Ford ផ្ដល់​ប្រាក់ ២៥ ០០០ដុល្លារ សង់​អណ្ដូង​ទឹក​ដល់​អ្នក​កំពង់ស្ពឺ និង​ត្បូងឃ្មុំ

  • 2017-10-10 05:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

RMA Cambodia តំណាង​នាំចូល និង​ចែកចាយ​ផ្ដាច់​មុខ​រថយន្ត Ford ប្រចាំ​កម្ពុជា បាន​ផ្ដល់​មូលនិធិ​ទឹកប្រាក់ ២៥ ០០០ដុល្លារ ដល់​អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ​សង្គម (KYSD) ក្រោម​ជំនួយ​ឧបត្ថម្ភ​នៃ​មូលនិធិ​អភិរក្ស និង​ការពារ​បរិស្ថាន​ជា​សកល​របស់ Ford (Ford Conservation and Environmental Grants Initiative)។

មូលនិធិ​នេះ អាច​ឲ្យ KYSD សាងសង់​អណ្ដូង​ទឹក១៦ នៅ​ខេត្ត​កំពង់​ស្ពឺ និង​ត្បូង​ឃ្មុំ ដើម្បី​ផ្ដល់​ទឹក​ស្អាត​ដល់​ប្រជាជន​រស់នៅ​ក្នុង​តំបន់ និង​ជួយ​កាត់​បន្ថយ​ការ​លំបាក​ប្រចាំ​ថ្ងៃ ដោយ​អណ្ដូង​ទាំង​នេះ នឹង​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​មនុស្ស​ជាង ១ ២០០នាក់ (ជាង២០០គ្រួសារ)។

លោក សេង វឹង នាយក​គ្រប់​គ្រង​ផ្នែក​រថយន្ត Ford បាន​និយាយ​ថា​៖ "រៀង​រាល់​ឆ្នាំ យើង​បាន​សហការ​ជាមួយ​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ ក្នុង​ការ​ស្វែង​រក​សហគមន៍​ជន​បទ​ដែល​កំពុង​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ ហើយ​យើង​ប្រឹងប្រែង​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ដល់​ប្រជាជន​ក្នុង​តំបន់​នោះ"។

Ford ក៏​បាន​ចូលរួម​ចំណែក​ជាមួយ KYSD ដើម្បី​សាងសង់​បណ្ណាល័យ​មួយ​ខ្នង​ក្នុង​ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូង​ឃ្មុំ ដោយ​បណ្ណាល័យ​នេះ នឹង​ក្លាយ​ជា​កន្លែង​សិក្សា និង​ស្រាវ​ជាវ​សម្រាប់​សិស្ស​ជាង ៦០០នាក់​ក្នុង​តំបន់​នោះ។

KYSD ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ​ដែល​មាន​គោល​បំណង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ដោយ​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ធ្វើការ​សម្រប​សម្រួល​ជាមួយ​អ្នកដទៃ ដើម្បី​នាំ​យក​ការ​អភិវឌ្ឍន៍​ទៅ​តំបន់​ដាច់​ស្រយាល។

គម្រោង​មូលនិធិ​អភិរក្ស និង​ការពារ​បរិស្ថាន​របស់ Ford បាន​បង្កើត​តាំងពី​ឆ្នាំ១៩៨៣ ដើម្បី​ជំរុញ​បុគ្គល និង​អង្គការ​នានា​ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​លើ​គម្រោង​ផ្សេងៗ ព្រមទាំង​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ស្រលាញ់ និង​ការពារ​បរិស្ថាន​ក្នុង​សហគមន៍​ពួកគេ៕

ដោយ៖ វិទូ

អត្ថបទពេញនិយម