​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថា​រៀនមុខ​វិជ្ជាធ្វើ​ម្ហូប​ អាច​ធ្វើការ​ឆ្លង​ប្រទេស​

  • 2017-10-11 07:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​ឲ្យ​ដឹងថា​ ​សហគមន៍​អឺរ៉ុប​ ​នៅបន្តផ្ដល់ជំនួយសម្រាប់​​ពាណិជ្ជកម្ម​ (AfT) ​ដើម្បីគាំ​ទ្រវិស័យ​សំខាន់ៗ​ចំនួន៥​ ដែល​មកទល់​បច្ចុប្បន្ន​ជំនួយនេះ​ មានទំហំ​រហូដល់​ ៧,៥លាន​ដុល្លារ។ ​​ក្នុងនោះ​លោក​ថា​វិស័យ​បដិសណ្ឋារកិច្ច​ ​ជាវិស័យ​រីកចម្រើន​ខ្លាំងក្លា​​របស់​កម្ពុជា​ ដែល​បានផ្ដល់​នូវចំណូល​ដល់​សេដ្ឋកិច្ចជាតិ​ និង​ការងារ​ដល់​ប្រជាពលរដ្ឋ​ខែ្មរជា​ច្រើន​ម៉ឺន​នាក់។​

(ឯកឧត្តម ប៉ាន សូរស័ក្ដិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម)

ក្នុង​ពិធី​បើកកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ភិបាល​នៃកម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​ (EIF)​ លើកទី២៥​ នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ព្រឹក​មិញ​ ឯកឧត្តម ប៉ាន សូរស័ក្ដិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​ថ្លែងថា​ សហគមន៍អឺរ៉ុប​ បានផ្តល់​ AfT ​ដើម្បី​គាំទ្រ​ចំពោះវិស័យ​សំខាន់ៗ​ចំនួន៥​ ដូចជា​ វិស័យ​ស្រូវអង្ករ ​សូត្រប្រណិត​ ដំឡូងមី ជលផលសមុទ្រ​ និងវិស័យ​បដិសណ្ឋារ​កិច្ច​។

(រូបភាពពី វិទ្យាស្ថានម្ហូបអាហារ កម្ពុជា)

ឯកឧត្តមមាន​ប្រសាសន៍ថាៈ​ «​បច្ចុប្បន្ន​យើងបាន​ជោគជ័យ​មួយ យើង​ទើប​បង្កើតនោះ​គឺវិទ្យាស្ថានម្ហូប​អាហារកម្ពុជា​ ​ដែល​យើងបាន​ប្រើមូលនិ​ធិEIFនេះ​ ​ការបោះទុន​បង្កើត​វិទ្យាស្ថាននេះ​មាន​ចំនួន​តិចតួច​ តែ​រដ្ឋាភិបាល​បាន​ជម្រុញ​ឲ្យសកម្មភាព​សាលានេះ​អាចរស់​ដោយខ្លួនឯង​ ​តាមរយៈ​ការយក​តម្លៃសិក្សា​»។ អ្វីដែល​ជាសំខាន់​ឯឧត្តមថា ការបង្កើត​សាលាបង្រៀន​ធ្វើម្ហូប​ជាផ្នែកមួយ​នៃវិស័យ​បដិសណ្ឋារ​កិច្ចដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ ដែល​នឹងជួយ​ប្រជាជន​ខ្មែរ​មានជំនាញ​ធ្វើម្ហូប​ ​អាចប​ម្រើការក្នុង​សណ្ឋាគារ​ធំៗ ទទួល​បាន​ចំណូលខ្ពស់​ និង​មាន​សញ្ញាបត្រស្មើ​ប្រទេស​ក្នុង​តំបន់អាស៊ាន​។ ​ឯកឧត្តម​បញ្ជាក់ថាៈ​ ​«បងប្អួន​ដែលមាន​សញ្ញាបត្រ​ធ្វើម្ហូប​ពីវិទ្យាស្ថាន​នេះ អាចទៅ​ធ្វើការងារ​នៅប្រទេស​ដទៃក្នុង​តំបន់អាស៊ាន​ ដែល​អាច​បម្រើការ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយប្រាំ​ ទទួល​បាន​ចំណូល​​ខ្ពស់»។

ក្នុងឱកាស​នោះ​ ឯកឧត្តម​ ហ្សច អេតហ្គា ​ឯកអគ្គរដ្ឋ​ទូតអឺរ៉ុប​ប្រចាំនៅកម្ពុជា ​ ​បានថ្លែង​ថា សារៈសំខាន់​នៃជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ (AfT) ដើម្បី​ធានានិរន្តរ​ភាពសេដ្ឋកិច្ច ​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​ប្រទេសអភិវឌ្ឍន៍តិចតួច​​ (LDCs) ​ហើយចាប់​តាំងពីឆ្នាំ​២០០៧ ​ដល់២០១៥ ​សហគមន៍អឺរ៉ុប ​និង​រដ្ឋសមាជិក​ បាន​ផ្តល់​ AfT ​ដល់ប្រទេស​ LDCs ​ចំនួន ៩៦,៨ប៊ីលានអឺរ៉ូ ​ដែលចំនួន​នេះ ស្មើនឹង ​១/៣ ​នៃទឹក​ប្រាក់ AfT ពិភពលោក​។ ​លើសពីនេះ​ សហគមន៍​អឺរ៉ុប​ក៏បាន​អនុញ្ញាតឲ្យ​ប្រទេស​ LDCs ចំនួន ៤៧ ​រួមទាំង​កម្ពុជា អាចនាំ​ចេញទំនិញ​ ទៅកាន់​ទីផ្សារអឺរ៉ុប ​ក្រោម​ប្រព័ន្ធ​អនុគ្រោះព័ន្ធ​ “អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)” ចាប់​តាំង​ពីឆ្នាំ ​២០០១​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម