ស្រុក​មេមត់​កំពុងធ្វើ​ទីលាន​កម្រិត​ស្តង់ដារ​ស្មៅ​ធម្មជាតិ​យ៉ាង​ឡូយ​

  • 2017-10-09 03:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីលាន​បាល់ទាត់​ស្រុក​មេមត់​ ដែល​ស្ថិត​ក្នុង​វិទ្យាល័យ​ប៊ុនរ៉ានី​ ហ៊ុនសែន​មេមត់​ត្រូវ​បាន​កំពុង​ ដំណើរ​សាង​សង់​ថ្មី​​លើ​ទីលាន​ចាស់​​​បាន​ប្រមាណ​៦០%​ហើយ។ ទីលាន​នេះ​រៀប​ចំ​ដាំ​ស្មៅ​ធម្មជាតិ​ ​បង្កប់​ប្រព័ន្ធ​លូ​ទឹក​ និង​ដាក់​បង្គោល​ភ្លើង​ដែល​មាន​កម្រិត​ស្តង់ដារ។ នេះ​ជា​គម្រោង​របស់​សាលា​បាល់ទាត់​ជាតិ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ចិន​ ពិសិដ្ឋ​ គ្រូ​បង្វឹក​អាយុ​ក្រោម​១៦​ឆ្នាំ​ ក្នុង​តំបន់​ដែល​ជ្រើស​រើស​ដោយ​ សហព័ន្ធ​​បាល់ទាត់​កម្ពុជា​ បាន​បញ្ជាក់​ថា ក្នុង​ខែ​សីហា​​២០១៧​ កន្លង​មក​ ក្រុម​ការងារ​សាលា​បាល់ទាត់​ជាតិ​ដែល​ដឹក​នាំ​ដោយ​លោក​ OHARA បាន​ចុះ​មក​ជ្រើស​រើស​ថ្នាល​អាយុ​ក្រោម​១៤​ឆ្នាំ​ និង ១៦​ឆ្នាំ​ វគ្គ​ទី​១រួច​រាល់ហើយ។ ពួក​គេ​កំពុង​ធ្វើ​ការ​ហ្វឹក​ហាត់។

បើ​និយាយ​ពី​ប្រវត្តិ​ទី​លាន​វិញ កាល​​ពី​ឆ្នាំ​២០០៧​ ទីលាន​បាល់ទាត់​ស្រុក​មេមត់​ បាន​ដាក់​សម្ពោធ​​ជា​ផ្លូវ​ការ​ជា​មួយ​អគារ​សិក្សា​ទាំង​មូល​ដែល​ជា​អំណោយ​របស់​សម្តេចតេជោ​ ហ៊ុន​ សែន។ ពេល​នោះ​ ទីលាន​បាល់ទាត់​ក្នុង​ទឹក​ដី​ដែល​សំបូរ​ដោយ​ដំណាំ​ហូប​ផ្លែ​មួយ​នេះ​ក្លាយ​ជា​ទីលាន​រដ្ឋ​ធំ​ជាង​គេ​ទី​៣​​បន្ទាប់​ពី​ពហុកីឡដ្ឋាន​អូឡាំពិក​ និងស្តាតចាស់​។​

ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ​​ ពី​ផ្នូរ​កូន​ច្បង​សម្តេច​ ហ៊ុន​ សែន​ ព័ទ្ធ​ជុំ​វិញ​ដោយ​ដើម​ឈើ​ខៀវ​ស្រងាត់​ ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ​២០០០០​នាក់ ទី​លាន​នេះ​ធ្លាប់​ទទួល​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ពាន​ ហ៊ុន​ សែន​ បាន​ម្តង​តាម​រូប​មន្ត​បែង​ចែក​តាម​តំបន់​ ដោយ​កាល​នោះ​មាន​ក្រុមណាហ្គា។

វិស័យ​បាល់​ទាត់​ស្រុក​មេមត់​ មាន​ការ​ផុសផុល​ខ្លាំង​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​ ក្រោម​ការ​ បំផុស​បំផុស​ និង​ដឹក​នាំ​ដោយ​លោក​ ស៊ុន​ គឹមឡេង​ បញ្ជាការ​ប៉េអឹម​រង​ ខេត្ត​ត្បូង​ឃ្មុំ។ លោក​ក៏​មាន​ក្រុម​បាល់ទាត់​ឈ្មោះ​ NADIN FC ដែល​តែ​ដឹក​នាំ​ការ​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​តាម​នានា​ក្នុង​ និង​ក្រៅ​ខេត្ត ​ព្រម​ទាំង​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​នានា​ក្នុង​ស្រុក​មេមត់​នេះ​ផង​ដែរ៕

លោក​ ស៊ុន​ គឹមឡេង​ បញ្ជាការ​ប៉េអឹម​រង​ ខេត្ត​ត្បូង​ឃ្មុំ

 

អត្ថបទ៖ ជាន ចាន់រ៉ា