មិន​បាច់​ចូល​ហាង​ក៏​បាន ៣​កន្លែង​នៅ​ភ្នំពេញលក់​ខោអាវ​ស្អាតៗ​ហើយ​ថោក​ទៀត

  • 2017-10-10 07:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើរ​ផ្សារ​ទិញ​ខោអាវ​ជា​រឿង​​ដ៏​ពេញ​និយម​មួយ​សម្រាប់​យុវវ័យ​ មិន​ថា​បុរស ឫ​នារី​នោះ​ទេ។ ប៉ុន្តែ​ភាគ​ច្រើន​ពេល​ដើរផ្សារ​ម្ដង​ៗ មិន​ថា​អ្នក​ណា​ក៏​ចង់​រក​កន្លែង​លក់​សំលៀក​បំពាក់​ស្អាតៗ ហើយ​ថោក​ដែរ ជា​ពិសេស​អាច​ត​ថ្លៃ​បាន​ទៀត។ ថ្ងៃ​នេះ​ Sabay សូម​នាំ​ប្រិយ​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា មក​ស្គាល់​កន្លែង​លក់​ខោអាវ​ស្អាត​ ៣​កន្លែង​នៅ​ភ្នំពេញ ល្បី​សម្បូរ​ម៉ូត​ស្អាត​ៗ និង​តម្លៃ​សមរម្យ​ដូច​ខាង​ក្រោម​នេះ៖

១. កាច់​ជ្រុង​ផ្សារ​បឹង​កេងកង

បើ​ជិះ​កាត់​ផ្លូវ​នៅ​ក្រោយ​វិទ្យាល័យ​បឹង​កេង​កង នៅ​កាច់​ជ្រុង​ជិត​ផ្សារ​តែ​ម្ដង​ប្រិយ​មិត្ត​នឹង​ឃើញ​ តូប​លក់​សំលៀក​បំពាក់​ជា​ច្រើន​តាំង​លក់​រយីងរយោង​មាន​គ្រប់​ម៉ូត ជា​ពិសេស​សំលៀក​បំពាក់​របស់​បុរស។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​លក់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា នៅ​ទី​នេះ​មាន​លក់​សំលៀក​បំពាក់​គ្រប់​ម៉ូត​មិន​ថា អាវ​ក្រណាត់​ អាវ​យឺត ខោ​ខោវប៊យ​ជើង​វែង​ជើង​ខ្លី ខោ​ក្នុង។ល។

សំលៀក​បំពាក់​ទាំង​នោះ​ត្រូវ​បាន​អ្នក​លក់​ប្រាប់​ថា ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​ថៃ ហុង​កុង​ជា​ដើម។ ក្រៅ​ពី​នោះ​សំលៀក​បំពាក់​ខ្លះ​គឺ​ផលិត​នៅ​ប្រទេស​កម្ពុជា​ផ្ទាល់ ប៉ុន្តែ​សុទ្ធ​តែ​សាច់​ក្រណាត់​ល្អ។ ចំណែក​តម្លៃ​ទាប​បំផុត​ត្រឹម ៣ ឫ​ ៤​ដុល្លារ ហើយ​ចំពោះ​តម្លៃ​ខ្ពស់​បំផុត​ត្រឹម​ ២០​ដុល្លារ​ប៉ុណ្ណោះ និង​អាច​តថ្លៃ​បាន​ទៀត​ផង។

២. ក្រោយ​ក្រសួង​ដែន​ដី​នៅ​កាច់​ជ្រុង​ផ្សារ​បឹង​ត្របែក

ចុះ​ពី​ផ្លូវ​មុនីវង្ស​ចូល​តាម​​ច្រក​ផ្លូវ​នៅ​ជាប់​ក្រសួង​ដែន​ដី ជិះ​ទៅ​ត្រង់​បន្តិច​ប្រិយមិត្ត​នឹង​ឃើញ​កន្លែង​លក់​សំលៀក​បំពាក់​ជា​ច្រើន​នៅ​ជាប់​នឹង​ផ្លូវ​សុទ្ធ​តែ​ខោអាវ​ស្អាតៗ។ បើ​តាម​អ្នក​ស្រី​យ៉ា ជា​អ្នក​លក់​​សំលៀក​បំពាក់​នៅ​ទីតាំង​នេះ​ប្រាប់​ថា ​នៅ​កន្លែង​នេះ​មាន​ខោ​អាវ​គ្រប់​ម៉ូត​ គ្រប់​ជម្រើស គ្រប់​ពណ៌ សាច់​ក្រណាត់​ល្អ​ៗ និង​នាំ​ចូល​ពី​ប្រទេស​ថៃ ហុង​កុង មិន​ចាញ់​ក្នុង​ហាង​ទេ។

ចំណែក​ឯ​តម្លៃ​វិញ​អ្នក​លក់​សំលៀក​បំពាក់​ខាង​លើ​ប្រាប់​ថា តម្លៃ​ធូរ​ជាង​ក្នុង​ហាង​មាន​ចាប់​ពី ៣​ដុល្លារ​រហូត​​ដល់ ២០​ដុល្លារ​អាស្រ័យ​ទៅ​លើ​ម៉ូត និង​សាច់​ក្រណាត់ ប៉ុន្តែ​អាច​ត​ថ្លៃ​បាន​នៅ​ត្រឹម ១៤ ទៅ​ ១៥​ដុល្លារ​ប៉ុណ្ណោះ។ ​

៣. នៅ​ខាង​កើត​វត្ត​ភ្នំពេញ​ជិត​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​

ចំណែក​កន្លែង​លក់​សំលៀក​បំពាក់​ទី​៣​នេះ​វិញ ក៏​សម្បូរ​មិន​ធម្មតា​ដែរ ប៉ុន្តែ​ភាគ​ច្រើន​មាន​លក់​ខោអាវ​ជជុះ​ប៉ុន្តែ​សុទ្ធ​តែ​ក្បាល​គីប មិន​ចាញ់​ថ្មី​ប៉ុន្មាន​ឡើយ។ អ្នក​លក់​សំលៀក​បំពាក់​នៅ​ម្ដុំ​នោះ ប្រាប់​ថា ភាគ​ច្រើន​អ្នក​មិន​សូវ​សម្បូរ​លុយ​ គេ​ចូលចិត្ត​មក​ទិញ​ណាស់ ព្រោះ​ធូរ​ថ្លៃ​ហើយ​ពាក់​បាន​ដូច​គ្នា។ ចំពោះ​តម្លៃ​ខ្ពស់​បំផុត​ត្រឹម ៣ ទៅ​ដុល្លារ ចំណែក​ឯ​តម្លៃ​ទាប​បំផុត​ត្រឹម ៥០០​រៀល​ក៏​មាន​ដែរ៕​​

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម