មុខ​របរជួសជុល​ច្រ​វ៉ាក់​ម៉ូតូ​រក​ចំណូល​បាន​មិន​ចាញ់​បុគ្គលិក​ក្រុម​ហ៊ុន​មួយចំនួន

  • 2017-10-09 08:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខ​​របរ​ជួសជុល​ច្រវាក់​ម៉ូតូ រាប់​ទុក​ថា​ជា មុខ​របរ​មួយ​ដែល​ធ្វើ​ឲ្យ​រាងកាយអ្នក​ធ្វើការងារ​នេះ​ប្រឡូកប្រឡាក់​បន្តិច តែ​វា​ក៏ជាការងារមួយ​​​ងាយ​ស្រួល​ម្យ៉ាង​បើ​ធៀប​ទៅ​នឹង​​​របរ​ផ្សេង និង​ថែម​ទាំង​អាច​រក​ចំណូលបាន​គ្រាន់​បើផង​ដែរ។

ប៉ិប៉ក់​ៗ ​ជា​សំឡេង​ទង្គិច​​រវាង​ញញួរ និង​ច្រវាក់ ដែល​​លោក​ នុយ សឿន វ័យ​៥៤​ឆ្នាំ កំពុង​ដំ​នៅ​កន្លែង​ជួសជុល​ច្រវ៉ាក់ម៉ូតូ​​​នៅ​ជិត​ស្ពាន​ជ្រោយ​ចង្វារ​​​។ ដក​ឃ្លា​ពី​ការងារ​បន្តិច លោក សឿន ប្រាប់​ថា លោក​បើក​​របរ​​នេះ​៣០​ឆ្នាំ​មក​ហើយ ​ដោយ​ចំណេះ​ចេះ​​ចាំ​តពី​ឪពុក​របស់​លោក​​​​។

(លោក នុយ សឿន កំពុង​អង្គុយ​ជួសជុល​ច្រវ៉ាក់​ម៉ូតូ)

ទោះ​​ប្រាណ​ប្រឡាក់​​ដោយ​ប្រេង​ម៉ាស៊ីនក្តី ប៉ុន្តែ​​លោក​ប្រាប់​ថា មុខ​របរ​នេះ​​ធ្វើ​ឲ្យ​គ្រួសារ​លោក​ រស់​នៅ​បាន​ល្អ​ប្រសើរ ដោយ​មិន​ពឹង​ផ្អែក​លើ​របរ​អ្វី​ផ្សេង។

បុរស​កូន​៤​រូបនេះ​ថា​លោក​​លក់​តែ​ច្រវាក់ដែល​ជួសជុលរួច​ ពោល​គឺ​មិន​មានច្រវ៉ាក់​ថ្មី​ឡើយ។ ច្រវាក់​ម៉ូតូ​ចាស់​​​១​ខ្សែ លោក​ទិញ​ពី​គេ​ក្នុង​​តម្លៃ​ពី៣ ០០០ ទៅ ៤ ០០០​រៀល។ ក្រោយ​ជួសជុល​រួច ​លោក​លក់​ចេញ​បាន​ ១៥ ០០០​រៀល ហើយ​​ក្នុង​១​ថ្ងៃ លោក​​អាច​រក​ចំណូល​​​ជា​​មធ្យម​ពីប្រាំបីម៉ឺន​ទៅ​ជាង ១០ម៉ឺន​រៀល​ ដោយ​មាន​​ម៉ូយ​​ភាគ​ច្រើន ជា​អ្នក​រត់​ម៉ូតូ​ឌុប និង​រ៉ឺម៉ក​កង់​បី ដោយ​ឡែក​អ្នក​ធ្វើ​ការ​ផ្សេង​លោកថា​មាន​ភាគ​តិច​ប៉ុណ្ណោះ។

(សកម្មភាពជួសជុល​ច្រវ៉ាក់​ម៉ូតូ​របស់​លោក នុយ សឿន)

នៅ​តំបន់​ជិត​ស្ពាន​ជ្រោយ​ចង្វារ​​ដើម​ឡើយ លោក​ថា​មាន​ជាង​លក់​និងជួសជុលច្រវ៉ាក់​នេះ​​២៥​កន្លែង ប៉ុន្តែ​​​បច្ចុប្បន្ន​​​លោក​ថា​សល់​តែ​បី​កន្លែង​ប៉ុណ្ណោះ ដោយថាជាង​ទាំងនោះ ​ចេញ​ទៅ​ធ្វើ​ពលករ​នៅ​​កូរ៉េ ត្រង់ចំណុចនេះលោក​ថា​ធ្វើ​ឱ្យ​មុខ​របរ​លោក កាន់​តែ​មាន​អំណោយ​ផល​ល្អ៕

អត្ថបទដោយ៖ ប៊ុនណា សភា

អត្ថបទពេញនិយម