បុរសខ្មែរឥស្លាម ​ប្រើពេល​ជាងពាក់កណ្ដាលជីវិត នៅលើទូកនេសាទ

  • 2017-10-11 06:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អណ្ដែត​ឃ្លេង​ឃ្លោងៗ​លើ​ផ្ទៃ​ទឹក​ទន្លេសាប​ មុខព្រះ​បរមរាជវាំង​ បុរស​ខ្មែរ​ឥស្លាម​វ័យ៥៨​ឆ្នាំ​ម្នាក់​ បាន​អង្គុយ​លើ​ទូក​រៀប​រាប់​ពីខ្សែ​ជីវិត​របស់​ខ្លួន​ថា​ លោក​រស់​នៅ​លើ​ទូក​តាំង​ពី​បឋមវ័យ​មក​ម្លេះ ​ព្រោះ​ថា​​មិន​មាន​ផ្ទះ​សម្បែង​​ ហើយ​បាន​ចាប់​របរត​ពីដូន​តា ​ជា​អ្នក​នេសាទ​នេះ​រៀង​រហូត​មក​។

អ្នក​នេសាទ​ខ្មែរ​ឥស្លាម​រូបនេះ​ មាន​ឈ្មោះថា​ ជ្រេស រូន។ កំពុង​ជួស​ជុលទូក ​និង​ឧបករណ៍​នេសាទ​ លោក ​ជ្រេស រូន និយាយ​ថា របរ​នេសាទ​តូច​តាច​របស់​លោក​សព្វ​ថ្ងៃ​នេះ ​សឹង​មិន​អាច​ទ្រទ្រង់​ជីវ​ភាព​គ្រួ​សារ​បាន​ទេ  ដោយ​ថា​ចំនួនត្រី​កាន់​តែ​តិច​ទៅៗ​។ ក្នុង​មួយ​ថ្ងៃ ​រាប់តាំង​ពី​ព្រលឹម​ដល់​ល្ងាច​ លោក​ថា​រក​ចំណូល​បាន​ពីពីរម៉ឺន ទៅប្រាំម៉ឺន​រៀល​ប៉ុណ្ណោះ​យ៉ាងច្រើន។

(លោក​ ជ្រេស ​រូន កំពុង​ជួស​ជុល​ទូករបស់​លោក)

ចំណែក​ប្រាក់​ដែល​រក​បាន ​លោក​ថា​ត្រូវ​ចំណាយ​លើ​ប្រេង​ម៉ាស៊ីន​ទូក ​សង​បំណុល​ដែល​ខ្ចី​ទិញ​អង្ករ​ និង​ទុក​ជួស​ជុល​ឧបករណ៍​នេសាទ ​រួមមាន​ មង ​សំណាញ់ ​ចារ៉ា ​ជាដើម ​ពោល​ប្រាក់​ដែល​រក​បាន​ គ្មាន​នៅ​សល់​នោះ​ឡើ​យ​។ លោក​ ជ្រេស ​រូន និង​ភរិយា គឺ​អ្នក​ស្រី ​សារ៉ស់ ​បាន​ចាប់​ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​តាំង​ពី​ឆ្នាំ​១៩៨៤ ហើយ​មាន​កូន​ប្រុសស្រី​៨នាក់​។ បច្ចុប្បន្ន​កូន​ទាំង​៨​បាន​រៀប​ការ ​និង​បែក​ចេញ​ពី​​លោក​អស់​ហើយដែរ​។

(លោក​ ជ្រេស ​រូន និង​ភរិយា គឺ​អ្នក​ស្រី ​សារ៉ស់ កំពុង​អង្គុយ​នៅ​លើ​ទូក​របស់​គាត់)

ទូក​តូច​យោល​យោគ​ទៅ​មក​តាម​រលក​ទឹកទន្លេ​ ប្រឡាក់​ជាប់​ដោយក្លិន​មច្ឆា​ គឺ​ជាទី​អាស្រ័យ​អចិន្ត្រៃយ៍​របស់​ប្ដី​ប្រពន្ធអ្នក​ទាំង​ពីរ​។ នេះ​​បើ​តាម​ការរៀបរាប់​រ​បស់​លោក ​ជ្រេស ​រូន​។ របរ​នេសាទ​នេះ ​ មិន​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​លោក​ថានឹងអាចសល់​ប្រាក់​ខ្លះ ដើម្បី​ទិញ​ដី​ធ្វើ​ផ្ទះ​នឹង​គេ​បាន​ឡើយ តែ​យ៉ាងណា​ក៏ដោយ​ លោក​នៅ​តែ​ខំ​ព្យា​យាម​ទាំង​ថ្ងៃ​ទាំង​យប់ ​ដើម្បី​រក​ចំណូល​ប្រ​ចាំ​ថ្ងៃ។ លោក​ ជ្រេស រូន បន្ថែម៕

អត្ថបទ​ដោយ៖ ឈិន ធារ៉ាត់