Zlatan​ ​អាច​នឹង​ចូល​លេង​បាន​វិញ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ

  • 2017-10-10 12:00:54
  • ចំនួនមតិ

ចន្លោះមិនឃើញ

បើ​តាម​សារព័ត៌មាន​អង់គ្លេស​ ​Mirror​ ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​ ​Zlatan Ibrahimovic អាច​នឹង​ជា​ពី​របួស​ជង្គង់​របស់​ខ្លួន​ ​ហើយ​អាច​ចូល​លេង​ឲ្យ​​ក្លឹប​បិសាច​ក្រហម​ ​Manchester United​ ​វិញ​នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ។

បើ​យោង​តាម​សារព័ត៌មាន​​អង់គ្លេស​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​ព្យាបាល​របួស​ជង្គង់​របស់​ខ្សែ​ប្រយុទ្ធ​ ​Zlatan​ ​មាន​ភាព​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់​សម្គាល់​ ​ដែល​កត្តា​នេះ​ហើយ​ធ្វើ​ឲ្យ​ការ​ត្រលប់​ជា​ពី​របួស​នៃ​កីឡាករ​វ័យ​ ​៣៦​ឆ្នាំ​រូប​នេះ​មាន​សភាព​លឿន​ជាង​ការ​រំពឹង​ទុក​ ​ពោល​គឺ​ត្រឹម​ខែ​ធ្នូ​ប៉ុណ្ណោះ​អាច​នឹង​ចូល​លេង​បាល់​បាន​វិញ​ហើយ។ Zlatan កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​បាន​និយាយ​ដែរ​ថា៖ "ខ្ញុំ​បាន​ខិត​ខំ​ហ្វឹកហាត់​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ឆាប់​ជា​ពី​របួស​វិញ"។ ខ្សែ​ប្រយុទ្ធ​កណ្ដាល​ចាស់​វស្សា​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​ដឹង​ថា​វា​ជា​ការ​លំបាក ប៉ុន្តែ​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ខ្ពស់​ណាស់។ នៅ​ពេល​ដែល​ខ្ញុំ​ដាក់​ចិត្ត​សម្រេច​គោល​ដៅ​អ្វី​មួយ​ហើយ គ្មាន​អ្វី​អាច​រារាំង​ខ្ញុំ​បាន​ទេ"។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា​ ​Zlatan​ ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​ ​កាល​ពី​ខែ​មេសា​ ​ឆ្នាំ​នេះ​ ​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ ​អវត្តមាន​ក្នុង​ការ​ចូល​លេង​ការ​ប្រកួត​រហូត​ដល់​ពេល​បច្ចុប្បន្ន។ ទោះ​ជា​កំពុង​តែ​សម្រាក​ព្យាបាល​របួស​បែប​នេះ​ក្ដី ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូប​នេះ​ទើប​តែ​បាន​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​បិសាច​ក្រហម​នា​ខែ​សីហា​កន្លង​ទៅ​នេះ ហើយ​នឹង​ពាក់​អាវ​លេខ​ ១០​ក្នុង​រដូវ​កាល​ថ្មី​នេះ៕

ចុចអាន៖


ប្រភព៖ Mirror ប្រែសម្រួល៖ ហ៊ីម រស្មី