មានលុយច្រើន ឬមធ្យម គួរខ្ជះខ្ជាយលើ Pre-Wedding ដែរអត់?
- 2017-10-09 09:24:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានលុយច្រើន ឬមធ្យម គួរខ្ជះខ្ជាយលើ Pre-Wedding ដែរអត់?
ចន្លោះមិនឃើញ
មួយជីវិតការម្តង គួរតែមានរូបថត Pre-Wedding ទុកជាអនុស្សាវរីយ៍ពេលចាស់ តែក៏មិនចាំបាច់ត្រូវតែឆ្លងខេត្តឬទៅថតនៅក្រៅប្រទេសនោះទេ បើសិនជាអ្នកចង់ចំណាយតិច។ ជម្រើសមិនមែនថាគ្មាននោះទេ ជួនកាលអាចបានស្អាតជាងផងក៏ថាបាន អ្នកអាចជ្រើសរើសការថតនៅក្នុង Studio ឬនៅជិតៗ កន្លែងដែលអ្នករស់នៅ។
បើតាមឲ្យដឹងពីអ្នកនាង មេឃា ដែលនឹងរៀបនៅខែក្រោយនេះ តែបានថតរូប Pre-Wedding រួចហើយប្រាប់ថាជ្រុលជារៀបការពិធីល្អហើយ មិនគួររំលង ថត Pre-Wedding នោះទេប៉ុន្តែការចំណាយដែលខ្ជះខ្ជាយឥតប្រយោជន៍ច្រើនទើបជាបញ្ហា។
"យើងមិនមែនចេះតែចំណាយនោះទេ ទោះបីជាយើងចង់ក៏ដោយ តែយើងគួរគិតពីតម្លៃបណ្ណាការដែលខាងប្រុសបានផ្ដល់ឲ្យ។ យើងគួររៀបចំយ៉ាងណាឲ្យបានសមរម្យទៅតាមនោះដែរ។ និយាយទៅខ្ញុំមានលុយមិនច្រើនទេ ល្មមអាចថតនៅក្រៅប្រទេសបាន តែគិតចុះឡើង ក៏ដូរចិត្ត។ ខ្វះអីនៅខ្មែរ កន្លែងស្អាតៗម៉ាគគោក ថតមិនអស់ ហើយមិនខ្ជះខ្ជាយផង។ ហើយស្នាដៃអ្នកថត មិត្តខ្ញុំ ស្អាតយកមិនអស់ ចំណាយក៏ធូរថ្លៃដែរ"។ មេឃា បន្ថែម។
គួរចំណាយ និងចំណាយខ្ជះខ្ជាយ តើដូចគ្នាទេ? ប្រាកដណាស់មិនដូចគ្នាទេ យ៉ាងណាមិញជួបជាមួយលោក សុភ័ក្រ អ្នកមានស្រុកកំណើតមកពីខេត្តបាត់ដំបងបានឲ្យដឹងថា វាមិនខ្ជះខ្ជាយទេ បើអ្នកបានគិតគូរពីខ្ទង់ចំណាយច្បាស់លាស់អំពីមង្គលការ។ រូបថត Pre-Wedding វាមានន័យណាស់ ធម្មតាអំឡុងពេលការ មានពិធីច្រើនដែលកូនក្រមុំកំលោះត្រូវរ៉ាប់រង ចឹងគ្មានពេលវេលាឯណាគ្រប់គ្រាន់ថតរូប ទៅតាមអ្វីដែលចង់បាននោះឡើយ។
"បើថត Pre-Wedding យើងមានពេលវេលាច្រើន ចឹងអាចកុម៉្មង់ថាត្រូវថតបែបណា តាមដែលយើងបានគ្រោងទុក ហើយយកទៅកែពណ៌កែអីថែមទៀត កាន់តែស្អាត ចឹងវាក៏ជាអនុស្សាវរីយ៍មួយដែរ។" លោក សុភ័ក្រ បញ្ជាក់មុននេះ។
ជាក់ស្តែងសម្រាប់អ្នកមានសម្បូរហូរហៀរ ការចំណាយក៏អស់ច្រើនទៅតាមនោះដែរ ម្យ៉ាងមួយជីវិតរៀបការម្តង ចំណាយប៉ុណ្ណឹងវាមិនអីដែរ។
"ខ្ញុំគិតថាវាខ្ជះខ្ជាយដែលចំណាយលើការថតរាប់ពាន់ ឬចូលដល់ម៉ឺនដុល្លារជាពិសេសបើថតនៅក្រៅប្រទេស។ តែបើខ្ញុំមានដូចគេខ្ញុំក៏ធ្វើចឹងដែរ បើយើងមានលុយច្រើនហើយ ចំណាយប៉ុណ្ណឹងដើម្បីជាការចងចាំដ៏ល្អមួយជាមួយមនុស្សដែលយើងស្រលាញ់មិនជាបញ្ហា។ គ្រាន់តែថាបើយើងមានលុយល្មមៗ ថតជិតៗ និងយកតម្លៃធូរថ្លៃ គ្រប់គ្រាន់ហើយ ត្រៀមលុយទុករៀបចំពិធីការឲ្យបានល្អវិញ។" មុទិតា គ្រោងរៀបការនៅដើមឆ្នាំ ២០១៨។
ចំណាយតិចឬច្រើនសម្រាប់ការថត Pre-Wedding ជារឿងមួយដែលអ្នកត្រូវគិតគូរឲ្យបានដិតដល់ បើអ្នកមានលុយល្មមៗ មិនគួរថតនៅក្រៅប្រទេសឬទីឆ្ងាយ ដែលត្រូវការចំណាយច្រើននោះទេ៕
នេះជាការយល់ឃើញពី Fan មួយចំនួន ចុះអ្នកទាំងអស់គ្នាវិញ?