស្ត្រ​ចេញ​មក​ស្វាគមន៍ តែ​ព្រះ​ចៅ​តែង​តែ​ត្រូវ​ក្រុម​ស្រលាញ់​សិទ្ធិ​មនុស្ស​រិះ​គន់​ដែរ​ចំពោះ​ច្បាប់​ឥស្លាម​ដ៏​តឹងរ៉ឹង និង​ខ្វះ​ប្រជាធិបតេយ្យ។

ប្រ៊ុយណេ ជា​ប្រទេស​តូច​មួយ​មាន​ប្រជាជន​សរុប​​តែ​ជាង ៤០​ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ជា​ប្រទេស​​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​ជាង​គេ​បំផុត​មួយ​ក្នុង​លោក​ដោយ​សារ​​សំបូរ​ប្រេង​ និង​ឧស្ម័ន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ