ទី ពន្លែត ​និង​ង៉ែត្រ រដ្ឋា ​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​១៦​នាក់ចុង​ក្រោយ

  • 2017-10-09 03:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ទី ពន្លែត ​និង​ង៉ែត្រ រដ្ឋា ​បាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​១៦​នាក់​ចុង​ក្រោយ​ហើយ​បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ដៃ​គូ​រៀង​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ TV5 Knock Out Series​។

ទី ពន្លែត ​តតាំង​ជាមួយ ភួង ណាំហុង ​ស្វិតស្វាញ​មែនទែន​គូ​នេះ ដោយ​មាន​​ទៅ​មាន​មក ​ប៉ុន្តែ ពន្លែត ​ហាក់​ធ្វើ​បាន​ល្អ​ជាង ​ដោយ​វាយ​ចូល​បាន​ច្រើន ​ហើយ​ចប់​ការ​ប្រកួត​រូបគេ​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ​បាន​ឡើង​ទៅ​វគ្គ​បន្ដ។ ដោយ​ឡែក​សម្រាប់​១​គូ​ទៀត​ដែរ ង៉ែត្រ រដ្ឋា ​ក៏​ធ្វើ​បាន​ល្អ​ដូច​គ្នា ពោល​គឺ​បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ ជា សំណាង ​បាន​ឡើង​វគ្គ​១៦​នាក់​ដែរ។

ការ​ប្រកួត​ TV5 Boxing Knock Out Series នៅ​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​លេខ៥ ​មាន​កីឡាករ​ចូលរួម​ចំនួន​៣២​នាក់ ​រូវ​ប្រកួត​ជម្រុះ​រហូត​ដល់​រក​ឃើញ​ម្ចាស់​ពាន​រង្វាន់​តែ​ម្ដង​ ហើយ​ការ​ប្រកួត​នេះ​កីឡាករ​រូប​ណា​ចាញ់​ត្រូវ​ធ្លាក់​តែ​ម្ដង​ ដោយ​មិន​មាន​ប្រកួត​សន្សំ​ពិន្ទុ​នោះ​ទេ។​ ដោយ​ការ​ប្រកួត​ទៀត​សោត​ធ្វើ​ឡើង​ត្រឹម​៣ទឹក​ទេ។

ចំពោះ​តម្លៃ​ខ្លួន​វិញ ​នៅ​ត្រឹម​វគ្គ​ជម្រុះតំណាក់​កាល​ទី​១​នេះ​ដែរ ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​១៥០​ដុល្លារ​និង​ចាញ់​ទទួល​បាន​១០០​ដុល្លារ ​ហើយ​ដំណាក់​កាល​បន្ដ​ទៀត ​ឬ​វគ្គ​១៦​នាក់ ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​២០០​ដុល្លារ ​អ្នក​ចាញ់​ទទួល​បាន​១៥០​ដុល្លារ។ ឈាន​ដល់​វគ្គ​៨​នាក់ ​អ្នក​ឈ្នះ​ទទួល​បាន​២៥០​ដុល្លារ ​និង​អ្នក​ចាញ់​ទទួល​បាន​២០០​ដុល្លារ។ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​អ្នក​ឈ្នះ​ទទួល​បាន​៣០០​ដុល្លារ ​និង​អ្នក​ចាញ់​ទទួល​បាន​២៥០​ដុល្លារ។

សម្រាប់​អ្នក​ទទួល​បាន​លេខ​១​វិញ ​នឹង​ទទួល​បាន​ប្រាក់​៤​ពាន់​ដុល្លារ ​អម​ជាមួយ​ពាន​១ ​លេខ​២​ទទួល​បាន​២​ពាន់​ដុល្លារ ​លេខ​៣​ទទួល​បាន​៧៣០​ដុល្លារ ​និង​លេខ​៤​ទទួល​បាន​៥០០​ដុល្លារ៕

អត្ថបទ៖ មុន្នីរម្យ