មក​ដឹងពី​ប្រ​វត្តិ​បណ្ណាល័យជា​តិ​ដ៏ចំណាស់ជាងគេទាំងអស់​គ្នា

  • 2017-10-09 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បណ្ណាល័យ​ជាតិ​ ជាបណ្ណាល័យ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា​ ​ត្រូវបាន​កសាង​នៅឆ្នាំ១៩២៤​ ​ដែលមាន​ផ្ទុកឯកសារ​ ​និងសៀវភៅ​សំខាន់ៗ​រាប់​ម៉ឺន​ក្បាល ដែល​សៀវភៅ​ទាំងនោះ​មានទាំង​មុន​ និង​ក្រោយ​សម័យ​ខ្មែរក្រហម​។

លោកស្រី​ ខ្លូត វិបុលឡា ​អ្នក​គ្រប់គ្រង​ទូទៅ​នៃបណ្ណាល័យ​ជាតិ​ ​មាន​ប្រសាសន៍​ថា បណ្ណាល័យ​ជាតិ​មួយនេះ​ បង្កើត​ឡើង​ និងគ្រប់​គ្រង​ដោយ​បណ្ឌិត​សាស្ត្រាចារ្យ​ជនជាតិ​បារាំង​ម្នាក​ក្នុង​សម័យ​អណានិគមបារាំង ​ហើយ​បណ្ណាល័យ​ពេល​នោះមាន​ឈ្មោះ​ថា «បណ្ណាល័យ​កណ្តាល​នៃរាជធានី​ភ្នំពេញ»។​ ​ក្រោយមក​បណ្ណាល័យនេះ​ ​បានផ្ទេរ​ការគ្រប់​គ្រង​មក​ជនជាតិខ្មែរ​វិញនៅ​ពេល​កម្ពុជា​ទទួល​ឯករាជ្យ​ពីអាណា​និគមបារាំង​ និង​ប្ដូរឈ្មោះ​ជា «បណ្ណាល័យជាតិ​កម្ពុជា​» នៅឆ្នាំ១៩៥៤។

លោកស្រី​បន្តថាៈ​ «កាលសម័យ​របបប៉ុលពត​ (ពីឆ្នាំ ១៩៧៥-១៩៧៩) ​យើងដឹង​ហើយថា​ បណ្ណាល័យ​មួយនេះ​ ត្រូវរងការ​បំផ្លិចបំផ្លាញ​ ហើយ​សៀវភៅ​ និង​ឯកសារ​ច្រើន​ត្រូវបាត់បង់... ក្រោយ​រំដោះ​សម័យ​ប៉ុល ពតរួច​ ​បណ្ណាល័យ​នេះបាន​បើកជា​ថ្មីនៅឆ្នាំ​ ​១៩៨០ យើង​មាន​សៀវភៅ​នៅសេសសល់​បច្ចុប្បន្ន​ប្រមាណ​ ២៣ ០០០ក្បាល ​ដែលជាភាសា​ខ្មែរនៅសល់​ ១ ២០០ចំណង ជា​ភាសាបារាំង​និយាយ​ពីខ្មែរ ​មាន ៤០០​ចំណងជើង ​ឥណ្ឌូចិន​មាន​ ​កម្ពុជា ​វៀតណាម ​ឡាវ​...មានជាង​ ​១០០០​ចំណងជើង​ ...​មានសៀវភៅ​ប្រវត្តិសាស្ត្រ​ សារ​បេតិកភណ្ឌ​របស់បារាំង​ពាក់ព័ន្ធ​នឹងសេដ្ឋកិច្ច ​ទេសចរណ៍​ វប្បធម៌​គ្រប់​បែបយ៉ាង​»។

ក្រៅពី​សៀវភៅ​បណ្ណាល័យ​ជាតិនេះ​ ​ក៏បន្តរក្សា​ទុកនូវ​កំណត់ត្រា​របស់ខ្មែរ​ពីដើម​រហូត​មកដល់​សព្វថ្ងៃនេះ​ដូចជា​ សាស្ត្រា​ស្លឹករឹត​ ក្រាំង ​ដែល​មាន​អាយុ​តាំង​ពីសតវត្សទី​១៨ និង១៩ ​។

យ៉ាងណាមិញ ការផ្គត់ផ្គង់សៀវភៅនៅក្នុងបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកអាននៅឡើយ បើទោះបីក្រសួងអប់រំ ឧបត្ថម្ភថវិកាចំនួន ១៥លានរៀលរៀងរាល់ឆ្នាំ សម្រាប់ទិញសៀវភៅថ្មីៗ ផ្គង់ផ្គត់ក្នុងបណ្ណាល័យបន្ថែមក៏ដោយ។ លោក​ស្រីបន្ថែម​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី