ត្រាំ ធ្វើឲ្យពិភពលោកងឿងឆ្ងល់​ពេលបង្ហើបថា មានវិធីតែមួយ អាចដោះ​ស្រាយនឹងគីម ជុងអ៊ុន

  • 2017-10-08 05:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ​បាន​បញ្ជាក់​នៅ​យប់​ថ្ងៃ​សៅរ៍​ថា «​មាន​វិធី​តែមួយគត់​អាច​ដោះ​ស្រាយ​ជាមួយ​កូរ៉េខាងជើង​បាន» ​បន្ទាប់​ពី​រដ្ឋបាល​អាមេរិក​មុន​​ៗ បាន​​ចរចា​​ជាមួយ​ក្រុង​ព្យុងយ៉ាង​​ ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ តែ​គ្មាន​លទ្ធផល។

ដូណាល់ ត្រាំ ​បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ទ្វីតធឺរបស់​ខ្លួន​ថា «ប្រធានាធិបតី និង​រដ្ឋបាល​អាមេរិក​ជា​ច្រើន​ បាន​ចរចា​ជាមួយ​កូរ៉េខាងជើង​អស់​រយៈ​ពេល ២៥​ឆ្នាំ កិច្ចព្រមព្រៀង​ក៏​មាន ​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​ក៏​បាន​ចំណាយ ប៉ុន្តែ​វា​មិន​ដំណើរ​ការសោះ​ កិច្ចព្រមព្រៀង​ត្រូវ​បំពាន ទាំង​ទឹក​ខ្មៅ​ចុះ​ហត្ថលេខា មិន​ទាន់​ស្ងួត ធ្វើ​ឲ្យ​អ្នក​ចរចា​អាមេរិក​វិលមុខ។ សុំ​ទោស ប៉ុន្តែ​មាន​រឿង​តែ​មួយ​គត់ នឹង​ជួយ​ដោះ​ស្រាយ​បាន..!»

មួយ​​ឃ្លា​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​ពិភព​លោក​ចង់​ដឹង​គ្រប់​គ្នា ប៉ុន្តែ​ដូណាល់ ត្រាំ ​មិន​បាន​បញ្ជាក់​លម្អិត​​ថា ​លោក​ចង់​សំដៅ​​លើ​អ្វី​នៅ​ឡើយ​ទេ។ ក្រោយ​មក អ្នក​សារព័ត៌មាន​ជា​ច្រើន​ បាន​សួរ​អំពី​អត្ថន័យ​សារ​ទាំង​នោះ ប៉ុន្តែ​ ដូណាល់ ត្រាំ បាន​ឆ្លើយ​តប​ត្រឹម​ថា​ "​អ្នក​នឹង​ឃើញ​នៅ​ពេល​ឆាប់​ៗ​នេះ"។

អ្នក​កាសែត​បាន​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​រដ្ឋលេខាធិការ​សេតវិមាន​លោក​ស្រី Sarah Sanders ​លោក​ស្រី​មិន​បង្ហើប​អ្វី​ច្រើន តែ​ថា ​ជម្រើស​ទាំង​អស់​កំពុង​ស្ថិត​នៅ​លើ​តុ​ចរចា តែ​មិន​អាច​បរិយាយ​ពេល​នេះ​បាន​ទេ។ ទោះ​មិន​មាន​ការ​លម្អិត​ពី​ខាង​ណា​ក្ដី ប៉ុន្តែ​សារព័ត៌មាន Reuters ​បាន​ផ្សាយ​ថា ​អត្ថន័យ​សារ​​ទាំង​នេះ​ ទំនង​ជា​ចង់​សំដៅ​​​លើ​ការ​អន្តរាគមន៍​យោធា​បន្ថែម​ទៅ​កូរ៉េខាងជើង។

ដូណាល់ ត្រាំ ​ធ្លាប់​មាន​ប្រសាសន៍​ថា អាមេរិក​នឹង​កម្ទេច​កូរ៉េខាងជើង​ទាំង​ស្រុង​បើ​ចាំ​បាច់​ ដើម្បី​ការ​ពារ​ខ្លួន​ឯង និង​ប្រទេស​សម្ព័ន្ធ​មិត្ត​នានា​ពី​ការ​គំរាម​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង។

ការ​បង្ហោះ​សារ​​ខាង​លើ ​គឺ​កើត​ឡើង​​នៅ​ក្រោយ ២​ថ្ងៃ​ នៃ​ប្រសាសន៍​របស់​លោក​​ថា "​អាមេរិក​​នឹង​ធ្វើ​អ្វី​ៗ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ការ​ពារ​បន្ថែម។ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​របប​ផ្ដាច់ការ​គំរាម​​ប្រជាជាតិ​របស់​យើង និង​សម្ព័ន្ធ​មិត្ត​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត​មិន​អាច​ស្រមៃ​ដល់​នោះ​ទេ"៕

រូបភាព​​ផ្ដល់សិទ្ធិ​ដោយ Reuters
រូបភាព​​ផ្ដល់សិទ្ធិ​ដោយ Reuters

ប្រភព៖ CNN | Reuters   ប្រែ​សម្រួល៖ ឡេង ភារុណ